សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
៥ខែ ថៃនាំទុរេនទៅចិនជាង៤៧០ពាន់តោន
29, Jun 2023 , 3:05 pm        
រូបភាព
កម្មករ​តម្រៀប​ទុរេន​នៅ​រោងចក្រ​កែច្នៃ​​ខេត្ត​ចាន់ថាបុរី ប្រទេស​ថៃ ។ រូបភាពពី Xinhua ។
កម្មករ​តម្រៀប​ទុរេន​នៅ​រោងចក្រ​កែច្នៃ​​ខេត្ត​ចាន់ថាបុរី ប្រទេស​ថៃ ។ រូបភាពពី Xinhua ។
ទុរេនថៃប្រមាណ ៤៧០ពាន់តោន ត្រូវបាននាំចេញទៅចិនក្នុងរយៈពេល៥ខែឆ្នាំនេះ ខណៈដែលប្រជាប្រិយភាពនៃទុរេនថៃ នៅតែបន្តកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ចិន  ហើយប្រើប្រាស់ពេលដឹកជញ្ជូនខ្លីជាងមុនត្រឹមតែ៤ថ្ងៃ។ ថៃបានដាក់គោលនាំចេញទុរេនទៅចិនឱ្យបានយ៉ាងតិច៧០០ពាន់តោនក្នុងឆ្នាំនេះ។

 
លោក Anucha Burapachaisri អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ថៃបាននាំចេញទុរេនស្រស់ជាង ៤៧០ពាន់តោនក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ។ នេះក៏ដោយសារទុរេនថៃ កំពុងប្រជាប្រិយភាពខ្លាំងសម្រាប់អតិថិជនចិន គួបផ្សំជាមួយការដឹកជញ្ជូនកាន់តែលឿនជាងជាងមុន ។
 
បច្ចុប្បន្ន ទុរេនថៃជាង ១៥០ពាន់ផ្លែកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ដោយកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះបើធៀបនឹងពេលមុន៨ទៅ១០ថ្ងៃមុនតាមរយៈផ្លូវសមុទ្រ។ ជម្រើសនៃការដឹកជញ្ជូនថ្មីនេះ មិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមផ្លែឈើថៃប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។
 
ក្នុងឆ្នាំ ២០២២ ការនាំចេញទុរេនស្រស់របស់ថៃមានតម្លៃជាង១,១ពាន់លានបាត(ប្រមាណ៣០លានដុល្លារ) ដែលជាតម្លៃខ្ពស់បំផុតនៃការនាំចេញទុរេនក្នុងរយៈពេល៣០ឆ្នាំ។ កំណើននេះ សបញ្ជាក់ឱ្យឃើញពីភាពប្រសើរឡើងនៃដឹកជញ្ជូន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩របស់ចិន រសជាតិនៃទុរេនថៃ និងវិធានការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹង។
 
លោក Anucha បានបន្ថែមថា រដ្ឋាភិបាលថៃកំពុងជំរុញឱ្យអ្នកពាក់ព័ន្ធ ផ្តល់អាទិភាពដល់ស្តង់ដារគុណភាពទុរេនថៃពេញមួយខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើតាមសារព័ត៌មានថៃ The Nation ។ 
 
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ ចិននៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ធុរេនថៃ ដែលស្មើនឹងជាង ៩៦ភាគរយនៃបរិមាណនាំចេញសរុបនៅក្នុងឆ្នាំមុន។ ក្នុងឆ្នាំ២០២៣ ក្រសួងកសិកម្មថៃបានដាក់គោលដៅនាំចេញទុរេនស្រស់មិនតិចជាង ៧០០ពាន់តោនទៅកាន់ចិន ។ 
 
ក្នុងឆ្នាំ២០២២ ថៃស្ថិតក្នុងចំណោមប្រទេសនាំចេញផ្លែឈើច្រើនជាងគេទៅកាន់ចិន ដែលរកចំណូលបានជាង ៤,៩ពាន់លានដុល្លារ កើនឡើង ៣,៧២ភាគរយធៀបនឹងឆ្នាំមុន៕
 

Tag:
 ទុរេន
  ចិន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com