កីឡាជាតិ
ជាតិ
អបអរ! ម្ចាស់មេដាយមាស៣ លី បូរ៉ាមី និងមេដាយមាស៣ប្រាក់១សំរឹទ្ធ១ ពៅ សុខា ចូលរោងការថ្ងៃនេះ
06, Jul 2023 , 1:59 pm        
រូបភាព
ពៅ សុខា ថតជាមួយ លី បូរ៉ាមី អង្គុយកៅអី រូបពីហ្វេសប៊ុក ពៅ សុខា
ពៅ សុខា ថតជាមួយ លី បូរ៉ាមី អង្គុយកៅអី រូបពីហ្វេសប៊ុក ពៅ សុខា
កីឡាករ លី បូរ៉ាមី ម្ចាស់មេដាយមាស៣ លើប្រភេទកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានរៀបអាពាហ៍ពិពាហ៍ ជាមួយកីឡាការិនី ពៅ សុខា ម្ចាស់មេដាយមាស៣ ប្រាក់១ និងសំរិទ្ធ១ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ចាប់ដៃគ្នាចូលរោងជ័យ បន្ទាប់ពីកូនកំលោះកូនក្រមុំទាំងពីរ ជាអត្តពលិកលេចធ្លោក្នុងការដណ្តើមមេដាយ ដោយក្នុងនោះសរុបមេដាយរបស់បូរ៉ាមី និងសុខា មានចំនួនដល់ទៅ៨ មាស៦ ប្រាក់១ និងសំរឹទ្ធ១។
 
កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស ៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសា សម្ដែងឯកត្ដជនបុរស Five Gate Form, Sun-Moon Broadsword Form និងវិញ្ញាសាសម្ដែងជាក្រុម៤នាក់ Ying-Yang Sword 4x។
 
កីឡាការិនី ពៅ សុខា ឈ្នះមេដាយមាស៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ប្រភេទកីឡាវ៉ូវីណាម លើប្រភេទវិញ្ញាសា Pair Sword Form, Ying-Yang Sword Form 4x និង Basic self-defense។ កីឡាការិនីរូបនេះ ក៏ដណ្ដើមបានមេដាយប្រាក់ ១លើវិញ្ញាសា Ying-Yang Sword Form និងមេដាយសំរិទ្ធ១ វិញ្ញាសា Dual Form ផងដែរ។
 
តាមរយៈការទទួលបានមេដាយមាសចំនួន៣ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាករវ៉ូវីណាម លី បូរ៉ាមី ទទួលបានប្រាក់រង្វាន់ពីរដ្ឋាភិបាល ចំនួន ១២០លានរៀល ស្របពេល កីឡាការិនី ពៅ សុខា ទទួលបាន ១៦៦លានរៀល។
 
ក្រោយបញ្ចប់ស៊ីហ្គេមជាប្រវត្តិសាស្ត្រនៅកម្ពុជា កីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនជាងគេក្នុងចំណោមប្រភេទកីឡាករទាំងអស់របស់ម្ចាស់ផ្ទះកម្ពុជាក្នុងចំនួន១៩៦០០០ដុរល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឈ្នះមេដាយសរុប២៧ ក្នុងនោះ មាស១០ ប្រាក់៨ និងសំរឹទ្ធ៩។ ប្រាក់រង្វាន់បានប្រគល់ជូនដល់អត្តពលិកទាំងអស់រួចរាល់ហើយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ពៅ សុខា
  លី បូរ៉ាមី
  វ៉ូវីណាម
© រក្សាសិទ្ធិដោយ thmeythmey.com