អន្តរជាតិ
មេដឹកនាំបេឡារុសថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅទឹកដីខ្លួន នឹងមិនប្រើប្រាស់ឡើយ
01, Jul 2023 , 9:40 pm        
រូបភាព
ប្រធានាធិបតីបេឡារុស​ Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រុស្ស៊ី នៅថ្ងៃទី៣០ ខែមិថុនា បានលើកឡើងថា អាវុធនុយក្លេអ៊ែrរបស់រុស្ស៊ីដែលដាក់ពង្រាយនៅក្នុងទឹកដីបេឡារុសអាចនឹងមិនត្រូវបានប្រើប្រាស់នោះទេ។


ចាប់តាំងពីការដួលរលំសហសូវៀតនៅឆ្នាំ១៩៩១ ទាំងរុស្ស៊ីនឹងបេឡារុសបានរក្សាទំនាក់ទំនងការទូតបានយ៉ាងល្អ។ ទំនាក់ទំនងនេះបានធ្វើឱ្យបេឡារុសក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ បេឡារុសក៏បានអនុញ្ញាតឱ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងទឹកដីខ្លួនផងដែរ។ 
 
កន្លងមកទាំងប្រធានាធិបតីបេឡារុស​លោក Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា សព្វាវុធយុទ្ធសាស្ត្រមួយចំនួនបានដាក់ពង្រាយនៅបេឡារុសរួចហើយ ខណៈអាវុធនៅសល់នឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
 
បើតាមសុន្ទរកថារបស់ប្រធានាធិបតីបេឡារុសក្នុងទិវាជាតិនៃអតីតរដ្ឋសូវៀត ​លោក Alexander Lukashenko បានបញ្ជាក់ថា ការដាក់ពង្រាយអាវុធនៅទឹកដីបេឡារុសនេះ គំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់លោក។ 
 
«នៅពេលដែលយើងដើរទៅមុខ យើងកាន់តែជឿជាក់ថាអាវុធទាំងនេះ ត្រូវតែឈរជើងនៅទីនេះ នៅបេឡារុស និងនៅកន្លែងដែលអាចទុកចិត្តបាន»​។ លោក Lukashenko បានលើកឡើងក្នុងការជួបជុំដ៏ធំមួយក្នុងប្រទេស។ យ៉ាងណាមិញ មេដឹកនាំបេឡារុសរូបនេះក៏បានអះអាងថា អាវុធទាំងនេះនឹងមិនត្រូវបានប្រើប្រាស់ឡើយ ដ្បិតគ្មានសត្រូវណាមួយហ៊ានឈរជើងលើទឹកដីបេឡារុសឡើយ​។ 
 
គួរបញ្ជាក់ថា លោក Lukashenko ក៏ដូចមេដឹកនាំរុស្ស៊ី បានចោទប្រកាន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀតថាព្យាយាមបំផ្លាញរដ្ឋរបស់ខ្លួន ហើយការដាក់ពង្រាយនុយក្លេអ៊ែរនេះ ជាការចាំបាច់ដើម្បីរារាំងអ្នកឈ្លានពាន។
 
បើតាមលោកប្រធានាធិបតី Lukashenko ក្នុងខែមិថុនា អាវុធមួយចំនួនបានដាក់ពង្រាយនៅបេឡារុស​រួចហើយ  ហើយបេឡារុសនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ឡើយក្នុងករណីចាំបាច់​។ 
 
លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov នៅថ្ងៃជាមួយគ្នានេះបានលើកឡើងថា ការដាក់ពង្រាយអាវុធរបស់រុស្ស៊ីនេះ មិនបានបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរឆ្នាំ ១៩៦៨ ឡើយ ខណៈរុស្ស៊ីនៅតែរក្សាការគ្រប់គ្រងលើសព្វាវុធទាំងនេះ៕

Tag:
 (បេឡារុស
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com