កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup 2023 ៖ ថ្ងៃចាប់ផ្តើមការប្រកួត, កាលវិភាគ, ក្រុម និងកីឡដ្ឋាន
03, Jul 2023 , 4:31 pm        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ស្រ្តីលំដាប់ថ្នាក់ពិភពលោក FIFA Women’s World Cup 2023 កំពុងតែខិតជិតមកដល់ក្នុងខែកក្កដានេះ ដោយការប្រកួតនឹងធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះ។


ការប្រកួតពានរង្វាន់ Women’s World Cup 2023 ដែលធ្វើឡើងនៅប្រទេសស្ថិតនៅក្នុងទ្វីបអូសេអានីទាំងពីរ គឺជាការប្រកួតលើកដំបូងដែល FIFA បានសម្រេចដាក់រចនាសម្ព័ន្ធនៃការប្រកួតថ្មីដែលមានក្រុមចំនួន ៣២ក្រុម ចូលរួមប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ស្ត្រី។ ​តម្លៃប្រាក់រង្វាន់នៃការប្រកួតមានចំនួន ១១០លានដុល្លារ តម្លៃនេះបានកើនឡើងប្រមាណ ៣ដង បើធៀបទៅតម្លៃប្រាក់រង្វាន់នៅក្នុងឆ្នាំ ២០១៩។
  


Women’s World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ។ ការប្រកួតចាប់ផ្តើមដំបូងដោយជំនួបរវាងក្រុមស្ថិតនៅក្នុងពូល A ដែលជាការប្រកួតរវាងនូវែលសេឡង់ ទល់ន័រវេស នៅថ្ងៃទី២០ ខែកក្កដាតែម្តង។
 
ការប្រកួតនៅក្នុងវគ្គចែកពូល ក្រុមនីមួយៗនឹងត្រូវឆ្លងកាត់ការប្រកួតវិលជុំសន្សំពិន្ទុដើម្បីស្វែងរកក្រុមកំពូលទាំង ២ក្នុងពូលនីមួយៗ ដើម្បីបន្តដំណើរឡើងទៅកាន់ការប្រកួតវគ្គជម្រុះ ១៦ក្រុម និងការប្រកួតជម្រុះនៅតាមវគ្គជាបន្តបន្ទាប់។ ក្រុមដែលប្រកួតឈ្នះការប្រកួតនឹងទទួលបាន ៣ពិន្ទុ ស្មើទទួលបាន ១ពិន្ទុ និងចាញ់គ្មានពិន្ទុ ហើយការប្រកួតវគ្គចែកពូលនឹងបញ្ចប់នៅត្រឹមថ្ងៃទី៣ ខែសីហា។



ការប្រកួតវគ្គ ១៦ក្រុមនឹងចាប់ផ្តើមពីថ្ងៃទី៣ ខែសីហា ទៅដោយការប្រកួត នឹងបូករួមបញ្ចូលការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង បើសិនការប្រកួតបញ្ចប់រយៈពេល ៩០នាទីត្រឹមលទ្ធផលស្មើ និងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រដើម្បីស្វែងរកអ្នកឈ្នះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២០ ខែសីហា។
  


ការប្រកួតពានរង្វាន់បាល់ទាត់ស្ត្រី ក៏នឹងត្រូវរៀបចំការប្រកួតនៅក្នុងកីឡដ្ឋានចំនួន ១០ផ្សេងគ្នា។ កីឡដ្ឋានទាំង ១០ រួមមាន​ ៖ កីឡដ្ឋាន Lang Park, កីឡដ្ឋាន Hindmarsh, កីឡដ្ឋាន Melbourne Rectangular, កីឡដ្ឋាន Perth Oval, កីឡដ្ឋាន Australia, កីឡដ្ឋាន Sydney Football, កីឡដ្ឋាន Dunedin, កីឡដ្ឋាន Eden Park, កីឡដ្ឋាន Waikato និងកីឡដ្ឋាន Wellington Regional។
 
កីឡដ្ឋានចំនួន ៦ ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ខណៈចំនួន ៤កីឡដ្ឋានផ្សេងទៀតស្ថិតនៅក្នុងប្រទេសនូវែលសេឡង់។ កីឡដ្ឋាន Australia ជាកីឡដ្ឋានធំបំផុងនៅក្នុងការប្រកួតដែលអាចផ្ទុកចំនួនអ្នកទស្សនាប្រមាណ ៧ម៉ឺននាក់។


 
រចនាសម្ព័ន្ធនៃការប្រកួតថ្មី នឹងមានក្រុមចំនួន ៣២ចូលរួមប្រកួត ហើយនឹងចាប់ផ្តើមការប្រកួតពីវគ្គចែកពូលទៅ ដោយក្រុមទាំង ៣២ បែងចែកចេញជា ៨ពូល ហើយពូលនីមួយៗមាន ៤ ក្រុមត្រូវប្រកួតប្រជែង៕
 
ពូល A ៖ នូវែលសេឡង់ (ម្ចាស់ផ្ទះ), ន័រវេស, ហ្វីលីពីន, ស្វ៊ីស
ពូល B ៖ អូស្ត្រាលី (ម្ចាស់ផ្ទះ), កាណាដា, នីហ្សេរីយ៉ា, អៀរឡង់
ពូល C ៖ កូស្តារីកា, ជប៉ុន, អេស្ប៉ាញ, សាំប៊ី
ពូល D ៖ ចិន, ដាណឺម៉ាក, អង់គ្លេស, ហៃទី
ពូល E ៖ ហូឡង់​, ព័រទុយហ្កាល់, អាម៉េរិក, វៀតណាម
ពូល F ៖ ប្រេស៊ីល, បារាំង, ហ្សាម៉ាអ៊ីក, ប៉ាណាម៉ា
ពូល ​G ៖ អាហ្សង់ទីន, អ៊ីតាលី, អាហ្រ្វិកខាងត្បូង, ស៊ុយអែត
ពូល H ៖ កូឡុំប៊ី, អាល្លឺម៉ង់, កូរ៉េខាងត្បូង, ម៉ារ៉ុក៕

Tag:
 (Women’s World Cup 2023)
© រក្សាសិទ្ធិដោយ thmeythmey.com