កីឡាជាតិ
ជាតិ
គ្រូប្រដាល់គុនខ្មែរ រស់ សុជា៖ ខ្ញុំ ចង់ឲ្យកូនសិស្សខ្ញុំ ចេះទាំងប្រដាល់ មានទាំងចំណេះ
02, Jul 2023 , 8:00 am        
រូបភាព
កូនសិស្សក្លិបប្រដាល់ចក្រវាឡគុនខ្មែរ នាំគ្នារៀនសរសេរអក្សរ រូបពី លោក រស់ សុជា
កូនសិស្សក្លិបប្រដាល់ចក្រវាឡគុនខ្មែរ នាំគ្នារៀនសរសេរអក្សរ រូបពី លោក រស់ សុជា
លោក រស់ សុជា ប្រធាន និងជាគ្រូបង្វឹកក្លិបប្រដាល់ចក្រវាឡគុនខ្មែរ បង្វឹកទាំងក្បាច់គុនដល់កូនសិស្ស និងបង្រៀបថ្នាក់មូលដ្ឋានលើការសរសេរ និងធ្វើលំហាត់ផង។ គ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះ មានគោលបំណងចង់ឲ្យកូនសិស្សដែលមានជីវភាពខ្វះខាត ចេះទាំងប្រដាល់ និងមានចំណេះ ដើម្បីក្លាយជាបុគ្គលមានប្រយោជន៍សម្រាប់សង្គមជាតិ។


 
បច្ចុប្បន្ន សិស្សក្នុងក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានចំនួន ៦នាក់។ អ្នកទាំងនោះ សុទ្ធតែមានជីវភាពខ្វះខាត ដែលធ្វើឲ្យពួកគេមានការពិបាកចូលរៀនក្នុងសាលារដ្ឋ ហើយជម្រុញឲ្យ ក្មេងៗទាំងនោះ ខ្លះធ្វើការសំណង់ និងខ្លះទៀត ធ្វើការនៅក្នុងរោងចក្រ។ លោក រស់ សុជា យល់ថា ប្រសិនជាបញ្ជ្រាប ចំណេះដឹងខ្លះៗទៅអ្នកទាំងនោះ តាមដែលអាចធ្វើបាន ក្មេងៗទាំងអស់នេះ នឹងអាចក្លាយជាកីឡាករ-កីឡាការិនី មានវិន័យ និងអត្ដចរិកល្អ នាថ្ងៃអនាគត។
  

កូនសិស្សក្លិបប្រដាល់ចក្រវាឡគុនខ្មែរ នាំគ្នារៀនសរសេរអក្សរ រូបពី លោក រស់ សុជា

«ខ្ញុំបង្រៀនសសេរតាមអានព្រោះពួកគេឈប់រៀនទាំងនៅក្មេង។ ខ្ញុំចង់ឲ្យពួកគេរៀនបានចេះខ្លះៗ កុំឲ្យអត់ចេះសោះពិបាក។ នាក់ខ្លះសសេរឈ្មោះខ្លួនឯងមិនចង់ត្រូវទេ។ ខ្ញុំ ចង់ឲ្យកូនសិស្សខ្ញុំ ចេះទាំងប្រដាល់ មានទាំងចំណេះ និងចង់ឲ្យពួកគេក្លាយជាពលរដ្ឋល្អ កីឡាករ-កីឡាការិនីល្អ សម្រាប់ជាតិ។»។ លោក រស់ សុជា បាននិយាយប្រាប់ដូច្នេះ។
  

កូនសិស្សក្លិបប្រដាល់ចក្រវាឡ គុនខ្មែរ នាំគ្នារៀនសរសេរអក្សរ រូបពី លោក រស់ សុជា

ក្នុងចំណោម កូនសិស្សប្រុសៗទាំងអស់ កូនសិស្ស ២រូប បានចូលរៀននៅសាលារដ្ឋ។ កុមារា២រូបនេះ មានឈ្មោះ កុមារ ទេព អាយុ ៩ឆ្នាំ រៀនថ្នាក់ទី៣ និង ធឿន ថៃ អាយុ ១២ឆ្នាំ រៀនថ្នាក់៥ នៅសាលាបឋមសិក្សាព្រែកកំពឹស។ ប៉ុន្ដែ ក្មេងប្រុសទាំង២ នាក់ក៏ត្រូវមករៀនជាមួយលោក រស់ សុជា បន្ថែមទៀត បន្ទាប់ពីហាត់ចប់។ ជាទូទៅថ្នាក់ចំណេះដឹងទូទៅ លោក សុជា ចាប់បង្រៀន ពីម៉ោង ៩:០០ យប់ រហូតដល់ម៉ោង ៩:៣០ យប់។
  
ដោយសារតែក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានភាពខ្វះខាតផងដែរ លោក រស់ សុជា ក៏បានបោះពុម្ពអាវ សម្រាប់លក់ យកថវិការ មកទ្រទ្រង់ក្លិប ដោយក្នុងអាវនីមួយៗ មានតម្លៃ ១០$។
 
គួរបញ្ជាក់ផងដែរថា ក្លិបប្រដាល់គុនខ្មែរមួយនេះ បានបិទម្ដងរួចមកហើយ គឺក្នុងដើមឆ្នាំ២០២០ ព្រោះវិបត្តិកូវីដ-១៩ ហើយបានបើកជាថ្មីម្ដងទៀត នៅខែកុម្ភៈ ឆ្នាំ២០២៣។ លោក រស់ សុជា បើកក្លិបនេះ មានគោលដៅសំខាន់មួយ គឺបណ្ដុះធនធានថ្នាលឲ្យមានសមត្ថភាព ក្នុងវិស័យប្រដាល់គុនខ្មែរ៕

Tag:
 (ប្រដាល់
  រស់ សុជា)
© រក្សាសិទ្ធិដោយ thmeythmey.com