កីឡាជាតិ
ជាតិ
ក្រសួងទេសចរណ៍ រៀបចំទិវារត់ប្រណាំងម៉ារ៉ាតុននៅអង្គរ ដើម្បីស្តារកំណើនទេសចរក្រោយកូវីដ-១៩
29, Jun 2023 , 9:29 am        
រូបភាព
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិ ចក្រភពខ្មែរ លើកទី៧ រូបពី Khmer Empire Marathon
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិ ចក្រភពខ្មែរ លើកទី៧ រូបពី Khmer Empire Marathon
ក្រសួងទេសចរណ៍ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជា រៀបចំទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ នៅមុខប្រាសាទអង្គរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍លើកទី៨នេះ ធ្វើឡើងក្នុងគោលបំណងស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ ក្រោយជំងឺកូវីដ-១៩។



គណៈកម្មាធិការរៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ បានជូនដំណឹងដល់កីឡាករ កីឡាការិនី ជាតិ និងអន្ដរជាតិ ព្រមទាំងអ្នកមានបំណង​ចូលរួមទាំងអស់ ឲ្យចុះឈ្មោះរួសរាន់ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលមួយចំនួន ដូចជាការធ្វើស្លាកលេខ អាវ និងមេដាយ។ ការចុះឈ្មោះ ​ចាប់ផ្ដើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ គោលបំណងនៃទិវានេះ គឺធ្វើឡើងដើម្បីសុខភាព មិត្តភាព វឌ្ឍនភាពវិស័យទេសចរណ៍ សន្ដិភាព និងកិត្យានុភាព​ របស់កម្ពុជាលើឆាកអន្ដរជាតិ។
 
ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ លើកទី៨ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៅទីតាំងមុខប្រាសាទអង្គរវត្ត។ លោក សែម ផល្លា អ្នកគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍ម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការជំរុញឲ្យអ្នកចូលរួមជាតិ និងអន្ដរជាតិចុះឈ្មោះ ឲ្យបានរួសរាន់នោះ គឺដើម្បីសម្រួលដល់កិច្ចការដ្ឋបាលមួយចំនួន ដូចជាការធ្វើស្លាកលេខ អាវ មេដាយ និងសម្ភារមួយចំនួន សម្រាប់អ្នកចូលរួមទាំងអស់ឲ្យទាន់ពេលវេលា។
 
អ្នកគ្រប់គ្រងទូទៅរូបនេះ បានរំពឹកទុកថា ព្រឹត្តិការណ៍លើកទី៨ គណៈកម្មាធិការរៀបចំ ចង់ឲ្យមានអ្នកចូលរួម ឈានទៅ៣ ០០០នាក់ ច្រើនជាងលើកទី៧ កាលពីឆ្នាំ២០២២ ដែលមានអ្នកចូលរួមត្រឹម ២ ១០០នាក់។ 
 
ដោយឡែក តួលេខនៃអ្នកចូលរួមនេះ មិនច្រើនប៉ុន្មានទេ បើធៀបទៅនឹងពេលដែលពិភពលោក មិនទាន់ជួបវិបត្តិកូវីដ-១៩ ប៉ុន្ដែ ជាការចាប់ផ្ដើម និងស្ដារឡើងវិញនូវវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ លោក សែម ផល្លា បាននិយាយដូច្នេះថា៖«កាលមិនទាន់មានកូវីដ-១៩ មានអ្នកចូលរួមច្រើនរហូតដល់ទៅ ៤ ០០០នាក់ ប៉ុន្ដែក្រោយកូវីដ អ្នកចូលធ្លាក់ចុះប៉ុន្ដែ សម្រាប់ព្រឹត្តិការណ៍លើកទី៧ ឆ្នាំ២០២២ កំណើនអ្នកចូលរួមបានកើនមកវិញ។ សកម្មភាពកីឡានេះ គឺជាការជួយផ្សព្វផ្សាយនៅវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យបរទេសបានដឹងកាន់តែខ្លាំង ហើយក៏ជាការស្ដារឡើងវិញនូវវិស័យមួយនេះ បន្ទាប់ពីធ្លាក់ចុះអំឡុងពេលវិបត្តិកូវីដ-១៩ ផងដែរ។»។
 
គួរបញ្ជាក់​ថា គណៈកម្មាធិការរៀបចំ បានដាក់ ៤វិញ្ញាសា ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ ក្នុងនោះមាន៖ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៣គីឡូ​ម៉ែត្រ។ ព្រឹត្តិការណ៍ម៉ារ៉ាតុននៅអំឡុងខែសីហានេះ បានខកខានអស់រយៈពេល២ឆ្នាំរួចមកហើយ ដោយសារបញ្ហាកូវីដ-១៩។ ព្រឹត្តិការណ៍ចុងក្រោយ នៅឆ្នាំ២០១៩ មានអ្នកចូលរួមប្រមាណជាង៤ ០០០នាក់។ ដោយឡែក ម៉ារ៉ាតុន នាថ្ងៃទី៧ ខែសីហានេះ មានអ្នកចូលរួម២ ១០០នាក់៕
 

Tag:
 រត់ប្រណាំងម៉ារ៉ាតុង
  ម៉ារ៉ាតុង
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com