សង្គមអន្តរជាតិ​
អន្តរជាតិ
ជនជាតិវៀតណាម បរិភោគមីញឹកញាប់ជាងគេនៅលើពិភពលោក
03, Jul 2023 , 2:30 pm        
រូបភាព
អ្នកប្រើប្រាស់ជ្រើសរើសផលិតផលមីកញ្ចប់នៅផ្សារទំនើបវៀតណាម។ រូបភាព ៖  Người Lao Động ។
អ្នកប្រើប្រាស់ជ្រើសរើសផលិតផលមីកញ្ចប់នៅផ្សារទំនើបវៀតណាម។ រូបភាព ៖ Người Lao Động ។
បើតាមសមាគមមីកញ្ចប់ពិភពលោក (WINA) ប្រជាជនវៀតណាមម្នាក់ៗបរិភោគមីចំនួន ៨៥ដងក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោកទាក់ទងនឹងការប្រើប្រាស់អាហារនេះច្រើនេះជាងគេ ។

 
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ វៀតណាមតែងតែជាប់ចំណាត់ថ្នាក់ក្នុងប្រទេសកំពូលទាំងបី ដែលមានការប្រើប្រាស់មីកញ្ចប់ច្រើនជាងគេលើពិភពលោក។ 
 
នៅក្នុងរបាយការណ៍វាយតម្លៃថ្មីៗនេះ WINA បានលើកឡើងថា ទោះបីជាវាជាប់ចំណាត់ថ្នាក់ទីបីទាក់ទងនឹងការប្រើប្រាស់បន្ទាប់ពីចិន និងឥណ្ឌូណេស៊ីក៏ពិតមែន តែបើគិតពីចំនួនដងដែលប្រជាជនវៀតណាមម្នាក់ៗបរិភោគក្នុងមួយឆ្នាំ នៅតែនាំមុខគេនៅលើពិភពលោក។
 
កាលពីឆ្នាំមុន វៀតណាមបានប្រើប្រាស់កញ្ចប់ជិត៨,៥ពាន់លានកញ្ចប់ ដែលកើនឡើងច្រើនជាងមួយដងកន្លះធៀបនឹងឆ្នាំ២០១៩ កើន៥៧ភាគរយ ។ ជាមធ្យមជនជាតិវៀតណាមបរិភោគមី៨៥ដងក្នុងមួយឆ្នាំ ដែលមានន័យថាពួកគេញ៉ាំមីកញ្ចប់រៀងរាល់៤ថ្ងៃម្តង។ តាមពីក្រោយដោយកូរ៉េខាងត្បូង និងថៃជាមធ្យមមួយសប្តាហ៍ពួកគេញ៉ាំមីកញ្ចប់ម្តង។
 
បើតាម ​​WINA ការបង្កើនការបរិភោគមីកញ្ចប់របស់ជនជាតិវៀតណាម ដោយសារតែផលប៉ះពាល់នៃកូវីដ-១៩ ដោយសារតែវាមានភាពងាយស្រួល។ លើសពីនេះ ចំនួនផលិតផលមីកញ្ចប់មានភាពចម្រុះកាន់តែខ្លាំងឡើង បានជួយឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន។ 
 
នៅវៀតណាម សហគ្រាសផលិតមីកញ្ចប់កំពុងទទួលបានសមិទ្ធិផលកាន់តែច្រើនឡើង នៅពេលដែលបរិមាណនៃការប្រើប្រាស់ផលិតផលនេះមានការកើនឡើងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នានេះ។ បើនិយាយពីចំណែកទីផ្សារ Acecook និង Masan គឺជាអាជីវកម្មឈានមុខគេពីរនៅក្នុងទីផ្សារមីកញ្ចប់ដែលមានចំនួនសរុប ៣៣ភាគរយ។ នេះបើយោងតាម ​​Euromonitor ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈានមុខគេមួយរបស់ពិភពលោកដែលមានមូលដ្ឋាននៅអង់គ្លេស។
 
លោក Kaneda Hiroki អគ្គនាយកក្រុមហ៊ុន Acecook Vietnam បាននិយាយថា ទីផ្សារមីវៀតណាមនៅតែមានការទាក់ទាញខ្លាំង។ វៀតណាមគឺជាប្រទេសពិសេសមួយទាក់ទងនឹងការប្រើប្រាស់មីកញ្ចប់។ ៦ខែឆ្នាំនេះ ការប្រើប្រាស់មីកញ្ចប់របស់ក្រុមហ៊ុនបានកើនឡើង ១០ភាគរយក្នុងគ្រាដូចគ្នា។
 
លោកបន្តថា ៖ « ឆ្នាំនេះ យើងបានកំណត់គោលដៅថាទីផ្សារវៀតណាមនឹងប្រើប្រាស់មីកញ្ចប់ចំនួន ៣,៥ពាន់លានកញ្ចប់ ដែលកើន ៦ភាគរយបើធៀបឆ្នាំ ២០២២» ។ នេះបើតាមសារព័ត៌មានវៀតណាម VnExpress ៕

Tag:
 វៀតណាម
  មី
© រក្សាសិទ្ធិដោយ thmeythmey.com