អន្តរជាតិ
ក្រុងប៉េកាំងរិះគន់លោក ប្លីងខិន ដែលនិយាយថាអាម៉េរិកបន្តធ្វើនិងនិយាយអ្វីដែលចិនមិនចូលចិត្ត
30, Jun 2023 , 11:27 am        
រូបភាព
ក្រសួងការបរទេសចិននាថ្ងៃទី២៩ ខែមិថុនា បានបង្ហាញជំហរជំទាស់ទៅនឹងការលើកឡើងរបស់​រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ដែលនិយាយថា អាម៉េរិកបន្តធ្វើអ្វីដែលចិនមិនចូលចិត្ត។ ចិនចាត់ទុកការលើកឡើងបែបនេះជាការគ្មានការទទួលខុសត្រូវ និងការចាកចេញពីបទដ្ឋាន​ជា​មូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

 
ទើបបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកជាថ្មី។ នៅពេលត្រូវបានសួរអំពីការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះនៅក្នុងបទ សម្ភាសមួយលោក ប្លីងខិន បានអះអាងថា អាម៉េរិកនឹងបន្តធ្វើ និងនិយាយអ្វីដែលចិនមិនចូលចិត្ត។ 
 
«ចិនមិនពេញចិត្តនឹងការអត្ថាធិប្បាយរបស់ប្រមុខការទូតប្លីងខិនឡើយ»។ អ្នកនាំពាក្យក្រសួង​ការ​បរទេសចិនលោកស្រី Mao Ning​ បានថ្លែងបែបនេះអំឡុងសន្និសីទកាសែតប្រចាំថ្ងៃតបនឹងលោក ប្លីងខិន។ លោកស្រី Mao បន្តថា អាម៉េរិក​បន្ត​អនុវត្ត​គោលនយោបាយចំពោះ​ចិន​ដែល​មាន​ការ​យល់​ខុស​ដែល​កើត​ចេញ​ពីការស្វែងរក​ការ​រារាំង ទប់ស្កាត់ និង​គាបសង្កត់​ ហើយ​ព្យាយាមវាយលុក និង​លាប​ពណ៌ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។
 
បើតាមមន្រ្តីដដែល អ្វី​ដែលប្រមុខការទូត​​អាម៉េរិក​បាន​និយាយ និង​ធ្វើ​ គឺ​រំលោភ​លើ​បទដ្ឋានមូលដ្ឋាន​ដែល​គ្រប់​គ្រង​ទំនាក់​ទំនង​អន្តរជាតិ ដែលចិន​មាន​ហេតុផល​គ្រប់​យ៉ាង​ដើម្បី​ប្រឆាំងយ៉ាង​ម៉ឺងម៉ាត់។ 
 
អ្នកនាំពាក្យរូបនេះបញ្ជាក់ម្តងទៀតថា ការគោរពគ្នាទៅវិញទៅមក ជាគោលការណ៍ជាមូលដ្ឋាន​សម្រាប់​ប្រទេសទាំងពីរដែលកំពុងជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក និងជាធាតុផ្សំដ៏​សំខាន់​សម្រាប់ចិន និងអាម៉េរិកក្នុងការស្វែងរកវិធីត្រឹមត្រូវក្នុងការចុះសម្រុងគ្នា។ ចិនក៏ជំរុញឱ្យអាម៉េរិកបញ្ឈប់ការបញ្ចេញមតិដែលមិនទទួលខុសត្រូវ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន​ជាមួយនឹងសកម្មភាពជាក់ស្តែងផងដែរ៕
 

Tag:
 ចិន
 ​ អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com