កីឡាជាតិ
ជាតិ
លោក រស់ សុជា បើកក្លិបប្រដាល់គុនខ្មែរឡើងវិញ ក្នុងគោលដៅផលិតធនធានថ្នាលឱ្យបានច្រើន
30, Jun 2023 , 8:59 am        
រូបភាព
លោក រស់ សុជា ប្រធានក្លិបប្រដាលចក្រវាឡគុនខ្មែរ បើកក្លិបប្រដាល់សារជាថ្មី បន្ទាប់ពីត្រូវបានបិទកាលពីឆ្នាំ២០២០ ព្រោះបញ្ហាកូវីដ-១៩ និងបញ្ហាជីវភាពគ្រួសារ។ បើកឡើងវិញ ដោយសារ លោកសុជា ចង់បណ្ដុះសមត្ថភាព និងធនធានកីឡាករ-កីឡាការិនីថ្នាល ដែលមានគុនភាព ឲ្យបានច្រើនក្នុងវិស័យប្រដាល់គុនខ្មែរ។ ប្រធានក្លិបរូបនេះ ជឿថា ការបណ្ដុះធនធាន ជាការជួយជ្រោមជ្រែងវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន។



លោក រស់ សុជា បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា ក្លិបប្រដាល់ចក្រវាឡគុនខ្មែរ ដែលមានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  បានចាប់ផ្ដើមបើកដំណើរការឆ្នាំ២០១៩។ ប៉ុន្ដែដោយសារតែមិនអំណោយផលព្រោះបញ្ហាកូវីដ-១៩ បូករួមជាមួយបញ្ហាសុខភាពរបស់ភរិយាផង លោក សុជា សម្រេចបិទក្លិបមួយរយៈពេល។
  
លោក រស់ សុជា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ

ដោយឡែកនៅខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយ វិបត្តិកូវីដ-១៩ បានស្ងប់ស្ងាត់ និងជំងឺរបស់ភរិយាលោក បានជា ទើប លោក សុជា សម្រេចបើកក្លិបសារជាថ្មី ដោយទើបទទួលបានសិស្សចំនួន ៦នាក់។ សិស្សប្រដាល់គុនខ្មែរទាំងនោះ សុទ្ធតែជាយុវជន និងក្មេងៗ។ ដោយសារបញ្ហាខ្វះខាតថវិការ ទើបក្លិបបានចាប់ផ្ដើមម្ដងបន្ដិចៗ។ 
 
លោក សុជា បានប្រាប់ពីឆន្ទៈខ្លួនថារូបលោក ចង់បណ្ដុះធនធានឲ្យបានច្រើន។ បើទោះមិនទាន់មានថវិការច្រើន ក្នុងការទិញឧបករណ៍ សំភារៈច្រើនសម្រាប់ហ្វឹកហាត់ ប៉ុន្ដែគ្រូបង្វឹកនេះ នៅតែបើកទ្វាទទួលសិស្ស ឲ្យតែអ្នកទាំងនោះ មានឆន្ទៈក្នុងការហ្វឹកហាត់ និងជួយជ្រោមជ្រែងក្បាច់គុនកេរ្ដិ៍ដំណែលមួយនេះ។
 
«ខ្ញុំ ស្រឡាញ់ និងចង់ឲ្យយុវជន ហាត់កីឡាឲ្យបានច្រើន កុំឲ្យប្រើប្រាស់គ្រឿនញៀន ចង់ឲ្យយុវជនលេងកីឡាដើម្បីសុខភាព ដោយរក្សាកេរ្តិ៍ដំណែលក្បាច់គុនដូនតារបស់យើង។ ចំណាប់អារម្មណ៍ ខ្ញុំ គឺបណ្ដុះថ្នាល់ចេញសិន ឲ្យថ្នាលទាំងអស់នេះ រឹងដៃ រឹងជើង យុវជន ដែលចង់ចូលរួមហាត់ក៏ខ្ញុំអនុញ្ញាតដែរ។ យើង ចង់ឲ្យគាត់ហាត់ទាំងអស់ គឺមិនមានយកថិវិកា ពីពួកគាត់ ឲ្យតែគាត់ចង់ហាត់ពិតប្រាកដ ខ្ញុំបង្ហាត់ជូន ដោយមិនគិតលុយទេ ទោះខ្ញុំ លំបាកយ៉ាងណាក៏ដោយ។ ឲ្យតែគាត់ដាក់ចិត្តហាត់គុនខ្មែរ គឺខ្ញុំបង្ហាត់គាត់។»។
 
គួរបញ្ជាក់ផងដែរថា លោក រស់ សុជា គឺអតីតកីឡាករប្រដាល់គុនខ្មែរមួយរូប ប៉ុន្ដែដោយសារតែបញ្ហាគ្រួសារ ទើបលោក សម្រេចឈប់ប្រកួតតាំងពីឆ្នាំ២០១៥។ ប៉ុន្ដែ ព្រោះតែបន្ដក្ដីស្រឡាញ់ និងចង់ចូលរួមផ្សព្វផ្សាយ ជ្រោមជ្រែងកីឡាមួយនេះ ទើប លោក សុជា សម្រេចបើកក្លិបប្រដាល់ចក្រវាឡគុនខ្មែរ៕ 
 

Tag:
 ប្រដាល់គុនខ្មែរ
  រស់ សុជា
© រក្សាសិទ្ធិដោយ thmeythmey.com