ជាតិ
សម្ដេច ហ៊ុន សែន ចង់ឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់អង្ករដល់ប្រទេសសិង្ហបុរី
02, Jul 2023 , 3:20 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី_ ក្នុងជំនួបជាមួយកម្មករ-និយោជិតរោងចក្រនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ខែមិថុនា។ រូបភាព៖ តេឡេក្រោម SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី_ ក្នុងជំនួបជាមួយកម្មករ-និយោជិតរោងចក្រនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ខែមិថុនា។ រូបភាព៖ តេឡេក្រោម SPM
ភ្នំពេញ៖ កម្ពុជា មានមហិច្ឆតាចង់ក្លាយជាអ្នកផ្គង់ផ្គង់អង្ករដល់ប្រទេសសិង្ហបុរី។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងជំនួបជាមួយកម្មករ-និយោជិត នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា។

 
 
សម្ដេច ហ៊ុន សែន បន្ថែមថា សិង្ហបុរីជាប្រទេសតូច​មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយពុំពឹងផ្អែកលើវិស័យកសិកម្មឡើយ។ ថ្វីដ្បិត ប្រទេសតូច និងប្រជាជនតិច ប៉ុន្តែ​សិង្ហបុរី មានភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់។ ដូច្នេះ ប្រទេសមួយនេះ មានតម្រូវការស្បៀងខ្ពស់ ហើយត្រូវនាំចូលពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម ចិន និងជប៉ុន ជាដើម។  
 
ក្រោយសម្លឹងឃើញបែបនេះ សម្ដេច ហ៊ុន សែន មានមហិច្ឆតាចង់ឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់អង្ករ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ ទៅកាន់ពលរដ្ឋសិង្ហបុរី ជាពិសេសភ្ញៀវទេសចររាប់លាននាក់ដែលបានមកលេងប្រទេសមួយនេះ។    
 
សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំចង់បានគោលដៅមួយ ធ្វើយ៉ាងម៉េចឱ្យកម្ពុជាអាចផ្គត់ផ្គង់ទៅសិង្ហបុរី តាមរយៈអង្ករឆ្ងាញ់របស់យើង។ មហិច្ឆតារបស់ខ្ញុំមិនមែនគ្រាន់តែចង់ឱ្យប្រជាជនសិង្ហបុរីទទួលទានអង្ករកម្ពុជាប៉ុណ្ណោះទេ តែខ្ញុំក៏ចង់អ្នកទេសចរ ដែលមកសិង្ហបុរីទទួលទានទៀត ព្រោះអង្ករយើងលេខ១»។ 
 
ទន្ទឹមនេះ សម្ដេច ហ៊ុន សែន បានណែនាំដល់មន្រ្តីទូតកម្ពុជាប្រចាំសិង្ហបុរី ចាប់ផ្ដើមធ្វើទីផ្សារ និងភ្ជាប់ទំនាក់ទំនងឱ្យបានល្អជាមួយសិង្ហបុរី ដើម្បីឈានដល់ការនាំចេញអង្ករ និងផលដំណាំផ្សេងៗ៕ 
 
 
 

Tag:
 សម្ដេច ហ៊ុន សែន
  អង្ករ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com