កីឡាជាតិ
ជាតិ
Thiago និងចន្ទ្រា សុំជួបសាមី ដែលផ្តួល ល្វៃឱ្យសន្លប់ទឹក១
26, Jun 2023 , 7:59 pm        
រូបភាព
ឈឿង ល្វៃ បង្គោលក្រហម ដេកសន្លប់ក្រោមកណ្តាប់ដៃ សាមីបេនឆាមេក បង្គោលខៀវ។ រូបពី TVK
ឈឿង ល្វៃ បង្គោលក្រហម ដេកសន្លប់ក្រោមកណ្តាប់ដៃ សាមីបេនឆាមេក បង្គោលខៀវ។ រូបពី TVK
ដោយ:
កីឡាករគុនខ្មែរ ឈឿង ល្វៃ បោះបង់ការប្រកួតនៅទឹកទី១ ក្រោយរងគុនវុធធន់ធ្ងន់របស់កីឡាករថៃ សាមី បេនឆាមេក ក្នុងការប្រកួតនៅសង្វៀន ទទក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។ ការបរាជ័យរបស់ ល្វៃ ធ្វើឱ្យមិត្តរួមជាតិ ឡៅ ចន្ទ្រា និង Thiago Tiexiera ចង់សាកជាមួយ សាមី តែ សាមី ចង់ប៉ះ ព្រំ សំណាង ជាង។

 
ចាប់ផ្តើមការប្រកួតបង្គោលក្រហម ឈឿង ល្វៃ ដើរចូលលូកពីរដៃ ឆ្វេង-ស្តាំ​ទៅលើបង្គោលខៀវ សាមី បាឆាមេក តែក៏ត្រូវសងបកមកវិញធ្ងន់ៗ។ សាមី ព្យាយាមទាត់ជើងក្រោមទៅលើ ល្វៃ ជាច្រើនលើកបណ្តាលឱ្យកីឡាករកម្ពុជាព្យាយាមដកថយទប់ជំហរ និងបានតបតទៅវិញភ្លាមៗផងដែរ។ ការព្យាយាមដើរចូលរបស់បង្គោលខៀវដើម្បីផ្តាច់ តែត្រូវបានបង្គោលក្រហមធាត់ច្រត់ចេញ។
 
ការប្រកួតរវាងបង្គោលក្រហម ឈឿង ល្វៃ និងបង្គោលខៀវ សាមី បេនឆាមេក។ រូបពី TVK

យ៉ាងណាការសម្រុកចូលរបស់កីឡាករថៃ នៅតែព្យាយាមទាត់ចូលជើងក្រោមរបស់កីឡាករគុនខ្មែររហូតត្រូវបានអាជ្ញាកណ្តាលរាប់៨ ជាលើកទី១។ ល្វៃ មិនបោះបង់ឡើយព្យាយាមបន្តការប្រកួតតែយ៉ាងណា ត្រូវបានសាមី បេនឆាមេក វាយមួយដៃស្តាំរាប់៨ ជាលើកទី២ បន្តការប្រកួតទៀតល្វៃ មិនព្រមចុះចាញ់ តស៊ូប្រកួតរហូតដល់សាមី បញ្ចប់ភាពតស៊ូរបស់ល្វៃ នៅក្នុងទឹកទី១ ដោយទាត់ក្រោមខ្លាំងៗ និងដាល់មួយដៃឆ្វេងបណ្តាលឱ្យល្វៃ សន្លប់ជាលើកទី៣ និងត្រូវបានអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត។
 
ជាមួយនឹងការបរាជ័យជាលើកទី២ របស់កីឡាករគុនខ្មែរ ឈឿង ល្វៃ មិត្តរួមជាតិកីឡាករ ឡៅ ចន្ទ្រា បង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ចង់សាកជាមួយសាមី ម្តងទៀតបើសិនមានវាសនា។ «បើសិនមាននិស្ស័យចួបគ្នាម្តងទៀត»។ ចន្ទ្រា បង្ហាញអារម្មណ៍បែបនេះជាមួយរូបភាពកីឡាករ សាមី បេនឆាមេក និងខ្លួនអមដោយ Emoji តស៊ូ។
 
មិនខុសអ្វីពីចន្ទ្រាឡើយកីឡាករមានដើមកំណើតប្រេស៊ីល Thiago Tiexiera ដែលមានសញ្ជាតិខ្មែរ និងមានឈ្មោះ សែន ចន្ទឬទ្ធីគុន បង្ហោះសារភ្លាមៗផ្ញើទៅកាន់កីឡាករថៃ សាមី បេនឆាមេក ថាខ្លួនចង់ជួបសងសឹកជំនួសឈឿង ល្វៃ ដែលជាកីឡាកររួមក្លិបប្រដាល់នគររាជចតុមុខ។ តែសម្រាប់កីឡាករប្រដាល់មកពីក្លិបបេនឆាមេក សាមី បាននិយាយមុនការប្រកួតជាមួយល្វៃ ថាខ្លួនចង់ជួបជាងកាត់សក់ ព្រំ សំណាង ដោយវាយលើប្រភេទទម្ងន់ ៧៥គីឡូក្រាម និងប្រកួតជាមួយ ធឿន ធារ៉ា លើប្រភេទទម្ងន់ ៧២គីឡូក្រាមក៏បាន។ «ជាមួយធារ៉ា ៧២គីឡូក្រាមវាយបាន តែជាមួយបងសំណាង គឺសុំចរចាទម្ងន់សិន។ ប្រសិនអ្នកផ្គូរផ្គងរៀបចំឱ្យប្រកួតខ្ញុំសុំវាយលើប្រភេទទម្ងន់ ៧៥គីឡូក្រាម ទល់ព្រំ សំណាង»។ សាមី បន្ថែមដូច្នេះ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com