ជាតិ
ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និង​ភរិយា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយរបួស​ដៃ​និង​ទ្រូង
04, Jul 2023 , 5:00 pm        
រូបភាព
រូបពីហ្វេសប៊ុក Sabayna Sok
រូបពីហ្វេសប៊ុក Sabayna Sok
ភ្នំពេញ​៖ ព្រឹទ្ធាចារ្យ ព្រឿង​ ឈៀង និង​ភរិយា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​យប់​ថ្ងៃ​ទី​៣​ ខែ​កក្កដា ឆ្នាំ​២០២៣​ វេលាម៉ោង​ប្រមាណ​៩​យប់ នៅ​ម្ដុំ​រោង​ចក្រ​ស្រាបៀ​ថៃហ្គ័រ​។ ព្រឹទ្ធាចារ្យ​ ព្រឿង ឈៀង​ រងរបួស​ស្រាល ចំ​ដើម​ទ្រូង​ ដោយ​ប៉ះ​ជា​មួយ​ចង្កូត​ឡាន​។ ចំណែក​ព្រឹទ្ធាចារ្យ រស់ យ៉ារ៉ាន់ ដែល​ត្រូវ​ជា​ភរិយា រង​របួស​ហើម​សួត​ និង​បាក់​កដៃ​ស្ដាំ​។



ព្រឹទ្ធាចារ្យ រស់ យ៉ារ៉ាន់ បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​តាម​ទូរសព្ទ​ថា ព្រឹទ្ធាចារ្យ​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​ ក្រោយ​ពី​ត្រឡប់​មក​ពី​ពិធី​មង្គល​ការ​ កូន​របស់​លោកស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៅ​ម្ដុំ​ព្រែក​ហូរ​។ 
 
ព្រឹទ្ធាចារ្យ​បាន​រៀប​រាប់​ថា ឡាន​របស់​ព្រឹទ្ធាចារ្យ​ បើ​ក​បរ​បញ្ច្រាសទិស​គ្នា​ជា​មួយ​ឡាន​បង្ក​ហេតុ​ ដោយ​ឡាន​ព្រឹទ្ធាចារ្យ​បើក​តម្រង់​ទៅ​​ផ្លូវ​ជាតិ​លេខ​១​។ ព្រឹទ្ធាចារ្យ​រៀបរាប់ថា ឡាន​ដែល​បើ​ក​បញ្ច្រាស​ទិស​គ្នា​នោះ បើក​​បរ​លើ​គន្លង​កណ្ដាល​ទ្រូង​ផ្លូវ​។ ឡាន​នោះ​បើក​គេ​ច​ទឹក​ ដែល​ដក់​នៅ​​លើ​ផ្លូវ​ ទើបបណ្ដាល​ឱ្យ​មក​ប៉ះ​នឹង​ឡាន​ព្រឹទ្ធាចារ្យ​តែ​ម្ដង​។
 
ព្រឹទ្ធាចារ្យ រស់ យ៉ារ៉ាន់ ពន្យល់​បន្ថែម​៖«​យើង​បើក​ខាង​ស្ដាំ​ គេ​បើក​ខាងឆ្វេង។ គេ​បើក​កណ្ដាល​ផ្លូវ ហើយ​គេ​បើក​គេច​ទឹក​ដក់​លើ​ផ្លូវ​ ក៏​មក​ប៉ះ​យើង​។ គេ​ប្រាប់​ថា​ខាង​គេ​របួស​បាក់​ដៃ​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​ឡាន​គេ​មាន​ពោង​សុវត្ថិភាព តែ​ឡាន​ខ្ញុំ​ចាស់ មិន​មាន​ពោង​សុវត្ថិភាព​ទេ​។ សុំ​ឱ្យ​អ្នក​បើក​បរ​ឡាន​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​»។
 
ព្រឹទ្ធាចារ្យ​ រស់​ យ៉ារ៉ាន់ រួម​ទាំង​ព្រឹទ្ធាចារ្យ​ ព្រឿង ឈៀង ត្រូវ​នៅសម្រាក​ព្យាបាល​​​ក្នុង​ពន្ទីរ​ពេទ្យ​៣​ថ្ងៃ ដើម្បី​តាម​ដាន​អាការៈ​។ ប្រសិន​ស្ថាន​ភាព​ល្អ​ប្រសើរ ទើប​គ្រូ​ពេទ្យ អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ​។ 
 
សូមបញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ ព្រឹទ្ធាចារ្យ​ ព្រឿង ឈៀង បាន​សុំ​ឱ្យ​ភាគី​ម្ខាង​ទៀត​ សង​ថ្លៃ​ខូច​ខាត​ចំនួន​១,៥០០​ដុល្លារ​ សម្រាប់​ការ​ខូច​ខាត​។ ប៉ុន្តែ​ជាក់​ស្ដែង ឡាន​របស់​ព្រឹទ្ធាចារ្យ ជួស​ជុល​អស់​ប្រាក់ ៣,០០០​ដុល្លារ​ ដោយ​ពុំ​ទាន់​គិត​ថ្លៃព្យាបាល​ខ្លួន ​របស់​ព្រឹទ្ធាចារ្យ​ទាំង​ពីរ​ឡើយ​។
 
ព្រឹទ្ធាចារ្យ​​ រស់ យ៉ារ៉ាន់ បញ្ជាក់​ថា សព្វ​ដង​កូន​ប្រុស​របស់ព្រឹទ្ធាចារ្យ​ គឺ​ជា​អ្នក​បើក​បរ​ឡាន​។ ក៏​ប៉ុន្តែ​លើក​នេះ ​កូន​របស់​ព្រឹទ្ធាចារ្យ​ ​មិន​បាន​ទៅ​ជា​មួយ​ ទើប​តម្រូវ​ឱ្យ​ព្រឹទ្ធាចារ្យ ព្រឿង ឈៀង​ បើក​ឡាន​ដោយ​ខ្លួន​ឯង​៕

Tag:
 គ្រោះ​ថ្នាក់​ចរាចរ
  ព្រឹទ្ធាចារ្យ
  ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com