អន្តរជាតិ
ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនូវែលសេឡង់ដើម្បីពង្រឹងពាណិជ្ជកម្ម
29, Jun 2023 , 7:29 pm        
រូបភាព
ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនូវែលសេឡង់នៅថ្ងៃទី២៨ ខែមិថុនា អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនូវែលសេឡង់ Chris Hipkins ។ កិច្ចព្រមព្រៀងនេះ នឹងបើកចំហទីផ្សារកាន់តែប្រសើរឡើង។

 
ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនូវែលសេងឡង់ Chris Hopkins ផ្តោតសំខាន់លើការបង្កើន​ការនាំ​ចេញ​របស់នូវែលសេឡង់ទៅទីផ្សារចិន ទោះបីជាមានការព្រមានក្នុងប្រទេសអំពីការពឹងផ្អែកខ្លាំងជ្រុលលើ​ចិនចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។
 
នៅរដ្ឋធានីប៉េកាំង លោក Hipkins ជួបជាមួយប្រធានាធិបតី ស៊ី ជិនភីង រួចបន្តជួបសមភាគី លី ឈាំង​។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ភាគីទាំងពីរបានព្រមព្រៀងពង្រឹងពាណិជ្ជកម្ម និងពង្រីកកិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ច​បៃតង និងបង្កើតយន្តការសន្ទនា​ស្តីពី​យាន​ជំនិះថាមពលថ្មី។ ប្រទេសទាំង២ ក៏យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និង​កសិកម្មផងដែរ។
 
លោក ស៊ី បានប្រាប់លោក Hipkins នៅក្នុងជំនួបកាលពីថ្ងៃទី២៧ ខែមិថុនាថា ចិន​តែង​តែ​ចាត់​ទុក​នូវែលសេឡង់ជាមិត្ត និងដៃគូ ហើយបានត្រៀមខ្លួនរួចជាស្រេច​ក្នុង​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយស្ថិរភាព និងនិរន្តរភាព។ ជំហរនេះមិនបានរារាំងលោក Hipkins និយាយរឿងរសើបដូចជាសិទ្ធិមនុស្ស និងសកម្មភាពយោធានៅប៉ាស៊ីហ្វិកឡើយ។
 
«វាមានសារសំខាន់ផងដែរក្នុងការទទួលស្គាល់ផ្នែកនៃភាពខុសគ្នាដូចជាបញ្ហាសិទ្ធិមនុស្ស»។ លោក Hipkins សង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើវេបសាយ​របស់​រដ្ឋាភិបាល​ដោយបញ្ជាក់ថា នូវែលសេឡង់​បន្តជជែកពី​បញ្ហា​ទាំង​នេះ ប៉ុន្តែ​​ក៏ត្រូវស្រប​នឹង​ផល​ប្រយោជន៍ និង​តម្លៃ​ឯករាជ្យ​របស់​ប្រទេសដែរ៕
 
គួរបញ្ជាក់ថា ស្របពេលទំនាក់ទំនងរបស់ចិនជាមួយអាម៉េរិក​មាន​ភាព​តានតឹងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះដូចគ្នាបណ្តាប្រទេសលោកខាងលិចផ្សេងទៀតដូចជាអូស្ត្រាលីនិងកាណាដា នូវែលសេឡង់នៅតែអាចរក្សាទំនាក់ទំនងល្អប្រសើរជាមួយ​ចិនដដែល។ ប៉ុន្តែទីក្រុងវែលីងតោន ក៏រងការព្រមានពីការពឹងផ្អែកខ្លាំងលើប៉េកាំងដែរ៕
 

Tag:
 ចិន
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com