កីឡាជាតិ
ជាតិ
AFC Cup៖ គ្រូភ្នំពេញក្រោន ថាសមត្ថភាពក្រុមឡាវ Young Elephant កើន ព្រោះគ្រូ-កីឡាករ ត្រូវបានផ្លាស់ប្ដូរ
25, Jun 2023 , 2:59 pm        
រូបភាព
ការប្រកួតភ្នំពេញក្រោន និងណាហ្គាវើលដ៍ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Cambodian League Cup
ការប្រកួតភ្នំពេញក្រោន និងណាហ្គាវើលដ៍ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Cambodian League Cup
លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ទាំងការហ្វឹកហាត់ បច្ចេកទេស និងយុទ្ធសាស្រប្រកួត ជាមួយ Young Elephants FC នៅវគ្គជម្រុះបឋម (Primarily Stage) ក្នុងពានរង្វាន់ AFC Cup។ ការប្រកួតរវាងក្រុមទាំងពីរ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកម្ពុជា។ គ្រូបង្វឹករូបនេះ ជឿថា ក្លិបដែលមានទីតាំងនៅឡាវមួយនេះ មិនដូចមុនទេ ព្រោះទាំងគ្រូបង្វឹក និងកីឡាករ បានផ្លាស់ប្ដូសមាសភាពច្រើនរូប និងទម្រង់ការប្រកួតផងដែរ។



​ម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០២២ ត្រូវប្រកួតជាមួយ Young Elephant FC ជើងឯកលីគកំពូលឡាវ ក្នុងវគ្គប្រកួតជម្រុះបឋម ក្នុងព្រឹត្តិការណ៍ AFC Cup។ ដោយឡែក កាលពីឆ្នាំ២០២២ ភ្នំពេញក្រោន ធ្លាប់ឈ្នះ ក្រុមនេះ ម្ដងរួចមកហើយក្នុងលទ្ធផល ៤-២ នៃពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូល។ 

លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន រូបពី Cambodian Premier League
 
លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ក្លិបភ្នំពេញក្រោន ត្រូវត្រៀមលក្ខណៈឲ្យបានល្អបំផុត ព្រោះមិនអាចមើលស្រាលដៃគូបានទេ បើទោះជាមានប្រវត្តិធ្លាប់ឈ្នះ ក្រុមឡាវនេះកាលពីឆ្នាំ២០២២ ក៏ដោយ។ គ្រូបង្វឹករូបនេះ បាននិយាយប្រាប់ដូច្នេះថា៖«ការប្រកួត ច្បាស់ណាស់មិនដូចគ្នាទាំងស្រុងទៅនិងការប្រកួតឆ្នាំមុនទេ ព្រោះ ក្រុមរបស់ពួកគេផ្លាស់ប្ដូគ្រូបង្វឹក និងផ្លាស់ប្ដូសមាសភាពកីឡាការមួយចំនួន។ 
 
ចំពោះការត្រៀមខ្លួននោះ គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា ក្រុមរបស់លោក បានរៀបចំការប្រកួត មិត្តភាពជាមួយក្រុមខ្លាំងៗ ក្នុងតំបន់មួយចំនួន ដូចជាក្រុមនៅឥណ្ឌូណេស៊ី និងក្រុមនៅថៃ គោលដៅ គឺដើម្បី តែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការប្រកួតមួយនេះ។
 
«យើងមានការប្រកួតមិត្តភាពផ្សេងៗ មុនបើករដូវកាលជាមួយក្រុមនៅឥណ្ឌូណេស៊ី និងក្រុមនៅប្រទេសថៃ ដើម្បីប្រកួតប្រជែងជាមួយនិងខ្លួនយើងផ្ទាល់ ដែលត្រូវប្រកួតប្រជែងជាមួយក្រុម ដែលមានកម្រិតខ្លាំងៗ ដើម្បីត្រៀមសម្រាប់ AFC Cup។»។ លោក Oleg Starynskyi បានប្រាប់ដូច្នេះ។ 
 
ដោយឡែក នៅដើមរដូវកាលពី២០២៣-២០២៤ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ទើបតែបានឈ្នះពាន Cambodian League Cup ដែលជាពានរង្វាន់ មុនបើករដូវកាល បន្ទាប់ពីយកឈ្នះ លើក្រុមណាហ្គាវើលដ៍ នៅវគ្គផ្ដាច់ព្រ័ត្រ៕
 

Tag:
 បាល់ទាត់
  AFC Cup
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com