ជាតិ
ក្រសួងកសិកម្មសិក្សាបង្កើតសហគមន៍កសិកម្មដើម្បីជួយកសិករ
01, Jul 2023 , 7:40 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពពី_ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពពី_ក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្មគ្រោង​បង្កើត​គម្រោងសហគមន៍​កសិកម្មបែបថ្មីមួយដែលនឹងជួយអភិវឌ្ឍវិ​ស័យ​កសិកម្ម​ផង និងជួយដល់កសិករផង។ គំនិតផ្តួចផ្ដើមនេះ​ត្រូវបានលើកឡើងដោយ​លោករដ្ឋមន្ត្រី​កសិកម្ម ឌិត ទីណា នៅក្នុងពិធីជួបជុំ​ជាមួយតំណាង​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារមានជ័យ​នៅថ្ងៃទី​២៩​ខែមិថុនានេះ។



សហគមន៍​កសិកម្មនេះ​នឹងបង្កើនប្រាក់ចំណេញ​ដល់​សមាជិកសហគមន៍​ប្រកបដោយចីរភាព និងសមភាព។ នេះបើតាម​អះអាងរបស់លោក​រដ្ឋមន្ត្រី ឌិត ទីណា ដែល​ត្រូវបានដកស្រង់នៅ​ក្នុង​អត្ថបទ​ខ្លី​នៅលើទំព័រហ្វេសប៊ុក​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


រូបភាពពី_ក្រសួងកសិកម្ម

យោងតាម​ទំព័រហ្វេសប៊ុក​ដដែលនេះ លោករដ្ឋមន្ត្រី​មានប្រសាសន៍​យ៉ាងដូច្នេះ៖«គំនិតផ្ដួចផ្តើម​បង្កើត​សហគមន៍​ថ្មីនេះ ធ្វើឡើងដោយឈរលើទស្សនៈវិស័យ​វែងឆ្ងាយ​ដើម្បីអភិវឌ្ឍ​វិស័យកសិកម្ម ជួយ​បង្កើន​បច្ចេកទេសដាំដុះ និងជួយស្វែងរកទីផ្សារ។»។
 
នៅក្នុង​ក្របខណ្ឌនៃសហគមន៍កសិកម្ម​ថ្មីនេះ បើតាមការបញ្ជាក់របស់លោក​រដ្ឋ​មន្ត្រី ក្រសួងកសិកម្ម​នឹងធ្វើការកិច្ចការជាច្រើនដើម្បីជួយ​សហគមន៍នេះដូចជា៖ ការ​ស្វែងរកប្រមូល​ទុនវិនិយោគ បណ្ដុះ​បណ្ដាល​​ជំនាញ​បច្ចេកទេស ដោះស្រាយបញ្ហាប្រឈម​ក្នុងវិស័យកសិកម្ម​ដែលកើតឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ ការរៀបចំពូជ​តាម​តម្រូវការទីផ្សារ។
 
បើសិនជា​ការ​រៀបចំ​គំនិតផ្តួចផ្ដើមនេះ​មាន​ដំណើរការ​ល្អ ក្រសួងកសិកម្ម​នឹងចាប់ផ្តើម​គម្រោងថ្មីនេះលើដំណាំស្រូវ ស្វាយចន្ទី និងម្រេច៕

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com