ជាតិ
អង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្តរប្រទេស និងបង្កើតកិច្ចគាំពារឱ្យបានខ្ពស់ដល់កុមារ
01, Jul 2023 , 10:20 pm        
រូបភាព
កុមារ៖ រូបតំណាង
កុមារ៖ រូបតំណាង
ដោយ:
ថ្មីនេះ អង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​បញ្ឈប់​នូវ​កា​របើក​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​។​ អង្គការស៊ីវិល បានលើកឡើងថា កម្ពុជា​ ​មិនបាន​អនុម័ត​កិច្ច​គាំពារ​ ​​អត្ថប្រយោជន៍​ល្អ​បំផុត​សម្រាប់​កុមារ​ ​ឬ​ទប់​ស្កាត់​ការ​កើតឡើងវិញ​ នូវ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​មាន​​នៅ​ក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ ដែលធ្លាប់កើតមានពីអតីតកាលនោះទេ។


​ 
លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានលើកឡើងថា អង្គការសង្គមស៊ីវិល បានទទួលព័ត៌មានពីខាងភ្នាក់ងារស្មុំកូនអន្តរក្រសួងរបស់ប្រទេសអ៊ីតាលី ដោយបានប្រកាសថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បានចាប់ផ្ដើមនីតិវិធី នៃការផ្ដល់ស្មុំកូនអន្តរប្រទេសឡើងវិញ ហើយក្នុងនោះមានកុមារមួយចំនួនកំពុងស្ថិតនៅក្នុងនីតិវិធី ដើម្បីរៀបចំផ្ដល់ឱ្យទៅប្រទេសភាគីផងដែរ។ 
 
លោក អំ សំអាត បានលើកឡើងថា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការរួមមួយ ដោយសារកន្លងមក បានមើលឃើញភាពមិនប្រក្រក្រីច្រើន ដូចជាអំពើពុករលួយនៅតាមមណ្ឌលកុមារកំព្រា និងអាជ្ញាធរមូលដ្ឋានមួយចំនួន បានក្លែងឯកសារ និងអត្តសញ្ញាណក្មេង។ ហើយធ្វើឱ្យក្មេងបាត់បង់សិទ្ធក្នុងការជួបអាណាព្យាបាល ព្រោះតែការបន្ដំឯកសារ ដែលជាការធ្វើខុស ហើយមិនមានកិច្ចការពារលើកុមារធ្វើឱ្យកុមារ និងក្រុមគ្រួសារបែកបាក់គ្នា។


លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច 

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០​ ខែមិថុនាថា ចាប់តាំងពីកម្ពុជាបើកឱ្យមានការស្មុំកូន រហូតមកដល់ពេលនេះ ពុំទាន់មានបណ្ដាប្រទេសណាមួយ បានចុះបញ្ជីស្នើសុំកូនពីកម្ពុជានោះទេ។ 
 
អ្នកនាំពាក្យរូបនេះបាន សង្កត់ធ្ងន់ថា៖«អ៊ឹចឹងហេតុផលអី្វ បានជាអង្គការសង្គមស៊ីវិលមើលឃើញថា ធ្វើឱ្យក្មេងបាត់សិទ្ធ បាត់ឱកាសជួបណាព្យាបាល។ បើជួបប្រទះបែបនេះមែនចាំនិយាយ តែឥឡូវអត់ទាន់មានទេ! ខ្ញុំសូមបញ្ជាក់ថា ដល់ម៉ោងនេះ កម្ពុជា មិនទាន់ផ្ដល់ក្មេងឱ្យទៅអន្តរប្រទេសមួយណាទេ»។
 
នាយកអង្គការលីកាដូ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃសុក្រនេះដែរ ដោយឆ្លើយតបយ៉ាងដូច្នេះ អង្គការសង្គមស៊ីវិល មើលឃើញចំណុចខ្វះចន្លោះ មិនទាន់ពេញលេញ ទើបសុំឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូននេះសិន ដើម្បីពិចារណារឿងរកនីតិវិធី ឬយន្តការណាមួយ ពង្រឹងកិច្ចការការពារលើកុមារឱ្យបានពេញលេញជាមុនសិន។ លោក អំ សំអាត បានសង្កាត់ធ្ងន់ថា៖«ការលើកឡើងរបស់សង្គមស៊ីវិល សុំឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្តរប្រទេស គឺដើម្បីធានាក្នុងការការពារសិទ្ធទៅលើកុមារ និងក្រុមគ្រួសារកុមារទេ»។
 
