អន្តរជាតិ
រកឃើញបំណែកសាកសពក្នុងយាន Titan ដែលស្រង់ចេញពីសមុទ្រ
29, Jun 2023 , 10:02 am        
រូបភាព
ក្រុមអ្នកជំនាញរកឃើញបំណែកដែលត្រូវបានសម្មត់ជាសំណល់សាកសពរបស់មនុស្សដែលស្លាប់ក្នុងការផ្ទុះយាន Titan អំឡុងការចុះទៅមើលសពនាវា Titanic កាលពីថ្ងៃទី១៨ ខែមិថុនា។ បើតាមឆ្មាំសមុទ្រអាម៉េរិក ការស៊ើបអង្កេតនឹងបន្តធ្វើដើម្បីកំណត់អត្តសញ្ញាណ និងមូលហេតុនៅពីក្រោយហេតុការណ៍ដែលទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក។

 
បំណែកយាន Titan ដែលផ្ទុះបែកពេលដឹកមនុស្ស៥នាក់ទៅមើលកប៉ាល់ Titanic ត្រូវបានស្រង់ចេញពីទឹកហើយនៅថ្ងៃទី២៨ ខែមិថុនា ដែលជាការបញ្ចប់ប្រតិបត្តិការរុករក និងសង្រ្គោះដ៏លំបាកបំផុតមួយ។ ក្រុមស្រាវជ្រាវក៏រកឃើញសំណល់ដែលជឿថា ជាសាកសពរបស់អ្នកដំណើរទាំង៥នាក់។
 
អ្នកទាំង៥ អាចស្លាប់ភ្លាមៗតែម្ដងពេលយាន Titan ផ្ទុះបន្ទាប់ពីរងសម្ពាធខ្លាំងពេកពេលធ្វើដំណើរក្រោមទឹកមហាសមុទ្រអាត្លង់ទិកជម្រៅប្រមាណ៣,២គីឡូម៉ែត្រ។ អ្នកដំណើរទាំង៥មានមហាសេដ្ឋីអង់គ្លេស-ប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman, អ្នករុករកអង់គ្លេស Hamish Harding, អ្នកជំនាញនាវាមុជទឹកបារាំង Paul-Henri Nargeolet និងនាយកប្រតិបត្តិរបស់ OceanGate Expeditions លោក Stockton Rush។
 
បំណែកយាន Titan ត្រូវបានដឹកទៅអាម៉េរិកសម្រាប់ការវិភាគបន្ថែមទៀត។ កងឆ្មាំសមុទ្រអាម៉េរិកលើកឡើងថា អ្នកជំនាញសុខាភិបាលអាម៉េរិកនឹងចាប់ផ្ដើមវិភាគលើសំណល់ដែលត្រូវបានស្រង់ឡើង។ 
 
ក្រុមអ្នករុករក ប្រទះឃើញបំណែកយាន Titan នៅក្រោមផ្ទៃសមុទ្រចម្ងាយ៥០០ម៉ែត្រពីកប៉ាល់ Titanic ដែលស្ថិតនៅចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីដីគោកក្នុងខេត្ត Newfoundland របស់កាណាដា។
 
ប្រធានក្រុមស៊ើបអង្កេតរបស់អាម៉េរិក Jason Neubauer បញ្ជាក់ថា មានការងារច្រើនជាទៀតដែលត្រូវធ្វើដើម្បីរកហេតុផលនាំដល់សោកនាដកម្មនេះ និងធ្វើយ៉ាងណាបញ្ចៀសរឿងបែបនេះកើតឡើងម្ដងទៀត៕
 

Tag:
 Titan
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com