អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមកូរ៉េកាត់បន្ថយភាពទន់ភ្លន់ចំពោះក្រុងព្យុងយ៉ាង
02, Jul 2023 , 9:40 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល នៅថ្ងៃទី២ ខែកក្កដា បានប្រាប់ឱ្យក្រសួងបង្រួបបង្រួមកូរ៉េចាត់វិធានការតឹងរ៉ឹងជាងមុនចំពោះកូរ៉េខាងជើង ដោយលោកអះអាងថា កន្លងមកក្រសួងនេះ បានផ្តោតខ្លាំងពេកលើការផ្តល់ជំនួយដល់កូរ៉េខាងជើង។

 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ទើបបានតែងតាំងលោក Kim Yung-ho ជារដ្ឋមន្ត្រីថ្មីក្រសួងបង្រួបបង្រួមកូរ៉េ។ លោក Kim Yung-ho ដែលមានជំហរជាអ្នកអភិរក្សនិយមនេះ តែងបានរិះគន់ជាហូរហែរពីការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ 
 
«ក្រសួងបង្រួបបង្រួមឧបទ្វីបកូរ៉េបានធ្វើសកម្មភាពដូចជាក្រសួងផ្ដល់ជំនួយរបស់កូរ៉េខាងជើង ហើយវាមិនត្រឹមត្រូវទេ»។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន បានលើកឡើងបែបនេះក្នុងចក្តីថ្លែងការណ៍មួយចេញដោយលេខាធិការសារព័ត៌មានរបស់លោក។ លើសពីនេះ លោក យូន ក៏បានជំរុញឱ្យក្រសួងនេះ ផ្លាស់ប្ដូរវិធានការរបស់ខ្លួនផងដែរ។ 
 
យោងតាមសេចក្តីថ្លែងការណ៍ លោក យូន បានជំរុញឱ្យក្រសួងបង្រួបបង្រួមឧបទ្វីបកូរ៉េក្រោកឈរឡើងដើម្បីប្រជាធិបតេយ្យសេរី ហើយការបង្រួបបង្រួមគួរតែនាំឱ្យមានភាពកាន់តែប្រសើរសម្រាប់ទាំងប្រជាជនកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ 
 
ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងហាក់នៅមានភាពចម្រូងចម្រាស ដ្បិតកូរ៉េខាងជើងថ្មីៗនេះ បានបន្តសាកល្បងអាវុធជាហូរហែ និងបានព្យាយាមបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ទៅក្នុងលំហ៕
 

Tag:
 (កូរ៉េខាងត្បូង
  កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com