ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើអង្គការ AEA ជួយស្រ្តីមានពិការភាពឱ្យក្លាយជាម្ចាស់អាជីវកម្មតាមរបៀបណា?
25, Jun 2023 , 10:29 am        
រូបភាព
លោក ម៉ៅ យ៉ែ  នាយកគម្រោង (CO-SAVED) នៃអង្គការ AEA   និងរូបភាពផ្នែកពាក់ព័ន្ធទាំងអស់  រូបភាពពី៖  អង្គការ AEA និងសារព័ត៌មានថ្មីៗថតផ្ទាល់តែម្តង FRONT
លោក ម៉ៅ យ៉ែ នាយកគម្រោង (CO-SAVED) នៃអង្គការ AEA និងរូបភាពផ្នែកពាក់ព័ន្ធទាំងអស់ រូបភាពពី៖ អង្គការ AEA និងសារព័ត៌មានថ្មីៗថតផ្ទាល់តែម្តង FRONT
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ នាយកគម្រោង (CO-SAVED) នៃអង្គការ AEA  លោក ម៉ៅ យ៉ែ ប្រាប់សារព័ត៌មានថ្មីៗថា មួយក្នុងចំណោមបេសកកម្មជាច្រើនរបស់អង្គការគឺការជួយបង្កើតឱ្យមានសហគ្រិនភាពនៅតំបន់ជាប់មាត់សមុទ្រ ដែលពួកគាត់ជាស្រ្តីមានពិការភាព។ នាយកគម្រោងខាងលើនេះ ក៏ប្រាប់ពីយុទ្ធសាស្រ្តសំខាន់បួន ក្នុងការជួយដល់បងប្អូនស្រីមានពិការភាពទាំងនោះរួមមាន ទី១ជាការកសាងនូវជំនាញទន់, ការស្វែងយល់ពីផែនការអាជីវកម្ម, ការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាហិរញ្ញវត្ថុទាំងមូល និងការចូលរួមថវិកាបដិភាគពីអង្គការ ដោយសហការ ជាមួយ ស្រ្តីមានពិការភាពទាំងនោះតែម្តង។ល។

 
លោក ម៉ៅ យ៉ែ  នាយកគម្រោង (CO-SAVED) នៃអង្គការ AEA   ក្នុងបទសម្ភាស ជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់ សារព័ត៌មានថ្មីៗ

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក ម៉ៅ យ៉ែ នាយកគម្រោង  (CO-SAVED) នៃអង្គការ AEA ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 


 
កញ្ញា សុង សុធាវី៖ នាងខ្ញុំចាប់អារម្មណ៍ លើបេសកម្មមួយរបស់អង្គការ  AEA ដែលជួយឱ្យស្រ្តីមានពិការភាពមួយចំនួន នៅតំបន់មាត់សមុទ្រក្លាយឱ្យជាម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម តើលោកធ្វើដូចម្តេចខ្លះ?
 
លោក ម៉ៅ យ៉ែ៖ សម្រាប់ការងាររបស់គម្រោង (CO-SAVED) យើងធ្វើការ ជាមួយ ស្ថាប័នចំនួន ៤២ ដែលយើងធ្វើការជាមួយអង្គការសង្គម AJEL ហើយនេះជាគម្រោងមួយសំខាន់ ក្នុងការជួយបងប្អូនមានពិការភាពទាំងនោះ ឱ្យគាត់សម្រេចដល់គោលដៅ។ អ៊ីចឹងហើយ យើងធ្វើការបណ្តុះបណ្តាលទៅកាន់ពួកគាត់តាមរយៈវិធីសាស្រ្តសំខាន់បួនគឺ ទី១ យើងកសាងឱ្យពួកគាត់មានជំនាញទន់ ក៏ដូចជា ការទំនាក់ទំនងជាដើម។ ឯទី២ យើងបង្រៀនឱ្យគាត់យល់ពីការបង្កើតផែនការអាជីវកម្ម ដែលនេះជាចំនុចសំខាន់ណាស់ មិនថាតែអាជីវកម្មខ្នាតតូច ឬ យ៉ាងណាទេ សម្រាប់ពួកគាត់។ រីឯចំនុចទី៣ គឺការគ្រប់គ្រងអាជីវកម្មទាំងមូល ក៏ដូចជាថវិកាតែម្តង ព្រោះអាជីវកម្មជោគជ័យ ឬ បរាជ័យក៏អាស្រ័យលើចំនុចនេះដែរ។ ចំណែកចុងក្រោយ គឺយើងចូលរួមជួយជាថវិកា ក្នុងការវិនិយោគជាមួយបងប្អូនជាស្រ្តីមានពិការភាពទាំងនោះ ក្នុងន័យជួយជ្រោមជ្រែង ទាំងចំណេះ ជំនាញ និងដើមទុន សម្រាប់ពួកគាត់អាចដំណើរការការងារហ្នឹងបាន។  
 
