ជាតិ
លោក ឈូយ ម៉ាត់ ដាំបន្លែ «រ៉ូកែត» ផ្គត់ផ្គង់ទីផ្សារនៅសៀមរាប
03, Jul 2023 , 9:00 pm        
រូបភាព
លោក ឈូយ ម៉ាត់ និងភរិយា កំពុងប្រមូលផលបន្លែ «រ៉ូកែត» របស់ខ្លួន នៅរោងដំណាំ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ឈូយ ម៉ាត់ និងភរិយា កំពុងប្រមូលផលបន្លែ «រ៉ូកែត» របស់ខ្លួន នៅរោងដំណាំ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សៀមរាប៖ លោក ឈូយ ម៉ាត់ ជាកសិករ ដែលដាំបន្លែស្លឹក «រ៉ូកែត» (roquette, rocket) ប្រមាណជា៣ឆ្នាំមកហើយ។ លោកថា បន្លែស្លឹកប្រភេទនេះ មិនលំបាកក្នុងការដាំដុះឡើយ តែប្រឈមជាមួយដង្កូវស៊ីស្លឹក។ បច្ចុប្បន្ន លោក ម៉ាត់ កំពុងផ្គត់ផ្គង់ដំណាំនេះ នៅក្នុងទីផ្សារខេត្តសៀមរាប ក្នុងតម្លៃ១៥ ០០០រៀល ក្នុង១គីឡូក្រាម។

 
ដើម្បីជ្រាបច្បាស់ពីការដាំដុះដំណាំ «រ៉ូកែត»នេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 



បន្លែ «រ៉ូកែត» ជាបន្លែស្លឹកមួយប្រភេទ ដែលគេយកទៅបរិភោគជាមួយស៊ុប ញាំ ឬធ្វើជាសាឡាត់ (salad)ជាដើម។ បន្លែនេះ មានរសហឹរប្រហើរ និងលាយជូរ ចត់ តិចៗ។ យ៉ាងណាបន្លែប្រភេទនេះជាបន្លែក្រៅប្រទេស ដែលបច្ចុប្បន្ន លោក ឈូយ ម៉ាត់ និងភរិយា កំពុងដាំដុះ។ 
 
លោក ម៉ាត់ និងភរិយា បានដាំបន្លែនេះប្រមាណ៣ឆ្នាំមកហើយ នៅលើរោងមុខគេហដ្ឋានខ្លួន ក្នុងភូមិបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាបរាប។ ការដាំដុះបន្លែនេះ អ្នកទាំង២បានទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសពីអង្គការអាគ្រីស៊ុត (AGRISUD International)។ 
  
 លោក ឈូយ ម៉ាត់ កសិករដាំបន្លែ «រ៉ូកែត»_ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមកសិករស្រុកបន្ទាយស្រីរូបនេះ «រ៉ូកែត» មិនពិបាកក្នុងការដាំដុះឡើយ បើទោះជាបន្លែនាំពូជចូលពីក្រៅស្រុកក៏ដោយ ពោលគឺការដាំដុះមិនខុសគ្នាពីបន្លែស្លឹកនានានោះទេ។ ប៉ុន្តែពិបាកក្នុងការថែទាំ ដោយបន្លែប្រភេទនេះតែងយាយីដោយ ដង្កូវស៊ីស្លឹក។ 
 
មិនមែនដង្កូវស៊ីស្លឹក មានភាពលំបាកក្នុងការកម្ចាត់នោះឡើយ តែដោយសារការដាំបន្លែរបស់លោក ម៉ាត់ គឺស្ថិតក្រោមស្លាក «បន្លែធម្មជាតិ និងសុវត្ថិភាព» ម្លោះហើយការដាំគឺប្រើប្រាស់ថ្នាំធម្មជាតិដែលផ្សំឡើងពីផ្លែស្ដៅ និងការដើរចាប់ដង្កូវតែម្ដង។ ចំពោះការប្រើប្រាស់ជីវិញ គឺជីកំប៉ុស។ 
 
បច្ចុប្បន្នដំណាំ «រ៉ូកែត» របស់លោក ម៉ាត់ កំពុងផ្គត់ផ្គង់ទីផ្សារក្នុងខេត្តសៀមរាប ក្នុងតម្លៃ១៥ ០០០រៀល ក្នុង១គីឡូក្រាម ហើយជាមធ្យមលោកអាចប្រមូលផលបន្លែនេះបាន ពី៦ទៅ ៧គីឡូក្រាម ក្នុង១សប្ដាហ៍ ទៅតាមតម្រូវការអតិថិជន៕

Tag:
 ThmeyThmey
  ដំណាំរ៉ូកែត
  roquette
  rocket
  បន្ទាយស្រី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com