ជាតិ
មកលេង «ខ្នងផ្សារ» «ខ្នងសំពៅ» ទេសចរ មិនបាច់បារម្ភពីបន្ទប់ទឹកឡើយ!
28, Jun 2023 , 2:59 pm        
រូបភាព
កំពង់ស្ពឺ,កោះកុង៖ តំបន់ទេសចរណ៍ «ខ្នងផ្សារ»​ ជាទីទេសចរណ៍ធម្មជាតិឡើងភ្នំមួយ ដែលស្ថិតនៅជាប់ព្រំដែនរវាងខេត្តកំពង់ស្ពឺ និងកោះកុង។ «ខ្នងសំពៅ»ជាភ្នំមួយ ក្នុងចំណោមភ្នំដទៃទៀតនៅទីនេះ ហើយទេសចរក៏និយមបោះតង់សម្រាក នៅភ្នំនេះ។ ដោយទេសចរច្រើនទៅលេង អាជ្ញាធរក៏បានរៀបចំជាបន្ទប់ទឹកអនាម័យ ដើម្បីអាចឱ្យទេសចរអាចងូតទឹក និងបន្ទោរបង់បាន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី ជាមួយលោក លោក ជា យុទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញដូចតទៅ៖

 
បង្គន់អនាម័យចំនួន១០បន្ទប់ ត្រូវបានផ្ដួចផ្ដើមធ្វើឡើងដោយ អាជ្ញាធរខេត្តកំពង់ស្ពឺ កោះកុង និងក្រសួងបរិស្ថាន កាលពីចុងឆ្នាំ២០២១។ ការកសាងបន្ទប់ទឹកអនាម័យនេះ ក៏ដោយសារតំបន់ទេសចរណ៍ «ខ្នងផ្សារ» បានក្លាយជាគោលដៅទេសចរណ៍ពេញនិយមមួយ ក្នុងខេត្តកំពង់ស្ពឺនេះ។
 
លោក ជា យុទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញថា ជារៀងរាល់សប្ដាហ៍ «ខ្នងផ្សារ» មានទេសចរចន្លោះពី៣០០ ទៅ៤០០នាក់ មកកម្សាន្ត ជាពិសេសគឺថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិ។ 
 
ទេសចរច្រើនបាននាំគ្នាមកឡើងភ្នំ បោះតង់ នៅទីនេះ។ ដូច្នេះបង្គន់ ជារឿងដែលចំបាច់​មួយ​​សម្រាប់​ទេសចរ ជាពិសេសទេសចរជានារី។ បន្ទប់ទឹកនេះ អនុញ្ញាតឱ្យទេសចរ ងូតទឹកផង និងបន្ទោរបង់ផង។ 
 
បើតាមលោក ជា យុទ្ធា បច្ចុប្បន្នការប្រើប្រាស់បន្ទប់ទឹកនេះ ទេសចរមិនតម្រូវឱ្យបង់កម្រៃនោះទេ ពោលគឺទេសចរ អាចបរិច្ចាគថវិកាបានតាមលទ្ធភាព។ លោកបន្តទៀតថា បច្ចុបន្នអាជ្ញាធរកំពុងគិតគូរដែរ អំពីការបង់ថ្លៃសេវាបន្ទប់ទឹកនេះ ដើម្បីយកមកប្រើប្រាស់លើការសម្អាត និងប្រតិបត្តិការនានា លើបន្ទប់ទឹកនេះ៕
 

Tag:
 ThmeyThmey
  ខ្នងផ្សារ
  បន្ទប់ទឹកខ្នងផ្សារ
  កំពង់ស្ពឺ
  ឡើងភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com