ជាតិ
ភ្នំ, វាលស្មៅ, អាកាសធាតុល្អ...ទាក់ចិត្តទេសចររាជធានី ទៅលេង«ខ្នងផ្សារ»
02, Jul 2023 , 2:49 pm        
រូបភាព
ទេសភាពនៅតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីចុងខែមិថុនា ឆ្នាំ២០២៣។
ទេសភាពនៅតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីចុងខែមិថុនា ឆ្នាំ២០២៣។
កំពង់ស្ពឺ,កោះកុង៖ វាលស្មៅបៃតង, ធាតុអាកាសល្អ, ជួរភ្នំ ជាអ្វីដែលតំបន់ទេសចរណ៍«ខ្នងផ្សារ»មាន និងជាទស្សនីយភាពដែលទាក់ចិត្តទេសចរ មកកាន់ទីនេះ។ នៅទីនេះទេសចរ អាចបោះតង់ និងឡើងភ្នំមើលថ្ងៃរះ។

 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងលោក ស៊ុល រ៉វី នឹងអ្នកទេសចរមកកាន់ទីទេសចរណ៍ «ខ្នងផ្សារ»នេះដូចតទៅ៖ 

 
«​ខ្នង​ផ្សារ​» ជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែល​ភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង ស្ថិតព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង​។ «​ខ្នង​ផ្សារ​» សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ និង​វាល​ដើមស្រល់​ខៀវស្រងាត់​នៅខែវស្សា។ ការណ៍នេះ បានធ្វើឱ្យទីនេះ ក្លាយជាទីទេសចរណ៍សក្ដានុពលមួយ ទាកទាញទេសចរពីទីជិតឆ្ងាយ ពិសេសអ្នកទេសចរពីរាជធា​នី ភ្នំពេញ។
 
អ្នកស្រី ឡេង លក្ខិណា ជាទេសចរមួយរូប មកពីរាជធានីភ្នំពេញ ដែលបានមកលេងខ្នងផ្សារនេះជាលើកទី៣។ ​វាលស្មៅខៀវស្រងាត់ អាកាសធាតុត្រជាក់ និងធម្មជាតិនៅខ្នងផ្សារដែលគយគន់មិនជិនណាយ ជាចំណុចទាក់ទាញចិត្តខ្លួនឱ្យបន្តមកកម្សាន្តនៅទីនេះម្តងហើយ ម្តងទៀត។
 
លោក ចាន់ តារា ជាទេសចរម្នាក់ទៀត មកពីរាជធានីភ្នំពេញ។ ​លោក តារា មកលេង«ខ្នងផ្សារ»លើកទី១ ជាមួយក្រុមការងារខ្លួន ព្រោះលោកចង់ឃើញផ្ទាល់ភ្នែក ​វាលស្មៅដែលគ្របដណ្ដប់ភ្នំ​ និងស្រូបយក​អាកាស​ធាតុ​ត្រជាក់នៅរដូវវស្សា ព្រមទាំងគយគន់ទេសភាពធម្មជាតិដែលមាននៅទីនេះ។  ​ដ្បិតដំណើរមកខ្នងផ្សារលើកដំបូង មានភាពលំបាក និងនឿយហត់ក៏ពិតមែន ប៉ុន្តែ​ទេសភាព​ដ៏ស្រស់​បំព្រង បានធ្វើឱ្យភាពតានតឹងនៅក្នុងអារម្មណ៍របស់ទេសចរមកពីភ្នំពេញរូបនេះ  រលាយបាត់អស់ ប្រៀបដូចនឹងផ្សែងអ័ព្ទ​ដែលរលត់បាត់ស្រមោល​ក្រោមអំណាចកម្តៅព្រះអាទិត្យដូច្នេះដែរ។
 
អ្នកទេសចរមួយរូបទៀតមកពីភ្នំពេញ ​ កញ្ញា ហេង អេនណា ក៏បានអួតសរសើរ​មិនដាច់ពីមាត់ ពីភាព​ស្រស់ស្អាតរបស់តំបន់ទេសចរណ៍ ខ្នងផ្សារ ​ប្រាប់​​សារព័ត៌មានថ្មីៗដែរ នៅក្នុងដំណើរទេសចរណ៍ឡើងភ្នំលើកដំបូងរបស់ខ្លួន។ សម្រាប់ អេនណា «ខ្នងផ្សារ» បានក្លាយជាកម្លាំងជំរុញចិត្ត ឱ្យនាងបន្ត​ដំណើរកម្សាន្តតាមភ្នំ ឬផ្សងព្រេងបែបនេះ ទៅកាន់កន្លែងដទៃទៀត៕ 

Tag:
 ThmeyThmey
  ខ្នងផ្សារ
  កំពង់ស្ពឺ
  កោះកុង
  ដើរលេង
© រក្សាសិទ្ធិដោយ thmeythmey.com