អន្តរជាតិ
មេ CIA ថា ការបះបោរប្រដាប់អាវុធនៅរុស្ស៊ី បង្ហាញពីការឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន
02, Jul 2023 , 4:00 pm        
រូបភាព
នាយកទី​ភ្នាក់​ងារ​ស៊ើប​ការណ៍កណ្តាលអាម៉េរិក (CIA) លោក William Burns នៅថ្ងៃទី១ ខែកក្កដា បានលើកឡើងថា ការបះបោរប្រដាប់អាវុធដោយមេដឹកនាំទាហានស៊ីឈ្នួល Yevgeny Prigozhin ជាបញ្ហាប្រឈមចំពោះរដ្ឋរុស្ស៊ី ដែលបានបង្ហាញពីឥទ្ធិពលដ៏អាក្រក់នៃសង្គ្រាមរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីននៅអ៊ុយក្រែន។



កាលពីចុងខែមិថុនា ក្រុម​ទាហាន​ស៊ី​ឈ្នួល​ដឹកនាំដោយលោក Yevgeny Prigozhin បានងើបបម្រះប្រឆាំងរដ្ឋាភិបាល ដែលទីក្រុងមូស្គូចាត់ទុកជាការព្យាយាមបះបោរ។ យ៉ាងណាមិញ ការវាយប្រហារដោយក្រុម​ទាហាន​ស៊ី​ឈ្នួលត្រូវបានបរាជ័យ ខណៈលោក វ៉្លាឌីមៀ ពូទីន បានអរគុណដល់កងទ័ព និងកងកម្លាំងសន្តិសុខរុស្ស៊ី ដែលមិនឱ្យបញ្ហានេះក្លាយជាសង្រ្គាមស៊ីវិល។ 
 
នៅក្នុងសុន្ទរកថាមួយក្នុងមូលនិធិ Ditchley នៅអង់គ្លេស នាយកទី​ភ្នាក់​ងារ​ស៊ើប​ការណ៍កណ្តាលអាម៉េរិក (CIA) លោក William Burns បានលើកឡើងថា លោក Prigozhin បានធ្វើសកម្មភាពជាមួយនឹងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមក្រោមហេតុផលដ៏គួរឱ្យភ័យខ្លាចរបស់វិមានក្រឹមឡាំងសម្រាប់ការលុកលុយអ៊ុយក្រែន។ 
 
«ឥទ្ធិពលនៃពាក្យ និងសកម្មភាពទាំងនោះ នឹងលាតត្រដាង ដែលជាការរំឭកយ៉ាងច្បាស់នៃឥទ្ធិពលដ៏អាក្រក់នៃសង្រ្គាមរបស់លោក ពូទីន ទៅលើសង្គមនិងរបបរបស់លោក»។ លោក Burns​ ន្ថែមបែបនេះ។ 
 
លោក Burns បានបម្រើការជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅប្រទេសរុស្ស៊ីពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ និងត្រូវបានតែងតាំងជានាយក CIA ក្នុងឆ្នាំ ២០២១។ លោក Burns​ ក៏ធ្លាប់បានលើកឡើងថា ការទម្លាក់ការបះបោររបស់មេទាហានស៊ីឈ្នូល Prigozhin ជាបញ្ហាប្រឈមខាងប្រដាប់អាវុធចំពោះរដ្ឋរុស្ស៊ី៕

Tag:
 (អាម៉េរិក
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com