សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនសងបំណុលឱ្យ IMF ជាប្រាក់យ័នរបស់ចិន
30, Jun 2023 , 4:37 pm        
រូបភាព
ប្រាក់យ៉ន់របស់ចិន ។ រូបភាពពី AFP ។
ប្រាក់យ៉ន់របស់ចិន ។ រូបភាពពី AFP ។
រដ្ឋាភិបាលអាហ្សង់ទីនបានសងបំណុលទៅឱ្យមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ជាប្រាក់យ័នក្នុងគោលបំណងការពារលទ្ធភាពនៃការធ្លាក់ចុះទុនបម្រុងជាប្រាក់ដុល្លារនៅក្នុងធនាគារកណ្តាល។

 
នៅថ្ងៃទី ២៩ខែមិថុនា អ្នកនាំពាក្យការិយាល័យប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន Gabriela Cerruti និយាយថា ក្រសួងសេដ្ឋកិច្ចនៃប្រទេសនេះ នឹងទូទាត់ទឹកប្រាក់ចំនួន ២,៧ពាន់លានដុល្លារដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ជាប្រាក់យ័ន។
 
បើតាមលោកស្រី Cerruti ការធ្វើបែបនេះ គឺដើម្បីការពារលទ្ធភាពនៃឱនភាពប្រាក់បម្រុងដុល្លារនៅធនាគារកណ្តាល ដោយជៀសវាងការរំលោភលើបទប្បញ្ញត្តិស្តីពីការបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសនៅក្នុងកិច្ចព្រមព្រៀងបំណុលចំនួន ៤៤ពាន់លានដុល្លារជាមួយ IMF ។
 
នៅឆ្នាំ ២០២១ អាហ្សង់ទីនទទួលបបានប្រាក់ ៤,៣៣៤ពាន់លានSDR (៥,៧៦ពាន់លានដុល្លារ) ដែលជារូបិយប័ណ្ណផ្លូវការរបស់ IMF ដែលបានបែងចែកដល់ប្រទេសជាសមាជិក ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ បើតាមក្រសួងសេដ្ឋកិច្ចអាហ្សង់ទីន រដ្ឋាភិបាលកំពុងចរចាដើម្បីទទួលបានទឹកប្រាក់បន្ថែម ៣ពាន់លាន SDR (ប្រហែល ៤ពាន់លានដុល្លារ) ពី IMF ។
 
នៅដើមខែមិថុនាឆ្នាំ២០២៣ ធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន (BCRA) បានចុះកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយចិន ដើម្បីអនុញ្ញាតឱ្យប្រទេសអាម៉េរិកខាងត្បូងបង្កើនទុនបំរុងរូបិយប័ណ្ណបរទេសដែលកំពុងធ្លាក់ចុះ។ 
 
អាហ្សង់ទីនបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Mauricio Macri ហើយត្រូវងាកទៅរកការគាំទ្រពី IMF ។ ស្ថាប័នហិរញ្ញវត្ថុពហុភាគីនេះបានយល់ព្រមផ្តល់ប្រាក់កម្ចីដល់អាហ្សង់ទីនរហូតដល់ ៥៧ពាន់លានដុល្លារ ដែលជាកម្រិតប្រាក់កម្ចីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ IMF ។
 
ទោះជាយ៉ាងណាក៏ដោយ IMF បានបញ្ចេញថវិកាត្រឹមតែជិត ៤៥ពាន់លានដុល្លារប៉ុណ្ណោះ នៅពេលដែលរដ្ឋាភិបាលរបស់លោក Macri ចាញ់ការបោះឆ្នោត ខណៈដែលរដ្ឋបាលថ្មីរបស់ប្រធានាធិបតី Alberto Fernández បានបដិសេធមិនទទួលយកប្រាក់កម្ចីដែលនៅសល់។
 
នៅខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលអាហ្សង់ទីនបានឈានដល់កិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលជាមួយ IMF ដែលរួមបញ្ចូលបទប្បញ្ញត្តិដ៏តឹងរឹងជាច្រើនលើទុនបម្រុងរូបិយប័ណ្ណបរទេស ចំណូលថវិកា និងការចំណាយ។
 
សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ អាហ្សង់ទីនត្រូវការប្រាក់ចំនួន ១០,៦ពាន់លានដុល្លារ ដើម្បីបង្កើនទុនបម្រុងរបស់ធនាគារកណ្តាល និងពង្រឹងសារពើពន្ធតាមតម្រូវការរបស់ IMF​។ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាម៉េរិកខាងត្បូងមួយនេះ ខាតបង់ប្រហែល ២០ពាន់លានដុល្លារ៕
 

Tag:
 ចិន
  ប្រាក់យ៉ន់
  IMF
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com