អន្តរជាតិ
តារាយូធូប MrBeast អះអាងថាបានបដិសេធដំណើរទេសចរណ៍ទៅកាន់ Titanic នៅបាតសមុទ្រ
26, Jun 2023 , 10:10 am        
រូបភាព
រូបថត MrBeast នៅលើ​បណ្តាញសង្គម Twitter របស់លោក
រូបថត MrBeast នៅលើ​បណ្តាញសង្គម Twitter របស់លោក
ដោយ: រួបរួម
តារាយូធូបដ៏ល្បីល្បាញ MrBeast បានអះអាងនៅលើគណនី Twitter កាលពីថ្ងៃអាទិត្យថា លោកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរកម្សាន្តតាមនាវាមុជទៅទស្សនានាវា Titanic នៅបាតសមុទ្រ ប៉ុន្តែលោកបានបដិសេធ។

 
«ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរទៅទស្សនា Titanic តាមនាវាមុជទឹកនៅដើមខែនេះ។ ខ្ញុំបាននិយាយថា ទេ។ វាគ្រោះថ្នាក់ខ្លាំងណាស់ ដែលខ្ញុំមិនប្រថុយគ្រោះថ្នាក់បានឡើយ»។ លោកបានសរសេរបែបនេះ ដោយភ្ជាប់ជាមួយនឹងសារពីមិត្តភក្តិម្នាក់ដែលបានអញ្ជើញលោក។ 
 
ទោះបីជាយ៉ាងណាក៏ដោយ សាររបស់ MrBeast ដែលមានឈ្មោះដើមថា Jimmy Donaldson មិនបានបញ្ជាក់ពីទំនាក់ទំនងជាមួយនឹងករណីគ្រោះថ្នាក់នាវា Titan ដែលបានផ្ទុះ ហើយបំពេញជីវិតមនុស្ស៥នាក់ កន្លងមកនោះឡើយ។
 
នៅលើ Twitter ម្ចាស់គណនីមួយចំនួនជឿនូវអ្វីដែល MrBeast បានសរសេរ ប៉ុន្តែអ្នកខ្លះទៀតដាក់ការមន្ទិលសង្ស័យ និងចាត់ទុកថាមិនសមហេតុផល ចំពោះការបង្កើតរឿងដោយភ្ជាប់ខ្លួនជាមួយនឹងហេតុការណ៍ដ៏រន្ធត់។
 
MrBeast មានចំនួនតាមដានជាង១៦២លាន ដែលជាចំនួនដ៏ច្រើនបំផុតក្នុងចំណោមអ្នកបង្កើតមាតិកានៅលើ Youtube ដោយវីដេអូរបស់លោកមានដូចជា ការសម្តែងត្រាប់តាម ការប្រកួតប្រជែង និងសកម្មភាពផ្នែកសប្បុរសធម៌។
 

កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា នាវាមុជទឹក Titan បានដឹកមនុស្សចំនួន ៥នាក់ ចុះទៅបាតសមុទ្រកាណាដា ដើម្បីទស្សនាការលិចលង់នៃកប៉ាល់ទីតានិក។ ប៉ុន្តែនាវាមួយនេះ បានបាត់ការទាក់ទងបន្ទាប់ពីចុះបានប្រហែល ១ម៉ោង ៤៥នាទី ហើយបានស្ងប់ស្ងាត់តាំងពីពេលនោះមក។
 
 
នាវាមុជទឹក Titan ត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែនគ្រប់គ្រាន់សម្រាប់មនុស្ស ៥នាក់ក្នុងរយៈពេល ៩៦ម៉ោង។ យោងតាមឆ្មាំឆ្នេរសមុទ្រអាម៉េរិក អង្គភាពដែលចូលរួមក្នុងការជួយសង្គ្រោះនាវា Titan បានអស់អុកស៊ីសែននៅម៉ោង ៦និង៨នាទីល្ងាចថ្ងៃទី២២មិថុនា ឆ្នាំ២០២៣ ( ម៉ោងនៅកម្ពុជា)។ 
 
 
ក្រោយមក ក្រុមហ៊ុន OceanGate បានប្រកាសដោយជឿជាក់ថា មនុស្សទាំង៥នាក់ បានបាត់បង់ជីវិតដោយសារការផ្ទុះនាវា។ បច្ចុប្បន្ន ការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះកំពុងបន្តដំណើរការ។
 
អ្នកដំណើរទាំង៥នាក់ដែលស្ថិតក្នុងដំណើរជាមួយនាវា Titan រួមមាន លោក Stockton Rush នាយកប្រតិបត្តិ OceanGate ផ្ទាល់, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញមុជទឹកបារាំង Paul Henry Nargeolet, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសគាត់គឺ Suleman ដែលមានសញ្ជាតិអង់គ្លេស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com