កញ្ញា សុង សុធាវី៖ ស្តាប់មើលទៅ ឃើញថាអង្គការយកចិត្តទុកដាក់ជួយពួកគាត់ច្រើន តើការសហការលើកញ្ចប់ថវិកា រវាងអង្គការ និងបងប្អូនជាស្រ្តីមានពិការភាពទាំងនោះអាចដំណើរការដូចម្តេច ហើយពួកគេចាប់ផ្តើមដឹកនាំអាជីវកម្មក្នុងដៃតាមរូបភាពបែបណាខ្លះ? 
 
លោក ម៉ៅ យ៉ែ៖  ជាទូទៅ មុននឹងផ្តល់កញ្ចប់ថវិកាជួយដល់បងៗជាស្រ្តីមានពិការភាពទាំងនោះ យើងមានធ្វើការយ៉ាងជិតស្និទ ជាមួយ អង្គការសង្គម AJEL ក្នុងការសិក្សាពីផែនការអាជីវកម្មរបស់គាត់ តើវារឹងមាំដែរទេ? បើសិនក្នុងករណីរឹងមាំ តើត្រូវការកញ្ចប់ថវិកាប៉ុន្មាន សម្រាប់ Start up? ( បង្កើតថ្មី) មួយទៀត តើគាត់មានទុនប៉ុន្មាន សម្រាប់ចូលរួមជាមួយអង្គការ? ជាទូទៅ អង្គការ AEA យើងគណនា ជាមធ្យម ស្មើនឹង ៥០០ដុល្លារ សម្រាប់ជួយដល់អាជីវកម្មមួយ តែយើងក៏ទាមទារឱ្យមានការចូលរួមពីបងៗទាំងអស់នោះដែរ ដើម្បីធ្វើការងារទាំងនេះ ទៅមុខដោយរលូនជាមួយគ្នា។ កាលណាមានការចូលរួមជាមួយគ្នា នោះអាជីវកម្មហ្នឹង នឹងមាននិរន្តរភាព ហើយអាចបន្តទៅមុខបានយូរអង្វែង។ 

លោក ម៉ៅ យ៉ែ  នាយកគម្រោង (CO-SAVED) នៃអង្គការ AEA   រូបភាពរបស់ សារព័ត៌មានថ្មីៗ 
កញ្ញា សុង សុធាវី ៖ ចំនុចដែលអាចទៅមុខបានជាមួយគ្នាយូរអង្វែង គឺជាអ្វី ដែលទាំងអស់គ្នាចង់បាន តើរយៈពេលប៉ុន្មាន ដែលអង្គការជួយពួកគាត់ ហើយទំហំអាជីវកម្មនោះកម្រិតណាដែរ?
 
លោក ម៉ៅ យ៉ែ៖ អាជីវកម្ម ដែលយើងធ្វើជាមួយគាត់នោះ គឺខ្នាតតូច អាចនិយាយបានថា​ជាលក្ខណៈគ្រួសារ ដោយសាតែពួកគាត់ជាជនមានពិការភាព  ដែលយើងបានសិក្សាពីស្ថានភាពរបស់ពួកគាត់ និងភាពដែលអាចទៅរួចជាមួយគ្នាបាន។ ជាទូទៅ យើងធ្វើការងារជួយគាត់ហ្នឹងរយៈពេល ៦ខែ ដោយនៅតែបន្តប្រឹក្សាអាជីវកម្មទាំងនោះ រហូតដល់គាត់អាចឈរជើងរឹងមាំខ្លួនឯងបាន និងធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់គាត់អាចទៅមុខរួមជាមួយគ្នាហ្នឹង។ 
 
កញ្ញា សុង សុធាវី៖   ការធ្វើការងារជាមួយបងប្អូនមានពិការភាពទាំងនោះ តើមានភាពលំបាកដូចម្តេច ហើយ ទន្ទឹមនឹងនេះ តើលោកមើលឃើញពីការតាំងចិត្តរបស់គាត់បែបណាខ្លះ?
 
