ជាតិ
លោក​ កៅ ថាច ប្រាប់​ឱ្យកសិករគួរ​ផ្លាស់ប្តូរផ្នត់គំនិតពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ មកជាកសិកម្មទំនើប
26, Jun 2023 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាមទៅចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីវៀតណាមទៅចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖ លោក កៅ ថាច បាន​ណែនាំ​ឱ្យកសិករគួរផ្លាស់ប្តូរផ្នត់គំនិតពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ មកជាការ​ធ្វើ​កសិកម្មបែបទំនើប។ ការ​លើកឡើងនេះ​ ធ្វើ​ឡើង​ក្នុង​ពេល​លោកជួប​សំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី​ដល់​​កសិករ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​២៥ មិថុនា។​



ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កសិករ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​លើកទឹកចិត្តដល់កសិករដាំដុះស្វាយចន្ទី គួររៀបចំ​ពិនិត្យ​ ​សិក្សា​លម្អិត​ពី​ផែនការ​ដាំដុះ​ បច្ចេកទេស ក្នុង​ការថែទាំ​ និង​ប្រមូល​ផល។ លោក បន្តថា កសិករ​គួរ​​​សិក្សាស្វែងយល់​ពីបញ្ហា​ប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទីផងដែរ។ 
  
រូបភាពពី​ARDB

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរូបនេះ ណែ​នាំ​ដល់​កសិករ​ដូច្នេះ៖​«បងប្អូនគួរផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឱ្យក្លាយជាការធ្វើកសិកម្មបែបទំនើបវិញ ដោយត្រូវចេះតាមដានតម្លៃ​កសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ​។ ​កែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ និង​ឆ្លៀតចញ្ចឹមសត្វបន្ថែម ចេះកែប្រែដីសម្រាប់ដាំដុះឱ្យទទួលបានទិន្នផលខ្ពស់​»។ 
 
បើតាម​ហ្វេសប៊ុ​ក​ ARDB លោក កៅ ថាច បន្ត​ជំរុញ​ឱ្យ​កសិករ​ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល​ និង​រៀនសូត្របន្ថែម តាមបណ្ដាញ​សង្គម​ និងយូធូប ដើម្បីទទួលបានចំណេះដឹង។ ជា​មួយគ្នានេះ ដើម្បីទទួលបានជោគជ័យ លោក កៅ ថាច​ ស្នើ​​ឱ្យ​កសិករ​គួរ​ចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី។
 
ទន្ទឹម​នឹងនេះ លោក កៅ ថាច បន្ត​ជំរុញ​ឱ្យ​កសិករ​ ត្រូ​វ​ចេះ​រៀបចំ​ផែន​ការ​ដាំដុះ, ការថែ​ទាំ, ការ​ប្រមូលផល, ការ​កែច្នៃ និង​ការផ្សារភ្ជាប់ជាមួយទីផ្សារ​ តាមរយៈកិច្ចសន្យាកសិកម្ម ដើម្បីធានាស្ថេរភាពតម្លៃ​លើទីផ្សារ និងជៀសវាងការទម្លាក់​តម្លៃ​ពីឈ្មួញកណ្តាល។ លើស​ពី​នេះ លោក ក៏​លើកទឹកចិត្តដល់កសិករ​ដែល​​ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ឬដំណាំផ្សេងទៀតផងដែរ៕ 
 
រូបភាពពី​ARDB

Tag:
 កសិកម្ម
  កសិករ​
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com