ជាតិ
ខឿនរួតបាកាណប្រាសាទអង្គរវត្ត ២ទីតាំងដែលខូចខាត ត្រូវបានជួសជុលឡើងវិញ
02, Jul 2023 , 5:20 pm        
រូបភាព
 រូបភាពពី អាជ្ញាធរជាតិអប្សរា
រូបភាពពី អាជ្ញាធរជាតិអប្សរា
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣។ ការបន្ដគម្រោងនេះ ក្នុងទិសដៅពង្រឹងរចនាសម្ព័ន្ធដែលខូចខាត នឹងរៀបថ្មពុំមានសុវត្ថិភាពមកបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ។ 
 
បើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា ការជួសជុលខឿននៅតាមជ្រុងនីមួយៗ ចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។ គម្រោងជួសជុល រួតបាកាណនៃប្រាសាទអង្គរវត្ត នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមជួសជុល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ការជួសជុលខឿននៅតាមជ្រុងនីមួយៗ ចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។ 
 
លោក ឃាម មុនី អ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណបានឱ្យដឹងថា
ការបាត់ថ្មដោយអន្លើ តម្រូវបន្ថែមថ្មីនៅទីតាំងនីមួយៗ ដើម្បីពង្រឹងរចនាសម្ព័ន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។ 
 
គួរបញ្ជាក់ថា ថ្មមួយចំនួនមើលពីខាងក្រៅឃើញសភាពល្អ តែបានពុកផុយផ្នែកខាងក្នុង ដែលជាការស្មុគស្មាញលើការងារជួសជុល។ ដូច្នេះក្រុមការងារ បានជួសជុលដោយរៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង និងបិទភ្ជិតកន្លែងមានទឹកហូរច្រោះ៕

Tag:
 អាជ្ញាធរជាតិអប្សរា
  ខឿនរួតបាកាណ
© រក្សាសិទ្ធិដោយ thmeythmey.com