ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ ការលួចកែច្នៃសារធាតុគីមីទៅជាគ្រឿងញៀន នៅតែកើតមានក្នុងប្រទេសកម្ពុជា
28, Jun 2023 , 10:59 am        
រូបភាព
រោងចក្រមួយកន្លែងរបស់ជនជាតិចិន ដែលលួចកែច្នៃគ្រឿងញៀន ត្រូវបានអាជ្ញាធរកម្ពុជា រកឃើញនាពេលកន្លងមក (រូបពីនាយកដ្ឋានប្រឆាំងគ្រឿងញៀន)។
រោងចក្រមួយកន្លែងរបស់ជនជាតិចិន ដែលលួចកែច្នៃគ្រឿងញៀន ត្រូវបានអាជ្ញាធរកម្ពុជា រកឃើញនាពេលកន្លងមក (រូបពីនាយកដ្ឋានប្រឆាំងគ្រឿងញៀន)។
ដោយ៖ ទេពញាណ

ថ្វីបើកន្លងមក ទីតាំងធំៗ ដូចជា រោងចក្រ ជាដើម ដែលពួកឧក្រិដ្ឋជនប្រើប្រាស់ដើម្បីលូចកែច្នៃសារធាតុគីមីផ្សំ ទៅជាគ្រឿងញៀន ត្រូវបានអាជ្ញាធរ រកឃើញនិងបង្ក្រាបជាបន្តបន្ទាប់ក្តី តែករណីនេះ មិនទាន់អស់ពីទឹកដីកម្ពុជានៅឡើយទេ។ 
 
ធ្វើជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតកម្ទេចគ្រឿងញៀន ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ក្រុមឧក្រិដ្ឋជន នៅតែបន្តព្យាយាមលួចកែច្នៃ និងផលិតគ្រឿងញៀនសំយោគនៅកម្ពុជា ដោយពួកគេ បង្វែរសារធាតុគីមីផ្សំ ដែលទទួលបានការនាំចូលស្របច្បាប់ ទៅផលិតចេញជាគ្រឿងញៀនខុសច្បា​ប់។  
  
សម្តេច ស ខេង ថ្លែងក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតកម្ទេចគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចឧបនាយករដ្ឋមន្រ្តី បន្តថា មកដល់ពេល កម្ពុជា មិនទាន់មានច្បាប់ជាផ្លូវការ ក្នុងការគ្រប់គ្រងការនាំចូល និងការប្រើប្រាស់សារធាតុគីមីផ្សំនោះទេ។ ប៉ុន្តែ សម្តេច ស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ រៀបចំយន្តការគ្រប់គ្រង និងប្រមូលព័ត៌មានឲ្យបានច្បាស់អំពីសារធាតុគីមីផ្សំនេះ។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា«បើសារធាតុនោះ ជាសារធាតុធម្មតា ដែលមិនអាចកែច្នៃជាគ្រឿងញៀនបាន វាអត់បញ្ហាទេ។ តែបើសារធាតុនោះ អាចយកទៅធ្វើជាគ្រឿងញៀនបាន ត្រូវតែមានការស្រុះស្រួលគ្នា ឯកភាពគ្នា ដឹងឮទាំងអស់គ្នាថា យកមកប៉ុន្មាន យកមកពីកន្លែងណា ទុកនៅកន្លែងណា ពេលចាត់ចែងដើម្បីផលិតទៅជារបស់របរប្រើប្រាស់ យកទៅណា ត្រូវកត់ត្រាឲ្យច្បាស់លាស់»។ 
 
តាមរយៈសារលិខិត ដែលចេញសម្រាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្គាប់បញ្ជាឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំឲ្យបានច្បាស់លាស់ ដើម្បីធានាមិនឲ្យមានការលួចបង្វែរសារធាតុគីមីផ្សំនេះ ទៅផលិតជាគ្រឿងញៀន។ 
 
សារលិខិតរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានអានដោយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីខាងលើ។ គ្រឿងញៀន និងសារធាតុគីមីផ្សំជាង៥,៧តោន ដែលអាជ្ញាធរកម្ពុជាចាប់បានកន្លងមក ត្រូវបានប្រមូលយកទៅដុតកម្ទេចចោលក្នុងពិធីនេះ៕  
 
 

Tag:
 គ្រឿងញៀន
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com