ជាតិ
នាយកអង្គការខាណា៖ ការមិនរើសអើងចំពោះក្រុមបុរសស្រលាញ់គ្នា ជាថ្នាំសក្តិសិទ្ធសម្រាប់ពួកគេ
03, Jul 2023 , 7:00 pm        
រូបភាព
ដោយ:
ថ្មីៗនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកឱ្យទប់ស្តាត់ការកើនឡើង នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ដែលភាគច្រើនឆ្លងតាមរយៈក្រុមបុរសរួមភេទជាមួយបុរស។ បើតាមលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ការគាំទ្រ និងមិនរើសអើងចំពោះក្រុមបុរសរួមភេទជាមួយបុរស ជាមធ្យោបាយ និងជាថ្នាំដ៏សក្តិសិទ្ធជំរុញឱ្យពួកគេ ទទួលបានសេវាថែទាំបង្ការមេរោគអេដស៍ និងជំងឺអេដស៍។



លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានលើកឡើងថា ក្នុងឆ្នាំ២០២២ ក្រសួងសុខាភិបាល បានរកឃើញក្នុងចំណោមមនុស្ស ១៤០០នាក់ បានឆ្លងថ្មីនៃមេរោគអេដស៍ ច្រើនជាងឆ្នាំ២០២១ ចំនួន ៣០០នាក់។ ហើយក្នុងចំណោម ១៤០០នាក់ មានក្រុមប្រឈមមុខខ្ពស់ ក្នុងការរួមភេទចំនួន ៨៣ភាគរយ ដោយក្នុងនោះមានក្រុមបុរសរួមភេទជាមួយបុរសចំនួន ៤០ភាគរយ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃក្រុមឆ្លងមេរោគ។
 
ក្រុមបុរសរួមភេទជាមួយបុរស ភាគច្រើនដែលរកឃើញថា បានឆ្លងថ្មីនៃមេរោគអេដស៍ និងជំងឺអេដស៍ ជាក្រុមមនុស្សដែលស្ថិតក្នុងវ័យពី ១៥ ដល់ ២៤ឆ្នាំ ដោយពួកគេមានកម្រិតនៃការយល់ដឹងអំពីមេរោគ កាចសាហាវនេះ នៅមានកម្រិតទាប។ នេះបើតាមលោក សុខចំរើន ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម។ 


លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា។ រូបភាព៖ អង្គការខាណា

លោក ជួប សុខចំរើន បានបញ្ជាក់ថា៖«ដើម្បីផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការឆ្លង និងការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមមនុស្សវ័យពី ១៥ ដល់ ២៤ឆ្នាំ គប្បីលើកទឹកចិត្តដល់ក្រុមបុរសរួមភេទជាមួយបុរស ដែលបានរកឃើញមានការឆ្លងមេរោគអេដស៍ថ្មី ឱ្យពួកគេមានសេចក្តីសង្ឃឹមថា ការប្រើប្រាស់ថ្នាំព្យាបាលមេរោគអេដស៍ ត្រឹមត្រូវជាប់លាប់ គឺជាវិធានការណ៍បង្ការមិនឱ្យមេរោគអេដស៍ បន្តចម្លងទៅមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយពួកគេមានសុខភាពល្អដូចមនុស្សដែលរស់នៅក្បែរពួកគេ»។ 
 
ប្រធានអង្គការរូបនេះ បានលើកឡើងថា ការគាំទ្រ និងមិនរើសអើងចំពោះពួកគេ ជាមធ្យោបាយជំរុញ ឱ្យក្រុមបុរសរួមភេទជាមួយបុរស ឆាប់ទទួលបានការអប់រំ ការផ្តល់ប្រឹក្សា និងការធ្វើតេស្តឈាមទាន់ពេល ហើយទទួលបានការព្យាបាលភ្លាមៗ ក្នុងពេលលទ្ឋផលបញ្ជាក់ថា ពួកគេមានផ្ទុកមេរោគអេដស៍។ 
 
លោក ជួប សុខចំរើន បានបន្ថែមថា ការគាំទ្រ និងមិនរើសអើងនេះ គឺជាថ្នាំដ៏សក្តិសិទ្ធសម្រាប់ពួកគេ ទទួលបានសេវាថែទាំបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ដែលរួមមាន ស្រោមអនាម័យ ទឹករំអិល ការធ្វើតេស្តដោយខ្លួនឯង ការព្យាបាល និងថែទាំជំងឺកាមេរោគ និងការលេបថ្នាំបង្ការមុនការប្រឈមជាដើម។
 
សូមជម្រាបថា កម្ពុជាគ្មានការហាមឃាត់ចំណងស្នេហ៍ភេទដូចគ្នា ឬក៏ដាក់ច្បាប់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ។ ប៉ុន្តែសម្តេចបានទទូចឱ្យមានការយកចិត្តទុកការពារ និងទប់ស្កាត់ជំងឺអេដស៍។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមិថុនា។ 
 
ប្រមុខរដ្ឋាភិបាល បានលើកឡើងថា ការយកគ្នាជាដៃគូ ត្រូវមានវិធានការការពារខ្លួន ព្រោះកូវីដ-១៩ មានថ្នាំព្យាបាល ប៉ុន្តែជំងឺអេដស៍មិនមានថ្នាំព្យាបាលនោះឡើយ ។ ប៉ុន្តែបើក្នុងករណីសង្ស័យ សម្តេចសំណូមពរឱ្យពលរដ្ឋទៅធ្វើតេស្តបន្ទាន់ ដើម្បីទទួលសេវាថែទាំសុខភាព ហើយក៏មិនត្រូវមានការរើងអើងនៅស្ថាប័នការងារនោះដែរ៕
 
 

Tag:
 (ជាតិ
 បុរសរួមភេទជាមួយបុរស
 ជំងឺអេដស៍)
© រក្សាសិទ្ធិដោយ thmeythmey.com