អន្តរជាតិ
​ប៉ូលិសហ្វីលីពីន សង្គ្រោះជនអន្ដោប្រវេសន៍ខុសច្បាប់​ជាង១ពាន់នាក់ពីកាស៊ីណូមួយក្នុងទីក្រុងម៉ានីល
28, Jun 2023 , 11:29 am        
រូបភាព
ប៉ូលិសហ្វីលីពីន ជួយសង្គ្រោះមនុស្សប្រមាណ១ពាន់នាក់ពីការជួញដូរមនុស្សក្នុងប្រទេសឱ្យធ្វើការនៅកាស៊ីណូអនឡាញមួយក្នុងទីក្រុងម៉ានីល។​ ជនរងគ្រោះសុទ្ធសឹងជាជនបរទេសដែលមានជនជាតិសិង្ហបុរី ឥណ្ឌូណេស៊ី ចិន វៀត​ណាម​ និងម៉ាឡេស៊ី ជាដើម។



ប៉ូលិសវាយឆ្មក់អគារមួយក្នុងរដ្ឋធានីកាលពីយប់ថ្ងៃទី២៦ ខែមិថុនាក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្ស។ ជនរងគ្រោះជនជាតិឥណ្ឌូណេស៊ី ប៉ាគីស្ថាន កាមេរូន ស៊ូដង់ មីយ៉ាន់ម៉ា ចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីក៏ត្រូវបានរកឃើញនៅខាងក្នុងបរិវេណ។
 
ក្រោមការវាយឆ្មក់របស់ប៉ូលិសហ្វីលីពីននេះ មនុស្សជាង២,៧០០នាក់ត្រូវបានឃាត់ខ្លួន ខណៈមនុស្សជាង១,៥០០នាក់ក្នុងចំណោមនោះជាជនជាតិហ្វីលីពីន។ បច្ចុប្បន្នប៉ូលិសហ្វីលីពីន​កំពុងសួរចម្លើយអ្នក​ជាប់ឃុំ​ដើម្បី​កំណត់​អត្តសញ្ញាណ​​ជនរងគ្រោះ ឬ​ជនសង្ស័យ។ លោកស្រីMichelle Sabino ដែល​ជា​អ្នកនាំពាក្យរបស់​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិតហ្វីលីពីនលើកឡើងបែបនេះ។
 
សហគមន៍អន្តរជាតិ បានបង្ហាញការព្រួយបារម្ភជាខ្លាំងពីការកើនឡើងជុំវិញការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗជនរងគ្រោះត្រូវបានគេបោកបញ្ឆោតចូលក្នុងការជួញដូរមនុស្សខុសច្បាប់ ឬបង្ខិតបង្ខំឱ្យផ្សព្វផ្សាយការវិនិយោគប្រព័ន្ធរូបិយបណ្ណក្លែងក្លាយ។
 
បើតាមលោកស្រី Sabino ជនរងគ្រោះបានធ្លាក់ចូលក្នុងការជួញដូរមនុស្សខុសច្បាប់ ក្រោយពេលពួកគេបានទទួលយកការងារដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីធ្វើការនៅហ្វីលីពីនជាអ្នករកភ្ញៀវសម្រាប់ហ្គេមអនឡាញ។ លោកស្រីក៏បានបន្ថែមថា ជនរងគ្រោះទាំងនេះត្រូវបានបង្ខំឱ្យធ្វើការរយៈពេល១២ម៉ោងជារៀងរាល់ថ្ងៃក្នុងថ្លៃឈ្នួលត្រឹមតែ៤៣៣ដុល្លារក្នុងមួយខែ ហើយត្រូវបានរារាំងមិនឱ្យចាកចេញពីបរិវេណអគារទៀតផង។
 
កាលពីខែឧសភាកន្លងទៅ អាជ្ញាធរហ្វីលីពីនបានជួយសង្គ្រោះមនុស្សជាងមួយពាន់នាក់ដែលជាប្រជាជនក្នុងតំបន់អាស៊ីមួយចំនួនដែលត្រូវបានជួញដូរចូលទៅហ្វីលីពីនដើម្បីបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com