អន្តរជាតិ
មីយ៉ាន់ម៉ា​ ដុត​​គ្រឿង​ញៀន​តម្លៃ៤៤៦លាន​ដុល្លារ
28, Jun 2023 , 2:29 pm        
រូបភាព
អាជ្ញាធរមីយ៉ាន់ម៉ា បានដុតបំផ្លាញគ្រឿងញៀនខុសច្បាប់មានតម្លៃប្រមាណកន្លះពាន់លានដុល្លារស្របពេលពិភពលោកអបអរទិវាប្រឆាំងគ្រឿងញៀន។ យ៉ាងណាមិញ អាជ្ញាធរប្រទេសនេះក៏ព្រមានថា ការបញ្ឈប់ការផលិតនិងការជួញដូរគ្រឿងញៀននៅតែជាបញ្ហាក្នុងប្រទេសដដែល​។



ក្នុងពិធីនៅទីក្រុងយ៉ាំងហ្គោន អាជ្ញាធរមីយ៉ាន់ម៉ា បានដុតបំផ្លាញគ្រឿង​ញៀនជាច្រើនរួមមានថ្នាំហេរ៉ូអ៊ីន កញ្ឆា មេតំហ្វេតាមីន និងអាភៀន​ជាច្រើនដែលគិតជាទឹកប្រាក់ប្រមាណ៤៤៦លានដុល្លារ។ បើតាមមន្ត្រីយោធាមីយ៉ាន់ម៉ា ការដុតបំផ្លាញគ្រឿងញៀនទាំងនេះក៏ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ និងនៅកន្លែងផ្សេងទៀតក្នុងប្រទេស។
 
«ទោះបីជាអ្នកប្រើប្រាស់គ្រឿងញៀន អ្នកផលិត និងជួញដូរគ្រឿងញៀនរាប់មិនអស់ត្រូវបានចាប់ខ្លួន និងកាត់ទោសក្តី ក៏ការផលិត និងការជួញដូរគ្រឿងញៀនហាក់មិនធ្លាក់ចុះទាល់តែសោះ»។ មន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Soe Htut បានប្រាប់កាសែតរដ្ឋ Global New Light បែបនេះ។ 
 
នៅក្នុងតំបន់ព្រំដែនត្រីកោណមាស ដែលជាទីប្រសព្វរវាងមីយ៉ាន់ម៉ា ឡាវ និងថៃ ឈ្មួញគ្រឿងញៀន យកកន្លែងនេះសម្រាប់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ជាយូរមកហើយ ជាពិសេសមេតំហ្វេតាមីន និងអាភៀន។
 
ការដុតបំផ្លាញគ្រឿងញៀននេះកើតឡើងនៅពេលដែលអង្គការសហប្រជាជាតិបានរាយការណ៍ពីការរឹបអូសថ្នាំញៀនដ៏ច្រើនកាលពីឆ្នាំមុននៅមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ការដាំដុះអាភៀនក្នុងប្រទេសនេះហាក់រីករាលដាលជាមុនក្នុងភាពវឹកវរដែលបានកើតឡើងដោយរដ្ឋប្រហារថែមទៀត។
 
បើតាមការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ ថ្នាំញៀនមេតំហ្វេតាមីន​ជាង២៣តោន​ត្រូវ​បាន​រឹបអូសនៅ​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ២០២២។ យ៉ាងណាមិញ ការចែកចាយថ្នាំញៀននៅទូទាំងអាស៊ីអាគ្នេយ៍បានធ្លាក់ចុះក្នុងឆ្នាំ២០២២។ 
 
គួរបញ្ជាក់ថា អាភៀន ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ដែលផលិតនៅមីយ៉ាន់ម៉ាភាគច្រើន ត្រូវបាននាំចេញទៅចិន និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com