អន្តរជាតិ
ចិន​-​ថៃ ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​
03, Jul 2023 , 10:30 pm        
រូបភាព
ក្រសួងការពារជាតិចិននៅថ្ងៃទី២ ខែកក្កដា ប្រកាសថា កងកម្លាំងអាកាសចិន និងថៃ នឹងធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយនៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai ក្នុងប្រទេសថៃដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ។ សមយុទ្ធ គ្រោងធ្វើនៅខែកក្កដានេះ។


កងកម្លាំងអាកាសចិន និងថៃ តែងបានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំលើវិស័យទ័ពអាកាស។ សមយុទ្ធ​​ទ័ពអាកាស​រួមគ្នារវាងថៃ និងចិន បានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុនបន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ-១៩។ 
 
នៅថ្ងៃទី២ ខែកក្កដា ក្រសួងការពារជាតិចិនក៏បានលើកឡើងថា ចិននិងថៃ នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាថ្មីក្នុងខែកក្កដានេះ។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិនក៏បានគូសបញ្ជាក់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រជាជាតិទាំងពីរ និងបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមផងដែរ។
 
​សមយុទ្ធ​​ទ័ពអាកាស​រួមគ្នានេះ មានសារសំខាន់ជាយុទ្ធសាស្ត្រយ៉ាងខ្លាំង ស្របពេលចិនកំពុងព្យាយាមពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ ឯថៃដែលជាតួអង្គសំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ក៏មានមានគោលបំណងចង់បង្កើនសមត្ថភាពការពាររបស់ខ្លួនផងដែរ។ សមយុទ្ធនេះ ក៏ជាវេទិកាដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូការពារជាតិកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរបច្ចេកវិទ្យាយោធា និងពង្រឹងការត្រៀមខ្លួនក្នុងការធ្វើប្រតិបត្តិការរួមគ្នា។ 
 
បើតាមចិន សមយុទ្ធយោធារួមគ្នានេះ នឹងលើកកម្ពស់អន្តរប្រតិបត្តិការកាន់តែច្រើន និងពង្រឹងជំនាញនៃកងកម្លាំងអាកាសរបស់ចិននឹងថៃ។ កងកម្លាំងទាំងពីរ នឹងហ្វឹកហ្វឺនលើស្ថានភាពផ្សេងៗដូចជាការប្រយុទ្ធតាមផ្លូវអាកាស ការវាយប្រហារពីអាកាសទៅដី និងបេសកកម្មរួមគ្នាមួយចំនួនទៀត។ តាមរយៈការចូលរួមក្នុងសកម្មភាពទាំងនេះ អ្នកបើកយន្តហោះចម្បាំងប្រទេសទាំងពីរ នឹងមានឱកាសពង្រឹងជំនាញរបស់ពួកគេ រៀនពីបទពិសោធទៅវិញទៅមក និងបណ្តុះស្មារតីនៃមិត្តភាព និងការងារជាក្រុម។
 
បើតាមក្រសួងការបរទេសចិន សមយុទ្ធ​​ទ័ពអាកាស​រួមគ្នារវាងកងទ័ពអាកាសចិន និងថៃ ក៏នឹងផ្ដល់ផលប្រយោជន៍លើសពីផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរទៀតផង។ សមយុទ្ធនេះនឹងដើរតួជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ចិន និង​ថៃ មាន​គោលបំណង​កសាង​ទំនុកចិត្ត កែលម្អ​បណ្តាញ​ទំនាក់ទំនង និង​ជំរុញ​បរិយាកាស​សន្តិសុខ​ស្ថិរភាព និង​សន្តិភាពក្នុងតំបន់។ នេះបើតាមក្រសួងការបរទេសចិន។ 
 
លើសពីនេះ សមយុទ្ធរួមគ្នានេះ បានបង្ហាញពីភាពជាដៃគូការពារជាតិកាន់តែស៊ីជម្រៅថែមទៀត ហើយនឹងបម្រើជាសក្ខីភាពនៃទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងកងទ័ពអាកាសចិន និងថៃ ក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងនាពេលអនាគតផងដែរ។ 
គួរបញ្ជាក់ថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នា ដែលមានឈ្មោះថា Falcon Strike ២០២៣ ជាសមយុទ្ធលើកទី៦ហើយ ដែលភាគីទាំងពីរបានធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា៕

Tag:
 (ចិន
  ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com