«តែអ្វីដែលយើងព្រួយបារម្ភ បើមិនមានយន្តការច្បាស់លាស់ នៅក្នុងការផ្ដល់កិច្ចការពារលើកុមារ ដែលត្រូវផ្ដល់ស្មុំកូនអន្តរប្រទេសនិងត្រូវប្រាកដប្រជាចំពោះនីតិវិធី។ ត្រូវលុបបំបាត់អំពើពុករលួយភាពមិនប្រក្រក្រី ដែលបានកើតឡើងកន្លងមកទេ នោះជាបញ្ហាប្រឈមរបស់កុមារ»។ នេះជាការលើកឡើងបន្ថែមរបស់លោក អំ សំអាត។
  

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ។ រូបភាព៖ screenshot ពីវីដេអូឡាយរបសើអង្គការលីកាដូ

យ៉ាងណាមិញ អង្គការសង្គមស៊ីវិល នៅតែបន្តទទូចឱ្យរដ្ឋាភិបាលមានការត្រួតពិនិត្យពិចារណាឡើងវិញ ដើម្បីបង្កើតយន្តការផ្ដល់កិច្ចការពារខ្ពស់ សម្រាប់កុមារក្នុងការស្មុំកូនឱ្យបានជាមុនសិន។
 
លោក តូច ចាន់នី បានលើកឡើងថា កន្លងមកច្បាប់ស្មុំកូនអន្តរប្រទេសបានផ្អាកមួយរយៈមកហើយ បន្ទាប់មកនៅឆ្នាំ២០០៩ បានបើកឱ្យមានការស្មុំកូនឡើងវិញ ប៉ុន្តែបណ្ដាប្រទេសទាំងនោះត្រូវតែបញ្ជូនភ្នាក់ងារមកចុះបញ្ជីជាមួយកម្ពុជាជាមុនសិន។ 
 
បើតាមលោក តូច ចាន់នី ចំពោះការបើកឱ្យមានការស្មុំកូននេះ មានអត្តប្រយោជន៍ដល់ក្មេងដែលមានជីវភាពខ្វះខាត គ្មានណាព្យាបាល ដូច្នេះហើយត្រូវរកអ្នកដែលមានលទ្ធភាពឱ្យជួយគ្រាំទ្រ។ លោកបន្តថា រដ្ឋាភិបាល បានដាក់គោលគារណ៍មួយចំនួនដូចជា ជំហានទី១ សុំឱ្យមានការស្មុំកូនក្នុងប្រទេស, ជំហានទី២ រកដៃគូសហការនៅក្រៅប្រទេស និងជំហានបន្ទាប់ទៀត បើគ្មានដៃគូសហការនោះទេ យកក្មេងទៅដាក់នៅក្នុងមណ្ឌលកុមារកំព្រា។
 
លោក តូច ចាន់នី បាបបន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងរៀបចំនីតិវិធី និងបែបបទមួយចំនួន។ ប៉ុន្តែមិនមែនស្រួលដូចអង្គការសង្គមស៊ីវិល បានលើកឡើងថា ការស្មុំកូនរវាងកម្ពុជា និងអ៊ីតាលី ធ្វើឱ្យបាត់បង់ឧត្ដមគំនិតក្មេង និងធ្វើឱ្យប៉ះពាល់ដល់ក្មេងនេះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«បើយើងមិនទាន់ផ្ដល់ក្មេងឱ្យគេផងហ្នឹង ខ្ញុំអត់យល់គាត់លើកឡើងចំណុចហ្នឹង»។
 
សូមជម្រាបថា អង្គការសង្គមស៊ីវិល រួមមានមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CC​H​R),​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​A​D​H​OC),ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ(​L​I​CAD​H​O) និង ​Inter​country​ ​Adopt​e​e​ ​Voice​s(​I​CA​V​) ដែលបានសេចក្តីថ្លែង​ការណ៍​រួម​គាំទ្រឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្តរប្រទេសឡើងវិញ។
 
ច្បាប់​ស្តីពី​ស្មុំ​កូន​អន្តរប្រទេស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី៣ធ្នូ ឆ្នាំ២០០៩ ដោយ​អនុលោម​តាមច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី៤៨ និង​អនុលោម​តាម​អនុសញ្ញា​ក្រុងឡាអេ ស្តីពី​ការការពារ​កុមារ និង​សហប្រតិបត្តិ​ការទាក់ទងនឹង​ស្មុំ​កូន​អន្តរប្រទេស ដែល​ត្រូវ​បានផ្តល់​សច្ចាប័ន នៅ​ថ្ងៃទី១ ខែសីហា ឆ្នាំ២០០២៕

Tag:
 (ជាតិ
 ការស្មុំកូនអន្តរប្រទេស)
© រក្សាសិទ្ធិដោយ thmeythmey.com