ជាតិ
វីដេអូ
នាយករដ្ឋមន្ត្រីរំលឹក​មន្ត្រី៖ មុន​ចេញទៅផ្ទះ បិទ​ភ្លើង បិទម៉ាស៊ីន​ត្រជាក់សិន កុំឱ្យការចំណាយវាធំពេក
26, Jun 2023 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ «អគារសាលាយុត្តិធម្ម» របស់ក្រសួងយុត្តិធម៌។ រូបភាព SPM ​
សម្ដេច ហ៊ុន សែន នាពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ «អគារសាលាយុត្តិធម្ម» របស់ក្រសួងយុត្តិធម៌។ រូបភាព SPM ​
ភ្នំពេញ៖ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​ «អគារសាលាយុត្តិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមាន​ទីតាំងនៅសង្កាត់​ព្រែកលៀប ខណ្ឌជ្រោយ​ចង្វារ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យមន្ត្រីរាជការគ្រប់​ក្រសួង​ស្ថាប័ន ត្រូវចេះសន្សំសំចៃភ្លើង និងបិទភ្លើង ឬម៉ាស៊ីនត្រជាក់មុនចេញទៅផ្ទះ។ សម្ដេច លើកឡើង​បែបនេះ ទំនង​មាន​មន្រ្តី​រាជការមួយចំនួន ភ្លេច​បិទ​ភ្លើង ឬ​ម៉ាស៊ីនត្រជាក់ពេល​ចេញទៅផ្ទះ។



សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ មាន​ប្រសាសន៍ថា កន្លែង​ធ្វើការ​កាន់តែ​ល្អ ការ​ចំណាយ​សម្រាប់​ដំណើរកា​រ​ក៏​កាន់តែច្រើន។ ក្នុង​ន័យ​នេះ សម្ដេច​នាយក​រដ្ឋមន្រ្តី ចង់​ឱ្យ​មន្រ្តី​រាជការ​នានា​ ចេះ​សន្សំ​សំចៃ​ភ្លើង​។ 
 
«​បន្ទប់​មួយ​ៗ បើក​ម៉ាស៊ីន​ត្រជាក់​លេង​ធ្លាក់​ដល់ ២០ ឬ​១៦អង្សាអី អាហ្នឹង​ស៊ី​ភ្លើង​កាន់តែច្រើន។ អាហ្នឹង​ថាអ៊ីចឹងទៅចុះ ប៉ុន្តែ​ពេល​ចេញ​ទៅ​ផ្ទះ អាណិត​បិទ​ភ្លើង​សិន បិទ​ម៉ាស៊ី​ន​ត្រជាក់សិន ដើម្បី​សន្សំសំចៃភ្លើង​ កុំ​ឱ្យ​កា​រ​ចំណាយ​វា​ធំពេក»។ នេះជា​ការ​លើក​ឡើង​របស់​សម្ដេច ហ៊ុន សែន ជុំវិញ​ការ​សន្សំសំចៃ​ភ្លើង​នៅតាម​ក្រសួង​ស្ថាប័នមួយចំនួន។ 
 
សូម​បញ្ជាក់ថា​ «អគារសាលាយុត្តិធម្ម» របស់ក្រសួងយុត្តិធម៌ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវការក្រោម​អធិបតីភាពរបស់​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី​២៦ ខែ​មិថុនានេះ។ អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌" (Palais de Justice)៕
 
សូម​អញ្ជើញទស្សនា​វីដេអូខាងក្រោម៖​

Tag:
 សន្សំសំចៃភ្លើង
  មន្រ្តីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com