កីឡាអន្តរជាតិ
អន្តរជាតិ
លោក Enrique ក្លាយជាគ្រូ ​PSG ជាមួយកិច្ចសន្យា២ឆ្នាំ
06, Jul 2023 , 5:29 pm        
រូបភាព
ក្លិប Paris Saint Germain នៅថ្ងៃទី៥ ខែកក្កដា ប្រកាសតែងតាំងអតីតគ្រូ Barcelona និងអេស្ប៉ាញ លោក Luis Enrique ជាអ្នកចាត់ការក្រុមពីរដូវកាល ២០២៣-២៤ ដល់ឆ្នាំ ២០២៥។ ការប្រកាសតែងតាំងលោក Enrique ធ្វើឡើងក្នុងថ្ងៃតែមួយ នៅពេលក្លិបយក្សបារាំងបញ្ចប់តំណែងលោក ​Christophe Galtier។

លោក Gatlier ត្រូវបាន PSG បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមក្នុងរដូវកាល ២០២២​-២៣ ឈ្នះពានរង្វាន់ ​Ligue 1 ប៉ុន្តែក្រុមជើងខ្លាំងស្ថិតក្នុងលីគកំពូលបារាំង បានប្រកួតធ្លាក់ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដែលនេះជាសម្ពាធដ៏ធំមួយសម្រាប់អ្នកចាត់ការសញ្ជាតិបារាំង។ ​
  


សម្រាប់លោក Enrique អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានដឹកនាំក្រុម Barcelona ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលក្នុងរដូវកាល​ ២០១៤-១៥ ក្នុងនោះរួមមានពានរង្វាន់ UEFA Champions Leagueផង។ លោកក៏បានដឹកនាំអេស្ប៉ាញឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 ។ Enrique បានចុះចេញពីតំណែងគ្រូបង្វឹកអេស្ប៉ាញ បន្ទាប់ពីដឹកនាំក្រុមធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
 
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមកដឹកនាំក្រុម ​PSG ប៉ុន្តែមុនពេលមកកាន់តំណែងលោកមិនមានការដឹកនាំណាមួយឡើយបន្ទាប់ពីចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ។ 
លោក Enrique ទទួលបានកិច្ចសន្យារយៈពេល ២រដូវកាល ហើយការមកដឹកនាំក្រុម ​PSG គ្រូបង្វឹករូបនេះក៏នឹងត្រូវរងសម្ពាធអំពីការដឹកនាំក្រុមប្រជែងនៅក្នុងពានរង្វាន់ Champions League ដែលជាពានរង្វាន់តែមួយដែលក្លិបជើងខ្លាំងបារាំងត្រូវការបំផុតនារយៈពេលចុងក្រោយ។
 
«ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ខ្ញុំមិននិយាយបារាំងទេ ប៉ុន្តែខ្ញុំនឹងចាប់ផ្តើមរៀនពីវា។ ជាមួយសម្ពាធបែបនេះខ្ញុំពេញចិត្តខ្លាំងណាស់ ក្រុមរាប់សិបមានសុបិននេះដូចគ្នា ជួនកាលគ្រាន់តែក្រុមនោះមានបទពិសោធន៍ច្រើនជាងយើង។ Champions League គឺរិតតែមានភាពមិនស្មើគ្នា ព្រោះតែការប្រកួតតែមួយក្រុមអ្នកមានទម្រង់លេងមិនល្អ អ្នកនឹងធ្លាក់ចេញពីការប្រកួត តែគ្មានលេសឡើយសម្រាប់យើង។»។ លោក ​Enrique បាននិយាយបែបនេះប្រាប់ទៅអ្នកកាសែតក្រោយត្រូវបានតែងតាំងតំណែង៕
 
 
 
 
 
 

Tag:
 Luis Enrique
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com