អន្តរជាតិ
ចិន ស្វែងរកកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធជាមួយវៀតណាម
28, Jun 2023 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន លី សាងហ្វូ ប្រាប់សមភាគីវៀតណាម ង្វៀន វ៉ាន់ហ្សាង នៅថ្ងៃទី២៧ ខែមិថុនា ថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយវៀតណាមដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កម្រិតខ្ពស់រវាងយោធាប្រទេសទាំង២។

 
ប្រមុខការពារជាតិចិន និងវៀតណាម បានជួបជជែកគ្នានៅថ្ងៃទី២៧ ខែមិថុនា ស្របពេលនាយករដ្ឋមន្រ្តីវៀតណាមធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង។ ក្រសួងការពារជាតិចិនបានស្រង់សម្ដីលោក លី ថា ស្ថានភាពអន្តរជាតិមានភាពវឹកវរ និងជាប់ទាក់ទងគ្នា ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិក​កំពុង​ប្រឈមមុខនឹងបញ្ហា។
 
«ចិន និងវៀតណាមគួរតែបន្តសហការ និងរួបរួមគ្នាយ៉ាងជិតស្និទ្ធក្នុងដំណើរថ្មីនៃសង្គមនិយម ការពារ​ផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និង​ស្ថិរភាពតំបន់»។ លោក លី លើកឡើងបែបនេះក្នុងជំនួបដដែល។ រដ្ឋមន្រ្តីការពារជាតិចិននិយាយទៀតថា ទំនាក់ទំនង​រវាង​យោធា​​អភិវឌ្ឍ​យ៉ាង​ល្អ ហើយយោធា​របស់​ចិន​មាន​ឆន្ទៈ​ជំរុញ​ទំនាក់ទំនង​ទៅ​កម្រិត​ថ្មីមួយ។
 
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិចិន និងវៀតណាម ធ្វើឡើងបន្ទាប់ពីនាវាដឹកយន្តហោះអាម៉េរិក USS Ronald Reagan បានឈប់ចតនៅកំពង់ផែនៅទីក្រុងដាណាងកាលពីថ្ងៃទី២៥ ខែមិថុនា។
 
គួរបញ្ជាក់ថា ខណៈដែលភាពតានតឹងកាន់តែក្តៅគគុកនៅក្នុងសមុទ្រចិនខាងត្បូងដែលជាកន្លែង​ដែល​ប្រទេសជាច្រើនមានការទាមទារទឹកដីត្រួតស៊ីគ្នា ទំនាក់ទំនងយោធាចិន-អាម៉េរិក​ក៏កំពុងត្រូវបាន​ឃ្លាំមើ​លយ៉ាងដិតដល់ផងដែរ។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋមន្រ្តីការពារជាតិមហាអំណាចទាំង២​ មិនទាន់ជួបគ្នានៅឡើយទេ៕
 
 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com