សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រធានធនាគារកណ្តាលអាម៉េរិក ៖ អតិផរណាមិនទាន់ចុះដល់គោលដៅកំណត់ អត្រាការប្រាក់នៅតែត្រូវបង្កើន
29, Jun 2023 , 6:44 pm        
រូបភាព
លោក Jerome Powell ប្រធាន Fed ។ រូបភាពពី Xinhua ។
លោក Jerome Powell ប្រធាន Fed ។ រូបភាពពី Xinhua ។
ប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell នៅថ្ងៃទី ២៨ ខែមិថុនាបានបន្តបង្ហាញពីជំហរដ៏លើគោលនយោបាយរូបិយវត្ថុដោយរំពឹងថា អត្រាការប្រាក់នឹងកើនឡើងពីរបីដងទៀត ហើយថែមទាំងកើនឡើងក្នុងអត្រាខ្ពស់ទៀតផង។

 
«យើងជឿថា វានៅតែត្រូវរឹតបន្តឹង។ កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​នេះ គឺ​ជា​ទីផ្សារ​ការងារដែលកំពុង​កើនឡើងខ្លាំង »។ លោក Powell បាននិយាយបែបនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយធនាគារកណ្តាលអឺរ៉ុប (ECB) នៅទីក្រុង Sintra ទឹកដីព័រទុយហ្គាល់។ 
 
នេះជាការបញ្ជាក់ជំហរឡើងវិញរបស់លោក Powell ជុំវិញអត្រាការប្រាក់ ដែលអាចកើន០,៥ភាគរយបន្ថែមទៀតនៅក្នុងឆ្នាំនេះ។
 
កាលពីពេលថ្មីៗលោក Powell បានអះអាងថា លទ្ធភាពនៃការដំឡើងអត្រាការប្រាក់ នឹងមិនកើតឡើងនៅក្នុងកិច្ចប្រជុំជាប់ៗគ្នានោះទេ ប៉ុន្តែនាថ្ងែទី២៨ខែមិថុនា លោកបែរជានិយាយថា អត្រាការប្រាក់ក៏អាចកើនឡើងជាបន្តបន្ទាប់ អាស្រ័យលើការវិវឌ្ឍរបស់សេដ្ឋកិច្ច។
 
ចាប់តាំងពីចាប់ផ្តើមរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងខែមីនាឆ្នាំ២០២២ ធនាគារកណ្តាលអាម៉េរិកមានការដំឡើងអត្រាការប្រាក់ចំនួន១០ដងជាប់ៗគ្នា ក្នុងនោះមាន៤ដង ដំឡើង០,៧៥ភាគរយជាប់ៗគ្នា។ 
 
អ្នកសេដ្ឋកិច្ចភាគច្រើនយល់ថា ការបន្តកើនឡើងអត្រាការប្រាក់ នឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ លោក Powell ក៏យល់ឃើញដូច្នោះដោយបន្ថែមថា​ ៖ « វាមិនមែនជាលទ្ធភាពប្រាកដនោះទេ ប៉ុន្តែវាពិតជាអាចទៅរួច »។
 
ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បាននិយាយថា ៖ « យើងនៅតែមានផ្លូវដ៏វែងឆ្ងាយដើម្បីដើរ ហើយទំនងជានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅក្នុងខែកក្កដា»។
 
ចំណែកទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) លោក Kazuo Ueda ក៏បានអះអាងស្រដៀងគ្នាដែរថា អាចប្តូរទៅការរឹតបន្តឹងពីគោលនយោបាយធូររលុងជ្រុលដូចបច្ចុប្បន្ន ប្រសិនបើអតិផរណាមិនធូរស្រាល៕
 

Tag:
 អាម៉េរិក
  Fed
  BOJ
  ECB
  Jerome Powell
© រក្សាសិទ្ធិដោយ thmeythmey.com