លោក ម៉ៅ យ៉ែ៖ បាទ ក្រោយពីយើងបានបណ្តុះបណ្តាលដល់បងប្អូន ដែលជាស្រ្តីមានពិការភាពទាំងនោះ ឃើញថា ពួកគាត់សប្បាយចិត្ត ពិសេសគឺឱកាស សម្រាប់គាត់ក្នុងការបង្កើតចំណូល ដែលជាអាជីព សម្រាប់ភាពប្រសើរឡើង នៃជីវិតរបស់ពួកគាត់ ដោយមិនចាំបាច់ពឹងលើសមាជិកគ្រួសារឱ្យជួយចិញ្ចឹមទេ។ ចំពោះការបណ្តុះបណ្តាលឃើញថា ពួកគាត់បានចូលរួមយ៉ាងល្អជាមួយក្រុមការងារ ហើយការសិក្សាវិញ ពួកគាត់បានសហការគ្នា និងដាក់ចិត្តរៀនសូត្រពីលោកគ្រូ អ្នកគ្រូ ដែលមានជំនាញលើផ្នែកអាជីវកម្មហ្នឹងផងដែរ។ 
 
កញ្ញា សុង សុធាវី៖ ក្រៅពីចំណេះ ជំនាញខាងលើ តើអង្គការ បង្រៀនពីការធ្វើទីផ្សារ និងការលក់ផលិតផលទៅកាន់ពួកគាត់ដូចម្តេចខ្លះ? 
 
លោក ម៉ៅ យ៉ែ៖ ក្នុងហ្នឹង យើងក៏បង្រៀនពីការកសាងទំនាក់ទំនង រវាងបងប្អូនមានពិការភាពទាំងនោះ ជាមួយ អតិថិជន។ ទី២ នៅក្នុងមេរៀនផែនការអាជីវកម្ម យើងក៏បានឱ្យគាត់ដឹងថា តើនរណាជាអតិថិជនគោលដៅរបស់គាត់? និងទី៣ ដែលនេះជាសម័យឌីជីថលហើយ ដូចនេះ យើងបង្រៀនគាត់ ពីការប្រើប្រាស់ហ្វេសប៊ុក  ដើម្បីអាចរកចំណូលបាន ទាំងការផុសរូបភាព វីដេអូ។ល។ លើបណ្តាញទាំងហ្នឹង។

កញ្ញា សុង​ សុធាវី៖ ត្រង់ចំនុចទាំងពីរនេះ បើសិនមានឧបសគ្គ ឬ ជួបបញ្ហា តើអង្គការនឹងជួយគាត់បែបណាទៀត? 
 
លោក ម៉ៅ យ៉ែ៖  ក្រោយពីបណ្តុះបណ្តាលគាត់ចប់ យើងក៏នៅតែបន្តប្រឹក្សា និងជួយគាត់ច្រើនទៀតដែរ យើងមានក្រុមការងារចុះទៅដល់ផ្ទះគាត់ ដើម្បីជួយប្រឹក្សាអាជីកម្ម ហើយយើងក៏បានផ្សាភ្ជាប់នូវផលិតផលរបស់គាត់ជាមួយទីផ្សារផងដែរ។ ដូច្នេះ ក្នុងគម្រោងហ្នឹង យើងបានធ្វើការដោយភាពជាដៃគូ ដែលមានក្រុមហ៊ុនឯកជនមួយចំនួន គាត់ក៏កំពុងធ្វើការនៅក្នុងវិស័យកសិកម្មដែរ ដោយធ្វើយ៉ាងណាអាចឱ្យផលិតផលរបស់ពួកគាត់អាចលក់ចេញបាន។ ក្រៅពីនោះ យើងក៏បង្កើតអេកូទេសចរណ៍ ក្នុងតំបន់ ដើម្បីឱ្យមានទំនាក់ទំនងល្អរវាង អ្នកលក់ និងអ្នកទិញផងដែរ៕  
 

Tag:
 វិស័យសេដ្ឋកិច្ច
  MSME
© រក្សាសិទ្ធិដោយ thmeythmey.com