កីឡាជាតិ
ជាតិ
អត្តពលិកវ៉ូវីណាមកម្ពុជាទទួលប្រាក់រង្វាន់មេដាយស៊ីហ្គេមច្រើនជាងគេ ជិត២០ម៉ឺនដុល្លារ
29, Jun 2023 , 2:36 pm        
រូបភាព
កីឡាការិនី ប៉ាល់ ឆរស្ម៊ី (ស្តាំ) បានប្រាក់រង្វាន់ចំនួន២០៦លានរៀល ពីការឈ្នះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១
កីឡាការិនី ប៉ាល់ ឆរស្ម៊ី (ស្តាំ) បានប្រាក់រង្វាន់ចំនួន២០៦លានរៀល ពីការឈ្នះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១
ដោយ:
កីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជាទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនជាងគេចំនួន១៩៦០០០ដុរល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឈ្នះមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ប្រាក់រង្វាន់បានប្រគល់ជូនដល់អត្តពលិកទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេមអស់ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេច ទៀ បាញ់។

 
កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំនួន២០៦លានរៀល (៥១៥០០ដុល្លារ) ពោលគឺច្រើនជាងគេក្នុងចំណោមអត្តពលិកទាំងអស់របស់កម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
  


កីឡាការិនីវ៉ូវីណាម ពៅ សុខា ស្ថិតនៅលេខរៀងទី២ ក្នុងនាមអត្តពលិកឈ្នះមេដាយ និងទទួលបានប្រាក់រង្វាន់ច្រើនបំផុត ក្នុងចំនួន ១៦៦លានរៀល ពីការឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។ កីឡាករ ម៉េត សុភ័ត្រ្តា ទទួលបានប្រាក់រង្វាន់ចំនួន ១៤៨លានរៀល ពីការឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៣ និងស្ថិតនៅលេខ៣ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើន។ កីឡាករវ៉ូវីណាម លី បូរមី ទទួលបានប្រាក់រង្វាន់ចំនួន ១២០លានរៀល ពីការឈ្នះមេដាយមាស៣ និងកីឡាការិនី សុខ នីដានុត ទទួលបានប្រាក់រង្វាន់ចំនួន ៨៦លានរៀល ឈរលេខ៥។ 
 
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ អត្តពលិកវ៉ូវីណាមទទួលបានប្រាក់រង្វាន់ច្រើនជាងគេចំនួន១៩៦០០០ដុល្លារ តាមរយៈការឈ្នះមេដាយសរុប២៧ ក្នុងនោះ មាស១០ ប្រាក់៨ និងសំរឹទ្ធ៩។ ឯគុនខ្មែរទទួលប្រាក់រង្វាន់ច្រើនជាងគេលំដាប់ទី២ចំនួន១៧៣០០០ដុល្លារ ដោយរកបានមេដាយមាស១០ ប្រាក់៣ និងសំរឹទ្ធ២។ មេដាយសរុបកម្ពុជ ទទួលបាន២៨២ មេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC/CAMAPGOC ក្រោមអធិបតីភាពសម្ដេច ទៀ បាញ់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័លាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដែលមានទឹកប្រាក់សរុបចំនួនជាង២៧ពាន់លានរៀល ឬប្រមាណជិត ៦,៦៦លានដុល្លារ។ 
  


សម្រាប់មេដាយមាស១ រដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្ត ៤០លានរៀល ប្រាក់មួយ ៣០លានរៀល និងសំរឹទ្ធមួយ ទទួលបាន ១៦លានរៀល។ ចំពោះគ្រូបង្វឹកដែលមានកូនក្រុមឈ្នះមេដាយ ក៏ទទួលបានប្រាករង្វាន់១០០ភាគរយពេញផងដែរ (ដោយគិតតម្លៃមេដាយណាមួយដែលខ្ពស់ជាងគេតែមួយប៉ុណ្ណោះ) និងគ្រូជំនួយទទួលបាន ៧០ភាគរយ។
 
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣​ ម្ចាស់ផ្ទះកម្ពុជាប្រមូលបានមេដាយសរុបចំនួន ២៨២មេដាយ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។ ដោយឡែកអាស៊ានប៉ារ៉ាហ្គេម កម្ពុជាទទួលបានមេដាយសរុប៧១ ក្នុងនោះមេដាយមាស៩ ប្រាក់១៨​ សំរឹទ្ធ៤៤។ ដូច្នេះ សរុបទាំងមេដាយទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេមមានចំនួន៣៥៣មេដាយ ដោយមេដាយមាស៩០ ប្រាក់៩២ និងសំរឹទ្ធ១៧១
 
ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើនៅថ្ងៃទី៤ ដល់១៧ ខែឧសភា និងប៉ារ៉ាហ្គេមលើកទី១២ ធ្វើនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ជាប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា ដំណើរការដោយជោគជ័យ៕

Tag:
 កីឡាវ៉ូវីណាម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com