សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកជំនួញថៃម្នាក់ ត្រូវកាត់ទោសឱ្យជាប់គុក១១៥៥ឆ្នាំពីបទបោកប្រាស់តាមអ៊ីនធឺណិត
03, Jul 2023 , 9:30 pm        
រូបភាព
តុលាការព្រហ្មទណ្ឌថៃ ។ រូបភាព ៖ AFP ។
តុលាការព្រហ្មទណ្ឌថៃ ។ រូបភាព ៖ AFP ។
នៅថ្ងៃទី៣ ខែកក្កដា តុលាការព្រហ្មទណ្ឌថៃ​បានកាត់ទោសអតីតពាណិជ្ជករលោក Prsit Jeowkok វ័យ ៥២ឆ្នាំ ឱ្យជាប់ពន្ធនាគារសរុបចំនួន១១៥៥ឆ្នាំ ពីបទឆបោកការវិនិយោគតាមអ៊ីនធឺណិត ហើយបង្គាប់ឱ្យបង់ប្រាក់សំណងសរុប ១ពាន់លានបាត (២៨,៤០លានដុល្លារ) ដល់ជនរងគ្រោះ។

 
 
តុលាការបានរកឃើញថា លោក Prasit ដែលមានដើមកំណើតនៅខេត្ត Krabi និងចុងជាប់ចោទពីរនាក់ទៀត កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ បានទាក់ទាញមនុស្សជាច្រើនតាមអ៊ីនធឺណិតឱ្យមកបណ្តាក់ទុនក្នុងអាជីវកម្មរបស់ខ្លួន ទាក់ទងនឹងកញ្ចប់សេវាកម្មទេសចរណ៍ និងការដាក់ជួលផលិតផលប្រណីតៗ។ ពួកគេបានសន្យានឹងផ្តល់នូវផលចំណេញខ្ពស់បន្ទាប់ពីចូលរួមវិនិយោគ។ 
 
តុលាការបានរកឃើញទៀតថា ពួកគេមានទោសពីបទក្លែងបន្លំសាធារណៈ និងឱក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ។ តុលាការបានសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១១៥៥ឆ្នាំ នៃចំនួនបទល្មើសសរុប៣២១ករណី។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់បានកំណត់ទោសជាក់ស្តែងមានត្រឹមតែរយៈពេល ២០ឆ្នាំប៉ុណ្ណោះ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ នាថ្ងៃទី ០៣ ខែមិថុនា​។ 
 
លោក Prasit បានបង្ហាញខ្លួនកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២១ ហើយបានឃុំខ្លួននៅពន្ធនាគារកណ្តាល Bang Kwang ក្នុងខេត្ត Nonthaburi។ លោកបានព្យាយាមរត់គេចខ្លួនពីតុលាការព្រហ្មទណ្ឌកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំមុន៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com