កីឡាជាតិ
ជាតិ
ផលិតករកម្មវិធីប្រដាល់គុនខ្មែរ ជឿជាក់ លន បញ្ញា នឹងឈ្នះពិន្ទុកីឡាករថៃ ហ៊្វុនលួង
02, Jul 2023 , 9:00 am        
រូបភាព
លោក នៅ លីដា អ្នករៀបចំការប្រកួតគុនខ្មែរនៅសង្វៀន ទទក។ រូបពី នៅ លីដា
លោក នៅ លីដា អ្នករៀបចំការប្រកួតគុនខ្មែរនៅសង្វៀន ទទក។ រូបពី នៅ លីដា
ដោយ:
ផលិតករកម្មវិធីប្រដាល់គុនខ្មែរ ប្រចាំសង្វៀនទទក លោក នៅ លីដា ជឿជាក់ថាការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ លន បញ្ញា និងកីឡាករថៃ ហ្វ៊ុនលួង នឹងបញ្ចប់ដោយតានតឹង និងស្វិតស្វាញបំផុត។ លោក លីដា រំពឹងថាបញ្ញា មានភាគរយឈ្នះច្រើន ហើយឈ្នះដោយពិន្ទុ មិនមែនសន្លប់។



ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកតេលេក្រាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក នៅ លីដា អ្នកចាត់ការទូទៅនៅសង្វៀនប្រដាល់គុនខ្មែរ ទទក យល់ឃើញថាការប្រកួតរវាងកីឡាករកម្ពុជា លន បញ្ញា និងអ្នកប្រដាល់ម៉ឺយថៃ ហ្វ៊ុនលួង នឹងបង្ករព្យុះភ្លៀងហើយនឹងអាចបង្កើតទស្សនីយភាពអស្ចារ្យសម្រាប់អ្នកគាំទ្រវិស័យគុនខ្មែរ។
 
លោក នៅ លីដា បញ្ជាក់ពីខ្សែចក្ខុរបស់ខ្លួនថា៖«ខ្ញុំយល់ឃើញថាការប្រកួតរវាង បញ្ញា និងហ្វ៊ុនលួង នឹងមានភាពស្វិតស្វាញ។ ហ្វ៊ុនលួង ជាកីឡាកររឹង ការវាយរបស់គាត់ប្រយ័ត្នខ្ពស់ ដោយឡែកបញ្ញា ជាកីឡាករកំពុងឡើងជើងខ្លាំងមែនទែន ហើយកាយសម្បទាគាត់ទាំងពីររឹងមាំល្អដូចគ្នា ហើយការប្រកួតគួនេះពិបាកកាត់សេចក្តីណាស់គូនេះអាចបញ្ចប់ដោយការដាក់ពិន្ទុព្រោះខ្លាំងដូចគ្នា»។ តែយ៉ាងណាអ្នកផ្គូរផ្គងកីឡាប្រដាល់រូបនេះជឿជាក់ថា បញ្ញា មានភាគរយខ្ពស់ឈ្នះ ហ្វ៊ុនលួង ដោយពិន្ទុ។


 កីឡាករ លន បញ្ញា(ឆ្វេង) និងកីឡាករ ហ្វ៊ុន លួង (ស្តាំ)។ រូបពី លន បញ្ញា
 
សម្រាប់គូឯកទាំងពីរនាក់នេះដែរលោក នៅ លីដា ជឿជាក់ថានឹងមានអ្នកទស្សនាច្រើនព្រោះជាគូពិសេសប្រចាំសង្វៀនផងដែរ។ មិនខុសអ្វីពីលោក នៅ លីដា កីឡាករគុនខ្មែរ អេវីរៈខាំឈីត ភូថង ហៅម៉ឺន មេឃា យល់ឃើញថាការប្រកួតរវាងអ្នកប្រដាល់ចិត្តសឿង លន បញ្ញា និងខ្លាចាស់ ហ៊្វុនលួង នឹងបញ្ចប់ដោយការដាក់ពិន្ទុ ព្រោះអ្នកទាំងពីរល្អមាំរឹងដូចគ្នា តែយ៉ាងណា មេឃា ថាបើប្រហែសសន្លប់ក្រោមជើងឥតស្រមោល បញ្ញា ហើយ។
 
តបសារអេឡិចត្រូនិក ហ្វេសប៊ុក ប្រាប់សារព័ត៌មានថ្មីៗ ម៉ឺន មេឃា និយាយថា៖«ខ្ញុំគិតថាគូនេះនឹងបញ្ចប់ទៅ៥ទឹកព្រោះអ្នកទាំងពីរល្អក្បាច់ដូចគ្នា ទាំងក្នុង និងក្រៅ តែខ្លាចសន្លប់ក្រោមថ្វីជើងរបស់ បញ្ញា ព្រោះគាត់ពូកែទាត់កករណាស់»។
 
រីឯម្ចាស់សាមីខ្លួនវិញបានបញ្ជាក់ពីការតាំងចិត្តក្នុងជំនួបដំបូងទល់នឹងកីឡាករលេងក្បាច់មកពីប្រទេសថៃ ហ្វ៊ុនលួង ថាការប្រកួតនៅលើសង្វៀនមិនអាចទាយដឹងមុន តែបើនិយាយពីកម្លាំងចិត្តសម្រាប់ខ្លួនគឺចង់ឈ្នះឱ្យខាងតែបាន។
 
«សម្រាប់ខ្ញុំការប្រកួតនេះគឺល្អដោយបានប៉ះកីឡាករខ្លាំងដើម្បីបានបទពិសោធមកអភិវឌ្ឍខ្លួនបន្ថែម។ ការប្រកួតនេះខ្ញុំមានសង្ឃឹមឈ្នះ ប៉ុន្តែការប្រយុទ្ធមើលមិនឃើញទេលើសង្វៀនជួនកាលភ្លាត់ស្នៀតសន្លប់ក៏អាចថាបានដែរ»។ បញ្ញា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករកម្ពុជា លន បញ្ញា និងកីឡាករថៃ ហ្វ៊ុនលួង នឹងវាយលើប្រភេទទម្ងន់ ៦៥គីឡូក្រាម ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នាសង្វៀនទទក ចាប់ពីម៉ោង៥ និង៣០នាទីល្ងាចតទៅ៕

Tag:
 (កីឡាប្រដាល់គុនខ្មែរ
 នៅ លីដា)
© រក្សាសិទ្ធិដោយ thmeythmey.com