កីឡាជាតិ
ជាតិ
លន បញ្ញា យកលុយឈ្នះមេដាយមាសស៊ីហ្គេម ចែរំលែកមិត្តរួមក្លិប និងផ្គត់ផ្គង់គ្រួសារ
28, Jun 2023 , 7:59 pm        
រូបភាព
កីឡាករ លន បញ្ញា ជូនលុយដល់សិស្សប្អូន និងសិស្សច្បងក្នុងក្លិបក្រសួងការពារជាតិ។ រូបពី លន បញ្ញា
កីឡាករ លន បញ្ញា ជូនលុយដល់សិស្សប្អូន និងសិស្សច្បងក្នុងក្លិបក្រសួងការពារជាតិ។ រូបពី លន បញ្ញា
ដោយ:
ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤០លានរៀល ពីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈការឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២ កីឡាប្រដាល់ឃីកបុកស៊ីង លន បញ្ញា បានយកប្រាក់មួយចំនួនចែកមិត្តរួមក្លិបក្រសួងការពារជាតិ និងគ្រួសារ។ បញ្ញា បញ្ជាក់ថា នេះជាវប្បធម៌ចែករំលែកមួយសម្រាប់សិស្សច្បង និងសិស្សប្អូនក្នុងក្លិបរបស់ខ្លួន។

 
ពឈ្នះមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាឃីកបុកស៊ីង លន បញ្ហា ទទួលបានប្រាក់រង្វាន់ ៤០លានរៀល។ កីឡាករមានដើមកំណើតមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រូបនេះ បានយកប្រាក់រង្វាន់មួយចំនួនទៅចែកសិស្សរួមក្លិបគ្រប់ៗគ្នា។ បញ្ញា លើកឡើងថា មិនមែនតែខ្លួនទេដែលចែករំលែក កីឡាករណាក៏មានវប្បធម៌ចែករំលែកបែបនេះដែរនៅក្នុងក្លិបក្រសួងការពារជាតិ ឱ្យតែប្រកួតឈ្នះមិនថាតិច ឬក៏ច្រើន។

ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ លន បញ្ញា ចែកលុយដល់មិត្តរួមក្លិប។ រូបពី លន បញ្ញា

ម្ចាស់មេដាយមាសឃីកបុកស៊ីងឆ្នាំ២០២៣ លន បញ្ញា និយាយថា៖«និយាយរួមទៅនេះជាវប្បធម៌ចែករំលែកមួយសម្រាប់កីឡាករយើង ឱ្យតែយើងវាយបានលុយពីកម្មវិធីធំបានប្រាក់រង្វាន់ច្រើន យើងតែងតែចែករំលែងទៅកាន់សមាជិកដទៃ។ ដូចសិស្សប្អូនខ្លះគាត់ទើបចូលហ្វឹកហាត់អត់មានអីចាយទេ បានឱ្យគាត់ខ្លះ ក៏បានជួយសម្រាលគាត់មួយពេល ពីរពេលដែរ»។ លោក បញ្ញា បន្ថែមថាមិនថាបានលុយច្រើន ឬតិចគឺចែករហូតតាមតិច និងច្រើន។
 
ម្ចាស់មេដាយមាសឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាមក៏បានទំនុកបម្រុងគ្រួសារ ពោលគឺបញ្ញា បានបំពេញកាតព្វកិច្ចជាបងប្រុស និងជាកូនច្បងក្នុងគ្រួសារដ៏ល្អទៀតផង។ «សម្រាប់គ្រួសារវិញខ្ញុំបានជួយប្អូនស្រីបើកហាងកាត់ដេរសម្លៀកបំពាក់មួយជូនគាត់ ហើយទុកលុយទំនុកបម្រុងជួយប្អូនស្រីពៅ។ ក្រៅពីនេះខ្ញុំបានផ្ញើលុយជូនពុករបស់ខ្ញុំបន្តិចបន្តួច ក្នុងខែណាដែលខ្ញុំប្រកួត»។ 
 
គួបញ្ជាក់ថា កីឡាករប្រដាល់ឃីកបុកស៊ីង លន បញ្ញា ឈ្នះមេដាយមាសមួយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០រៀល៕
 

Tag:
 កីឡាប្រដាល់ឃីកបុកស៊ីង
 លន បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com