ជាតិ
សុខភាព
សម្តេច ហ៊ុន សែន បន្តក្រើនរំលឹកលើការទប់ស្កាត់ជំងឺអេដស៍ ពិសេសក្នុងចំណោមប្រុសស្រឡាញ់ប្រុស
27, Jun 2023 , 9:49 am        
រូបភាព
ដោយ: រួបរួម
សារជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាល បានបន្តក្រើនរំលឹកលើវិធានការទប់ស្កាត់ជំងឺអេដស៍ ដែលមានអត្រាកើនឡើងដ៏គួរឱ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ។

 
«សូមបញ្ជាក់ថា ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជាទេ»។ សម្តេច ហ៊ុន សែន បានរំលឹកបែបនេះ នាជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត២ម៉ឺននាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ដូចទៅនឹងអ្វីដែលសម្តេចបានមានប្រសាសន៍នាជំនួបជាមួយកម្មករ និយោជិតនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីបីថ្ងៃមុនផងដែរ។
 
របាយការណ៍បានបង្ហាញថា អត្រាឆ្លងជំងឺអេដស៍ក្នុងឆ្នាំ២០២២ មានឡើងដល់១៤០០នាក់ ដោយកើនរហូតដល់៣០០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ បើតាមសម្តេច អត្រាកំណើនដែលកើនឡើងគួរឱ្យកត់សម្គាល់ និងគួរឱ្យព្រួយបារម្ភនោះ គឺក្នុងចំណោមបុរសស្រឡាញ់បុរស។
 
«ចុះស្រីស្រឡាញ់ស្រី មានចំនួនច្រើនដែរឬទេ?»។ សម្តេចបានងាកទៅសួរលោក អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោក អៀង មូលី បានឆ្លើយតបទៅសម្តេចវិញថា មិនមានចំនួនច្រើននោះទេ។
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានការហាមឃាត់ចំណងស្នេហ៍ភេទដូចគ្នា ឬក៏ដាក់ច្បាប់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានោះដែរ ពោលគឺកម្ពុជាមិនមានការរើសអើងនោះឡើយ ប៉ុន្តែសម្តេចបានទទូចឱ្យមានការយកចិត្តទុកការពារ និងទប់ស្កាត់ជំងឺអេដស៍។
 
ប្រមុខរដ្ឋាភិបាល បានលើកឡើងថា ការយកគ្នាជាដៃគូ ត្រូវមានវិធានការការពារខ្លួន ព្រោះកូវីដ-១៩ មានថ្នាំព្យាបាល ប៉ុន្តែជំងឺអេដស៍មិនមានថ្នាំព្យាបាលនោះឡើយ ប៉ុន្តែបើក្នុងករណីសង្ស័យ សម្តេចសំណូមពរឱ្យពលរដ្ឋទៅធ្វើតេស្តបន្ទាន់ដើម្បីទទួលសេវាថែទាំសុខភាព ហើយក៏មិនត្រូវមានការរើងអើងនៅស្ថាប័នការងារនោះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com