សង្គមអន្តរជាតិ​
អន្តរជាតិ
ចង់រៀនមហាវិទ្យាល័យមហាសេដ្ឋីចិន Liang Shi នៅតែ​ប្រឡងធ្លាក់ក្រោយព្យាយាម២៧លើក
30, Jun 2023 , 8:29 am        
រូបភាព
លោក Liang Shi កំពុងមើល​ឯកសារត្រៀម​​មុន​ចូលប្រឡងនៅ Chengdu ក្នុង​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន។ រូបភាព AFP ។
លោក Liang Shi កំពុងមើល​ឯកសារត្រៀម​​មុន​ចូលប្រឡងនៅ Chengdu ក្នុង​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន។ រូបភាព AFP ។
លោក Liang Shi ដែលជាសេដ្ឋីចិនអាយុ ៥៦ឆ្នាំ បានបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏ល្បីរបស់ចិនជាលើកទី ២៧។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។

 
អតីត​កម្មករ​រោងចក្រ​ ដែល​បច្ចុប្បន្នមាន​មុខ​របរ​លក់​គ្រឿង​សំណង់​ ហើយបានក្លាយ​ជា​សេដ្ឋី​ម្នាក់​ ​មាន​ក្តី​សុបិន​ចង់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ។ ប៉ុន្តែលោក Liang Shi បានបរាជ័យជាថ្មី។
 
« វាជាគំនិតមួយដែលមិនស្រួល សម្រាប់ខ្ញុំមិនបានទទួលបានការអប់រំនៅមហាវិទ្យាល័យ» លោក Liang បានប្រាប់ AFP កាលពីដើមខែនេះដោយបន្តថា ៖«ខ្ញុំពិតជាចង់ចូលរៀននៅសាកលវិទ្យាល័យ ដើម្បីក្លាយជាបញ្ញវន្តម្នាក់»។
 
ដើម្បីអាចចូលរៀននៅមហាវិទ្យាល័យបាន​ លោក Liang ត្រូវតែឆ្លងកាត់ការធ្វើតេស្តមួយឆ្នាំម្តង Gaokao ។ ការធ្វើតេស្តនេះ​ មានស​ភាព​តានតឹង​ខ្លាំង​ដោយសារមាន​ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ និង​តាម​សាលារៀន​នា​ថ្ងៃ​ប្រឡង។
 
លោក Liang បានចាប់ផ្តើមប្រឡងនៅឆ្នាំ ១៩៨៣ នៅពេលគាត់មានអាយុ ១៦ឆ្នាំ។ ប៉ុន្តែលោកបានបោះបង់ចោលប្រហែលមួយទសវត្សរ៍រហូតដល់ឆ្នាំ ១៩៩២ ទើបបានប្រឡងម្តងទៀត ដែលពេលនោះមានលក្ខខណ្ឌសម្រាប់តែអ្នកនៅលីវមានអាយុក្រោម ២៥ឆ្នាំប៉ុណ្ណោះ ។ គាត់បានធ្វើតេស្តម្តងទៀតក្នុងឆ្នាំ ២០០១ នៅពេលលក្ខខណ្ឌទាំងនោះត្រូវបានដកចេញ។
 
លោក Liang បានលើកឡើងថា បានរស់នៅជាជីវិតព្រះសង្ឃ អស់រយៈពេលពីរបីខែមុនពេលប្រលង ដោយបានចំណាយពេល ១២ម៉ោងក្នុងមួយថ្ងៃដើម្បីសិក្សា។
 
ទោះជាយ៉ាងណាក៏ដោយលោក Liang បានធ្លាក់ការធ្វើតេស្តម្តងទៀត ក្នុងការប្រឡងចូលមហាវិទ្យាល័យនៅខេត្ត Sichuan ដោយបានពិន្ទុត្រឹមតែ ៤២៤ លើ ៧៥០ ពិន្ទុគឺទាបជាងកម្រិតទាមទាររបស់សកលវិទ្យាល័យ។ 
 
លោកបន្តប្រាប់អ្នកសារព័ត៌មានថា ៖ « មុនពេលខ្ញុំប្រកាសលទ្ធផល ខ្ញុំមានអារម្មណ៍ថាមិនអាចទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ ដើម្បីចូលសាកលវិទ្យាល័យលំដាប់ៗនោះទេ ​ប៉ុន្តែ​ខ្ញុំ​មិន​បាន​រំពឹង​អ្វី ក្រៅពី​ធ្វើ​វា​ទៅ​ជា​រឿង​ធម្មតា​នោះ​ទេ​»។ 
 
Gaokao ជាកម្មវិធីប្រឡងដ៏លំបាកមួយក្នុងការធ្វើតេស្តសិស្សវិទ្យាល័យលើភាសាចិន គណិតវិទ្យា និងភាសាអង់គ្លេសរបស់ពួកគេ ជាមួយមុខវិជ្ជាវិទ្យាសាស្ត្រ ឬមនុស្សសាស្ត្រផ្សេងទៀតដែលពួកគេជ្រើសរើស។ ទិន្នន័យរបស់រដ្ឋាភិបាលចិនបង្ហាញតែ ៤១,៦ភាគរយនៃបេក្ខជនប្រឡង ត្រូវបានទទួលយកចូលសាកលវិទ្យាល័យ ឬមហាវិទ្យាល័យក្នុងឆ្នាំ២០២១៕
 

Tag:
 សេដ្ឋីចិន
  មហាវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com