ជាតិ
ទេសចរជាង១ពាន់នាក់ បានឡើងភ្នំឱរ៉ាល់ ក្នុងរយៈពេល៦ខែនេះ
01, Jul 2023 , 11:00 pm        
រូបភាព
រូបភាពពី៖ លោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់
រូបភាពពី៖ លោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១ ០៥១នាក់ បានទៅឡើងភ្នំឱរ៉ាល់។ នេះបើតាមលោក ឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរ នាំភ្ញៀវឡើងភ្នំឱរ៉ាល់ ចំនួនភ្ញៀវទេសចរដែលមកឡើងភ្នំឱរ៉ាល់ បានធ្លាក់ចុះប្រមាណ ១ ០០៥នាក់ បើធៀបនឹងឆ្នាំ២០២២។
លោក ឈឺន ឈីម ដែលជាមគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ បានអះអាងថា អំឡុងពេលនេះ  គឺទេសចរមិនសូវជាឡើងភ្នំនោះទេ ដោយសារចន្លោះខែមេសា ដល់ខែមិថុនានេះ ជារដូវភ្លៀង ដូច្នេះពិបាកក្នុងការធ្វើដំណើរឡើងភ្នំបន្តិច និងត្រជាក់ខ្លាំងផងដែរ។ ដោយឡែក ក្នុងមួយសប្តាហ៍ទេសចរនៅតែបន្តមកកម្សាន្តឡើងភ្នំ ប្រមាណ១០នាក់ទៅ១៥នាក់ដែរ។ 
 
ភ្នំឱរ៉ាល់ជាភ្នំមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។ ភ្ញៀវទេសចរដែលមកឡើងភ្នំកម្សាន្ត អាចទស្សនាទេសភាពធម្មជាតិស្អាតៗជាច្រើនកន្លែង នៅតាមផ្លូវឡើង និងនៅលើកំពូលភ្នំ។ លោក ឈីម បន្តថា ភ្ញៀវទេសចរដែលចង់ទៅឡើងភ្នំឱរ៉ាល់ គួរទៅនៅចន្លោះចាប់ខែមករា ដល់ខែមេសា ព្រោះអាកាសធាតុមិនសូវត្រជាក់ខ្លាំងនៅលើកំពូលភ្នំ។ 
 
អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់រូបនេះ សង្កេតឃើញថាបច្ចុប្បន្ននេះ នៅសហគមន៍ឱរ៉ាល់មានការអភិវឌ្ឍន៍ច្រើន ហើយសហគមន៍បានផ្លាស់ប្តូរផ្នត់គំនិតគឺពង្រឹងទាំង សេវាកម្ម បរិស្ថាន និងចំណីអាហារក៏ល្អប្រសើរជាងមុន។ 
 
ជាមួយគ្នានេះ លោក ឈីម បានលើកទឹកចិត្តដល់ទេសចរឱ្យចំណាយពេលយ៉ាងហោចណាស់៣-៤ថ្ងៃ ដើម្បីកម្សាន្តនៅភ្នំឱរ៉ាល់ ព្រោះមានកន្លែងជាច្រើននៅទីនោះដែលទេសចរមិនគួររំលង៕

Tag:
 ទេសចរណ៍
 ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com