សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់យ៉េនជប៉ុនបន្តធ្លាក់ថ្លៃខ្លាំងក្នុងរយៈពេល៧ខែ
28, Jun 2023 , 8:29 pm        
រូបភាព
ប្រាក់យ៉េនជប៉ុន ។ រូបភាពពី AFP ។
ប្រាក់យ៉េនជប៉ុន ។ រូបភាពពី AFP ។
បច្ចុប្បន្ន​ ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៧ខែធៀបនឹងប្រាក់ដុល្លារ ដោយទឺកប្រាក់ ១៤៣យ៉េនអាចប្តូរបានតែ ១ដុល្លារ។ រូបិយប័ណ្ណនេះ ក៏ធ្លាក់ចុះដល់កម្រិតទាបបំផុតផងដែរក្នុងរយៈពេល១៥ឆ្នាំបើធៀបនឹងប្រាក់អឺរ៉ូ។


 
ហេតុផលចម្បងក្នុងការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារធនាគារកណ្តាលជប៉ុនបន្តរក្សាគោលនយោបាយរូបិយវត្ថុធូររលុង ដែលផ្ទុយស្រឡះពីធនាគារកណ្តាលអាមេរិក (FED) ដែលបានដំឡើងអត្រាការប្រាក់ ១០ដងរួចមកហើយ។
 
អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណទាំងពីរនេះកាលខែមីនា ឆ្នាំ២០២២ នៅពេលដែល FED បានចាប់ផ្តើមរឹតបន្តឹងរូបិយប័ណ្ណជាមួយនឹងការដំឡើងអត្រាការប្រាក់ជាលើកដំបូង ប្រាក់យ៉េនអាចប្តូរបានពី១១៤យ៉េនក្នុង១ដុល្លារ។  
 
បច្ចុប្បន្ននេះនិន្នាការប្រាក់យ៉េនកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពេលដែល FED ត្រូវបានគេព្យាករថា នឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ​ ហេតុនេះនឹងជំរុញឱ្យមាននិន្នាការលក់ប្រាក់យ៉េនដើម្បីទិញប្រាក់ដុល្លារកាន់តែច្រើន។
 
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Masato Kanda បាននិយាយថា ការធ្លាក់នៃថ្លៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ បានកើតឡើងយ៉ាងឆាប់រហ័សពីភាគីម្ខាង ហើយក្រសួងមិនទាន់មានគោលការណ៍ណាមួយ ដើម្បីឆ្លើយតបការពារការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកនេះទេ។
 
ក្រឡេកមើលកាលពីខែកញ្ញា ឆ្នាំ២០២២ មុនពេលការអន្តរាគមន៍របស់ BOJ អត្រាប្តូរប្រាក់យ៉េនបានប្រែប្រួលប្រហែលក្នុងចន្លោះពី ៦ទៅ៨ភាគរយធៀបនឹងប្រាក់ដុល្លារ។ បច្ចុប្បន្ននេះការប្រែប្រួលនៃអត្រាប្តូរប្រាក់គឺចន្លោះពី ៤ទៅ៥ភាគរយ។
 
វិនិយោគិនជាច្រើនបានលក់ប្រាក់យ៉េនចេញ បន្ទាប់ពី BOJ បានសម្រេចចិត្តរក្សាអត្រាការប្រាក់ទាបបំផុតនៅថ្ងៃទី១៦ ខែមិថុនា ដោយប្តេជ្ញាថា នឹងរក្សាវិធានការជំរុញសេដ្ឋកិច្ច ដែលផ្ទុយពីធនាគារកណ្តាលប្រទេសដទៃ ដែលរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីស្ងប់ស្ងាត់អតិផរណា៕
 

Tag:
 ប្រាក់យ៉េន
  ដុល្លារ
  ជប៉ុន
  BOJ
  FED
© រក្សាសិទ្ធិដោយ thmeythmey.com