អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសហុងកុងចាប់មនុស្ស៤នាក់ ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ
06, Jul 2023 , 11:59 am        
រូបភាព
ប៉ូលិសហុងកុងកំពុងឆែកឆេរផ្ទះ និងការិយាល័យរបស់អ្នកជាប់ឃុំដកហូតឯកសារពាក់ព័ន្ធមួយចំនួន និងឧបករណ៍ទំនាក់ទំនងអេឡិចត្រូនិច។ រូបភាព ៖ AFP ។
ប៉ូលិសហុងកុងកំពុងឆែកឆេរផ្ទះ និងការិយាល័យរបស់អ្នកជាប់ឃុំដកហូតឯកសារពាក់ព័ន្ធមួយចំនួន និងឧបករណ៍ទំនាក់ទំនងអេឡិចត្រូនិច។ រូបភាព ៖ AFP ។
នៅថ្ងៃទី៥ខែកក្កដា ប៉ូលិសហុងកុងបានចាប់ខ្លួនបុរសបួននាក់ ដោយចោទប្រកាន់ថាបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រជាជនដែលបានភៀសខ្លួនទៅក្រៅប្រទេស និងពាក់ព័ន្ធជាមួយសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិហុងកុង។

ការចាប់ខ្លួនបុរសបួននាក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមានការចេញដីកា និងផ្តល់ប្រាក់រង្វាន់សម្រាប់ការតាមចាប់សកម្មជនគាំទ្រប្រជាធិបតេយ្យហុងកុង ដែលកំពុងគេចខ្លួននៅក្រៅប្រទេស។
 
ប៉ូលិសបាននិយាយថា ពួកគេទាំងបួននាក់នេះ ត្រូវបានសង្ស័យថាបានប្រើប្រាស់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទ ដើម្បីទទួលមូលនិធិនានា ហើយបន្ទាប់មកពួកគេផ្តល់ទៅឱ្យប្រជាជននៅក្រៅប្រទេស។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងបួននាក់ ឬមនុស្សដែលពួកគេបានគាំទ្រនោះទេ។
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងកាសែត South China Morning Post បាននិយាយថា អ្នកទាំងបួនគឺជាអតីតសមាជិកនៃគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ Demosisto សហស្ថាបនិក Nathan Law ដែលជាសកម្មជនគាំទ្រប្រជាធិបតេយ្យបច្ចុប្បន្នមានមូលដ្ឋាននៅអង់គ្លេស។ 
 
 
កាលពីថ្ងៃទី៣ ខែកក្កដា ប៉ូលិសហុងកុងបានចោទប្រកាន់សកម្មជននៅក្រៅប្រទេសចំនួនប្រាំបីនាក់ពីបទបំពានច្បាប់សន្តិសុខជាតិដ៏ធ្ងន់ធ្ងររបស់ហុងកុង និងបានផ្តល់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៧ ៦០០ដុល្លារ) សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនពួកគេម្នាក់ៗ។ 
 
មេដឹកនាំហុងកុងលោក John Lee បាននិយាយថា អ្នកទាំងប្រាំបីនាក់ដែលរស់នៅអាម៉េរិក អង់គ្លេស កាណាដា និងអូស្ត្រាលី នឹងត្រូវតាមចាប់ខ្លួនអស់មួយជីវិត ហើយអ្នកណាម្នាក់ រួមទាំងមិត្តភក្តិ សាច់ញាតិរបស់ពួកគេ ដែលផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនរបស់ពួកគេនឹងមានសិទ្ធិទទួលបានរង្វាន់។
 
 
ចំណាត់ការរបស់ប៉ូលិសកាលពីថ្ងៃទី៣ ខែកក្កដា បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលលោកខាងលិច ជុំវិញការអនុវត្តច្បាប់សន្តិសុខដែលដាក់ដោយទីក្រុងប៉េកាំង បន្ទាប់ពីមានចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំនៅទីក្រុងហុងកុងក្នុងឆ្នាំ ២០១៩ ។
 
មនុស្សជាង ២៦០នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខ រួមទាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់ៗផងដែរ៕
 

Tag:
 ហុងកុង
  ចិន​
  សន្តិសុខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com