ជាតិ
អតីតពលករមួយរូប យកបច្ចេកទេសដាំមើមឈូក​ពីជប៉ុន​មកអនុវត្តជោគជ័យនៅ​ព្រៃវែង
29, Jun 2023 , 8:59 pm        
រូបភាព
រូបភាពពីលោក ឡុង គន្ធា កសិករដាំមើមឈូក នៅព្រៃវែង
រូបភាពពីលោក ឡុង គន្ធា កសិករដាំមើមឈូក នៅព្រៃវែង
លោក ឡុង គន្ធា ជាអតីតពលករជប៉ុន បានយកជំនាញដាំមើមឈូក មកអនុវត្តនៅកម្ពុជាបានជោគជ័យ​។ បច្ចុប្បន្នលោក បានពង្រីកការដាំដំណាំមើមឈូក ក្នុងចម្ការទំហំ២ហិកតា ស្ថិតក្នុងភូមិព្រៃចំការ ស្រុកកំចាយមា ខេត្តព្រៃវែង។



លោក ឡុង គន្ធា ធ្លាប់ជាពលករនៅជប៉ុនអស់រយៈពេល៧ឆ្នាំ។ ក្រោយត្រឡប់មកមាតុភូមិកំណើតក្នុងឆ្នាំ២០១៩ លោក គន្ធា ចាប់ផ្ដើមសាកល្បងដាំ និងបង្កាត់ពូជមើមឈូកដោយខ្លួនឯង តាមជំនាញ និងបច្ចេកទេសពីជប៉ុន។ បច្ចុប្បន្នកសិករវ័យ២៨ឆ្នាំរូបនេះ កំពុងជោគជ័យក្នុងការដាំមើមឈូក ហើយបន្តពង្រីកផ្ទៃដីដាំដុះបានប្រមាណ២ហិកតា នៅភូមិព្រៃចំការ ឃុំស្មោងខាងត្បូង ខេត្តព្រៃវែង។
  
រូបភាពពីលោក ឡុង គន្ធា កសិករដាំមើមឈូក នៅព្រៃវែង
កសិករវ័យក្មេងរូបនេះ ពន្យល់ថា ដំណាំមើមឈូកងាយស្រួលដាំ បើធៀបនឹងដំណាំកសិកម្មមួយចំនួនទៀត ប៉ុន្តែទាមទារឱ្យកសិករមានបច្ចេកទេសច្បាស់លាស់ ទើបអាចទទួលបានទិន្នផលល្អ។ មើមឈូក ជាដំណាំមិនរើសអាកាសធាតុឡើយ ហើយប្រើប្រាស់ជីកំប៉ុសធម្មជាតិ និងលាមកសត្វស្រោចស្រពប៉ុណ្ណោះ។ ចំពោះការប្រមូលផល ចន្លោះពី៣-៤ខែទើបអាចប្រមូលផលម្ដង។
 
ទោះបីកំពុងជោគជ័យលើការដាំដុះ តែលោក គន្ធា មិនសម្រុកផលិតមើមឈូកច្រើនឡើយ ដោយសារតម្រូវការទីផ្សារមានកម្រិតនៅឡើយ។ កសិកររូបនេះថា ប្រមូលទិន្នផលដំណាំមើមឈូកបណ្ដាក់ៗគ្នារាល់ថ្ងៃស្របតាមតម្រូវការរបស់អតិថិជនប្រមាណជាង១០០-២០០គីឡូក្រាម ក្នុងរយៈពេល២-៣ថ្ងៃ។ បច្ចុប្បន្នលោក គន្ធា លក់មើមឈូកតាមអនឡាញ (ហ្វេសប៊ុក) តម្លៃមួយម៉ឺនរៀលក្នុងមួយគីឡូក្រាម។ 
  
រូបភាពពីលោក ឡុង គន្ធា កសិករដាំមើមឈូក នៅព្រៃវែង.jpg
លោក ឡុង គន្ធា លើកឡើងថា៖«ដំណាំមើមឈូកនេះ មិនទាន់មានគេដាំច្រើនទេ អ្នកតាមភូមិអីក៏អត់ស្គាល់ច្រើនដែរ ភាគច្រើនគេដាំឈូកធម្មតា។ អ៊ីចឹងឥឡូវមិនទាន់មានទីផ្សារច្រើនទេ ខ្ញុំលក់តាមអនឡាញខ្លះ​និងបោះឱ្យម៉ូយ២-៣ថ្ងៃ បានជាង១៥០គីឡូក្រាម»។ លោក គន្ធា គ្រោងពង្រីកការដាំមើមឈូកបន្ថែម និងបង្រៀនកសិករពីបច្ចេកទេសដាំដំណាំមើមឈូក បើសិនជាមានតម្រូវការទីផ្សារខ្ពស់ជាងនេះ។ 
 
កសិករវ័យ២៨ឆ្នាំរូបនេះ មានបំណងចង់ចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មក្នុងស្រុកបន្ថែម តាមរយៈដំណាំមើមឈូក ដែលជាដំណាំមានទីផ្សារនៅបរទេស ហើយអាចដាំនៅកម្ពុជាបានដូចដំណាំដទៃដែរ៕
 

Tag:
 មើមឈូក
 ឡុង គន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com