អន្តរជាតិ
បណ្ដាអភិបាលក្រុងនៅបារាំង ប្រមូលផ្ដុំដើម្បីទាមទារឱ្យបញ្ចប់ការតវ៉ាហិង្សា
04, Jul 2023 , 10:26 am        
រូបភាព
អភិបាលក្រុងនៅទូទាំងបារាំង នៅថ្ងៃទី៣ ខែកក្កដា រៀបចំការប្រមូលផ្ដុំនៅតាមតំបន់រៀងៗខ្លួនដើម្បីទាមទារឱ្យបញ្ចប់ការតវ៉ាហិង្សាដែលផ្ដើមចេញពីការបាញ់សម្លាប់យុវជនវ័យ១៧ឆ្នាំម្នាក់ក្រោមស្នាដៃប៉ូលិស។

 
រដ្ឋាភិបាលបារាំង ប្រទះការតវ៉ាដែលក្លាយជាកុបកម្មបន្ទាប់ពីការបាញ់សម្លាប់យុវជន១៧ឆ្នាំម្នាក់ឈ្មោះ Nahel M. កាលពីសប្ដាហ៍មុន នៅទីប្រជុំជនក្នុងទីក្រុងប៉ារីស។ ការបាញ់សម្លាប់មនុស្ស រុញច្រានទៅជាអុកឡុកលួចសម្ភារតាមហាងទំនិញ និងការតវ៉ាដ៏ខ្លាំងក្លាមួយរវាងអ្នកតវ៉ាដែលមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកជាការរើសអើងពីសំណាក់អាជ្ញាធរ។
 
ការប្រមូលផ្ដុំពីសំណាក់ចៅហ្វាយក្រុងទូទាំងបារាំង មានគោលដៅស្នើឱ្យវិលទៅរកសណ្ដាប់ធ្នាប់ឡើងវិញ។ លោក Vincent Jeanbrun ចៅហ្វាយក្រុង L'Hay-les-Roses ដែលផ្ទះរបស់លោកត្រូវបានអ្នកតវ៉ាបើកឡាវបំបុកកាលពីថ្ងៃទី២ ខែកក្កដា និយាយពេលជួបជុំថា ប្រជាធិបតេយ្យត្រូវបានវាយប្រហារ ដែលរឿងនេះមិនអាចបន្តបានឡើយ។
 
ការតវ៉ាដែលឈានដល់ថ្ងៃទី៦ បានថមថយឥទ្ធិពលបន្តិច បន្ទាប់ពីអុកឡុកទីក្រុងនានាជាច្រើន ដែលជំរុញឱ្យរដ្ឋាភិបាលបារាំងពង្រាយប៉ូលិស និងកម្លាំងសន្តិសុខជាង៤ម៉ឺននាក់។ នាយករដ្ឋមន្រ្តីបារាំង Elisabeth Borne បញ្ជាក់ថា​ ប៉ូលិស និងអាវុធហត្ថផង នឹងបន្តពង្រាយដល់ថ្ងៃទី៤ ខែកក្កដាទៀតដើម្បីធានាសណ្ដាប់ធ្នាប់។
 
អំឡុងការតវ៉ានេះ អាជ្ញាធរបារាំងចាប់ខ្លួនមនុស្សជាង៣៩០០នាក់ ដែលមនុស្សមិនទាន់គ្រប់អាយុជាង១៤០០នាក់ផង៕
 

Tag:
 (បារាំង)
© រក្សាសិទ្ធិដោយ thmeythmey.com