អន្តរជាតិ
លោក វ៉ាង យី ជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង​ជាមួយជប៉ុននិងកូរ៉េខាងត្បូងដែលស្និទ្ធអាម៉េរិក
04, Jul 2023 , 9:30 pm        
រូបភាព
អ្នកការទូតកំពូលរបស់ចិន វ៉ាង យី នាថ្ងៃទី៣ ខែកក្កដា បានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាង ចិន ជប៉ុន និងកូរ៉េខាងត្បូង។ បើតាមលោក វ៉ាង ប្រទេសទាំង៣ ត្រូវបញ្ជូន​សញ្ញា​ច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការ និងការទប់ទល់នឹងការបង្ខិតបង្ខំ ការសម្លុត និង​ការ​ត្រួត​ត្រារ​បស់អាម៉េរិក។

 
ខណៈ​អាម៉េរិក​រឹតចំណង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ជប៉ុននិង​កូរ៉េ​ខាង​ត្បូងដើម្បី​រុញ​​ប្រឆាំង​នឹង​ឥទ្ធិពលចិន​ក្នុង​តំបន់​ដែល​កំពុង​កើន​ឡើង អ្នកការទូតចិន លោក វ៉ាង យី បានជំរុញ​ការពង្រឹងទំនាក់ទំនងជាមួយជប៉ុន និងកូរ៉េខាងត្បូងផងដែរ ។
 
«លោក វ៉ាង បានអំពាវនាវឱ្យប្រទេសទាំង៣ ពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ រក្សាឯកភាព និង​ស្ថិរភាព​ក្នុងតំបន់ទប់ទល់នឹងការវិលត្រឡប់មកវិញនៃចិត្តគំនិតនៃសង្រ្គាមត្រជាក់ និង​រួចផុតពី​ការបង្ខិតបង្ខំ ការគំរាមកំហែង និងការត្រួតត្រា»។ សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសចិនស្រង់សម្ដីលោក វ៉ាង ដែលថ្លែងក្នុងវេទិកាមួយរៀបចំដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការត្រីភាគី​ដែល​ជា​ស្ថាប័ន​មួយ​ដែលត្រូវបានបង្កើតដោយក្រុងប៉េកាំង សេអ៊ូល និងតូក្យូ។ 
 
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន និងរដ្ឋមន្ត្រីការបរទេសជប៉ុន Hayashi Yoshimasa ចូល​រួម​ព្រឹត្តិការណ៍នេះតាមរយៈប្រព័ន្ធអនឡាញ។
 
លោក វ៉ាង ដែលជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនីស្តចិន បាន​ព្រមានថា ប្រសិនបើនិន្នាការរបស់អាម៉េរិកនេះត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍទៅមុខនោះ នឹង​មិន​ត្រឹមតែមានការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ដំណើរការរលូននៃកិច្ចសហប្រតិបត្តិការត្រីភាគីប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នានៅក្នុងតំបន់។ លោកបាន​សង្កត់ធ្ងន់​លើ​តម្រូវ​ការក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយប្រឆាំងនឹង​ពាក្យសម្ដី ឬទង្វើដែលអាចធ្វើឱ្យតំបន់ធ្លាក់ចូលទៅក្នុងសង្គ្រាម។
 
នៅក្នុងព្រឹត្តិការណ៍នៅទីក្រុង Qingdao លោក វ៉ាង ក៏បានអំពាវនាវឱ្យមាន​ការ​ពន្លឿន​កិច្ចពិភាក្សា​ស្តី​ពី​តំបន់ពាណិជ្ជកម្មសេរីក្នុងចំណោមប្រទេសជិតខាង។ ឆ្លៀតពេលនេះ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បាន​រំលឹកឡើងវិញពីការប្រឆាំងរបស់ទីក្រុងប៉េកាំងចំពោះផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកទៅក្នុង​សមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរ Tokyo Electric Power ដោយលើកឡើងពីផលប៉ះពាល់ដល់​ប្រព័ន្ធអេកូឡូស៊ី​សមុទ្រ និងសុវត្ថិភាពរបស់មនុស្ស៕
 

Tag:
 (ចិន
  កូរ៉េខាងត្បូង
  ជប៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com