ជាតិ
ក្រសួងអប់រំ ជំរុញការផ្សព្វផ្សាយពីសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់
01, Jul 2023 , 9:00 pm        
រូបភាព
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ ៖ ​ក្រសួងអប់រំ យុវជន និងកីឡា បានសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការ​ស្វែង​​រក​សេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គិលិកអប់រំវ័យចាស់ ដើម្បី​ផ្តល់​​​ចំណេះ​ដឹង​ស្តីពី​វិធាន​ការ បង្ការ ជំងឺឆ្លងនិងមិនឆ្លង និងការស្វែងរកសេវា​គាំ​ទ្រ​សុខ​ភាពផ្លូវចិត្ត​ដល់បុគ្គលិកអប់រំ​វ័យ​ចាស់ ក្នុងវិស័យអប់រំផ្លូវចិត្ត នៅថ្នាក់​កណ្តាល​​។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែង​ក្នុង​ពិធីបើ​ក​សិក្ខា​សា​លា​នេះ កាលពីថ្ងៃទី ២៧ ខែមិថុនាថា ការលើកកម្ពស់​គុណភាព​ជីវិតរបស់មនុស្សវ័យ​ចាស់ ក្នុងវិស័យអប់រំ គឺជារួមចំណែករក្សាសុខភាពផ្លូវចិត្តរបស់បុគ្គលិក ព្រមទាំងធានាថា ស្ថាប័នអប់រំនៅ​កម្ពុជា បន្តរក្សាបាននូវបទដ្ឋានសុខភាពកាន់តែខ្ពស់​។
 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គិលិកអប់រំវ័យចាស់ កាលពីថ្ងៃទី ២៧ ខែមិថុនា។ រូបភាព៖ ហ្វេសបុក

បើតាម លោក ហង់ជួន ណារ៉ុន ក្នុងនាមជាស្ថាប័ននាំមុខ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រ​​សួង​អប់រំ បាន​ដាក់ចេញនូវគោលនយោបាយផែនការចង្អុលផ្លូវអប់រំ ឆ្នាំ២០៣០ ផែនការ​មេ​ស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបាន​អភិវឌ្ឍ​សៀវភៅ​គោលប្រតិបត្តិ ស្តីពីការសង្គ្រោះផ្លូវចិត្តបឋម សម្រាប់បុគ្គលិកអប់រំ​ដែលគ្របដណ្តប់​ទាំង​ការ​​គាំទ្រផ្នែកចិត្តសាស្រ្ត និងសង្គមជាកិច្ចអន្តរាគមន៍ ឆ្លើយតបដំបូង ដែលបង្កើតឡើង ដោយអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួល​រង​នូវវិបត្តិធ្ងន់ធ្ងរ។
 
លោករដ្ឋមន្ត្រី សង្ឃឹមថា​សិក្ខាសាលានេះ​ នឹងផ្តល់នូវចំណេះដឹង និងបទ​ពិសោធន៍ថ្មីៗ​បន្ថែម​​ទៀត​ដល់អ្នកចូលរួម ដើម្បីផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធ​ ដើម្បីលើកកម្ពស់ផ្លូវចិត្ត​ដល់​បុគ្គលិកអប់រំ​៕
 

Tag:
 (វិស័យអប់រំ
  ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com