កីឡាជាតិ
ជាតិ
Burn X Flash ត្រូវជ្រើសរើសតំណាងកម្ពុជា ទៅប្រកួតជម្រុះកម្រិតអាស៊ីដណ្តើមកៅអីពិភពលោក
29, Jun 2023 , 4:59 pm        
រូបភាព
ក្រុម Burn X Flash ថតរូបជុំគ្នា បន្ទាប់ពីដណ្ដើមបានលេខ៤ ក្នុងព្រឹត្តិការណ៍ MSC
ក្រុម Burn X Flash ថតរូបជុំគ្នា បន្ទាប់ពីដណ្ដើមបានលេខ៤ ក្នុងព្រឹត្តិការណ៍ MSC
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports FC) បានបង្ហាញពីសមាសភាពប្រតិភូ៧រូប មកពីក្រុម Burn X Flash ដែលមានកីឡាករ និងគ្រូបង្វឹក ត្រូវទៅប្រកួតវគ្គជម្រុះ Gamers 8 Asia Championship នៅក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា។ លោក លន់​ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា សង្ឃឹមថា Burn X Flash នឹងអាចរកកៅអីទៅវគ្គប្រកួតជើងឯកពិភពលោក IESF 15th We Championships IASI 2023 នៅប្រទេសរូម៉ានី។



លោក លន់ សាមឌី មានទំនុកចិត្តជាខ្លាំងចំពោះក្រុម Burn X Flash ក្នុងការស្វែករកកៅអីទៅវគ្គបន្ទាប់ ព្រោះតែអ្នកទាំងនោះ សុទ្ធតែមានបទពិសោធប្រកួតនៅលើឆាកអន្ដរជាតិ ជាច្រើនលើក។ ម្យ៉ាងវិញទៀត កម្រិតបច្ចេកទេសរបស់កីឡាករកម្ពុជាក្រុមនេះ មានការរីកចម្រើនខ្លាំង តាមរយៈការបង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍ E-Sports នៅកម្មវិធី MSC2023 ដែលរៀបចំនៅកម្ពុជាលើកដំបូង។

ក្រុម Burn X Flash ថតរូបជុំគ្នា បន្ទាប់ពីដណ្ដើមបានលេខ៤ ក្នុងព្រឹត្តិការណ៍ MSC
«ចំពោះការប្រកួតព្រឹត្តិការណ៍កម្រិតអាស៊ីនេះ យើងរំពឹងថាកីឡាករ អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន។ ប្រសិនយើង មើលលើបច្ចេកទេស របស់ពួកគាត់ គឺល្អជាងមុនឆ្ងាយណាស់ សម្រាប់ក្រុមមួយនេះ (Burn X Flash ) ធ្លាប់ចូលរួមប្រកួតស៊ីហ្គេម ហើយក៏ធ្លាប់ប្រកួត MSC ដែលទើបបញ្ចប់នៅកម្ពុជា​ របស់យើង ហើយគាត់ទទួលបានចំណាត់ថ្នាក់លេខ ៤ ទាំងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ផងដែរ។ ខ្ញុំ ជឿថាវគ្គជម្រុះនេះ កម្ពុជា អាចទៅវគ្គបន្ទាប់បាន។»។ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិករូបនេះ បាននិយាយដូច្នេះ។
 
សមាសភាពប្រតិឡូកីឡាអេឡិចត្រនិកកម្ពុជា ទាំង៧រូប ត្រូវទៅក្រុងរីយ៉ាត រួមមាន៖ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង, លោក Alvarez Soriano Ralph James គ្រូបង្វឹកក្រុម Burn X Flash, កីឡាករ ទី ឧត្តម, កុសល ពិសិដ្ឋ, សុខ រដ្ឋ, សូ ម៉ារ៉ា និង វិធូរ សុវិសាល។
 
កម្ពុជា ធ្លាប់ឆ្លងផុតវគ្គជម្រុះកម្រិតអាស៊ីនេះម្ដងរួចមកហើយ កាលពីឆ្នាំ២០២២ ហើយក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងការប្រកួតជើងឯកពិភពលោកនេះ ផងដែរ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុម Impurnity KH ជាតំណាងកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
គួរបញ្ជាក់ផងដែរ ការប្រកួតជម្រុះក្នុងទ្វីបអាស៊ី នឹងត្រូវធ្វើចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកជើងខ្លាំងក្នុងតំបន់អាស៊ី ទៅប្រកួតជើងឯងពិភពលោក IESF 15th We Championships IASI 2023 នៅប្រទេសរូម៉ានី ដែលជាជុំផ្តាច់ព្រ័ត្រ៕
 

Tag:
 លន់ សាមឌី
  Burn X Flash
© រក្សាសិទ្ធិដោយ thmeythmey.com